ភ្នំពេញៈ ការប្រកួត​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​ភ្នំពេញ​លើក​ទី​៩ ឆ្នាំ​ ២០១៩ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​បាន​បញ្ចប់​ដោយ​ជោគជ័យ​ដោយ​មាន​អ្នកចូលរួម​យ៉ាង​ច្រើន ប៉ុន្តែ​សម្រាប់​តំណែង​ជើងឯក​លើ​វិញ្ញាសា​ពាក់កណ្តាល​ម៉ារ៉ាតុង​ចម្ងាយ​ ២១ ​គីឡូម៉ែត្រ​​​ គឺ​អត្តពលិក​មកពី​ប្រទេស​ជប៉ុន​បាន​ក្រសោប​យក​តំណែង​ជើងឯក​ទាំង​ផ្នែក​បុរស និង​នារី​តែ​ម្តង រីឯ​អត្តពលិក​កម្ពុជា​បាន​ទទួល​តំណែង​ជើងឯក​ក្នុង​ការរត់​ចម្ងាយ​ ១០ ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។

សម្រាប់​ការប្រកួត​ដែល​បាន​ចេញ​ដំណើរ​នៅ​ពី​ខាង​មុខ​ព្រះបរមរាជវាំង​ដោយ​ឆ្លងកាត់​ស្ពាន​ជ្រោយចង្វារ​ឆ្ពោះ​ទៅ​ត្រើយម្ខាង​ព័ន្ធ​ជុំវិញ​សណ្ឋាគារ​សុខា រួច​វិល​ត្រឡប់​មក​បញ្ចប់​ទី​នៅ​មុខ​ព្រះបរាជវាំង​វិញ​នោះ​មាន​អ្នក​ចូលរួម​រហូត​ដល់​ ៧ ០០០ ​នាក់ មកពី​ ៣៨ ​ប្រទេស​គឺ​លើស​កាលពី​ឆ្នាំ​មុន​ចំនួន​ ២០ ​ភាគរយ​។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ជា​អ្នក​គ្រប់គ្រង​ការប្រកួត​នេះ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ការប្រកួត​នៅ​ឆ្នាំ​នេះ យើង​ទទួល​បាន​ជោគជ័យ​ល្អ ព្រោះ​គ្មាន​បញ្ហា​អ្វី​កើតឡើង ហើយ​ចំនួន​អ្នក​ចូលរួម​មាន​ច្រើន​កុះករ​ជាង​មុន ធ្វើឲ្យ​យើង​ខ្វះ​មេដាយ​មួយ​ចំនួន​ក្នុង​ការចែក​ជូន​ដល់​ពួកគាត់​ទុក​ជា​អនុស្សាវរីយ៍ ដោយសារ​អ្នក​ទាំង​នោះ​បាន​មក​ចូលរួម​ក្រោយ​ការចុះ​ឈ្មោះ​ធ្វើឲ្យ​យើង​ផលិត​មេដាយ​មិនទាន់ ប៉ុន្តែ​ជាទូទៅ​យើង​ទទួល​បាន​លទ្ធផល​ល្អ​ជាង​ឆ្នាំ​មុនៗ​»​។

តាមរយៈ​ការប្រកួត​ប្រជែង​ដែល​ពោរពេញ​ដោយ​ការសប្បាយ​រីករាយ និង​ស្នាមញញឹម​នោះ​កីឡាករ​ជប៉ុន​អាយុ​ ៣២ ​ឆ្នាំ Makino Saeki បាន​បង្ហាញ​ការរត់​យ៉ាង​អត់ធ្មត់ ដើម្បី​សម្រេច​បាន​នៅ​ថិរវេលា​ត្រឹម​ ១:១០:២៧ ម៉ោង​ ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើងឯក​លើ​ការ​រត់​ចម្ងាយ​ ២១ ​គីឡូម៉ែត្រ​ គឺ​ដាច់​ឆ្ងាយ​ពី​កីឡាករ​ជប៉ុន​សញ្ជាតិ​កម្ពុជា​អាយុ​ ៤០ ​ឆ្នាំ Takizaki Kuniaki ដែល​ប្រើ​ពេល​ដល់ ១:១៦:២៦ ម៉ោង​ ដើម្បី​បាន​លេខ​ ២ ហើយ​លេខ​ ៣ ​បាន​ទៅ​កីឡាករ​វ័យ​ ៣០ ​ឆ្នាំ​របស់​ជប៉ុន Yamaucai Daisuke ដែល​ប្រើ​ពេល ១:១៩:០៣ ម៉ោង​។

ចំណែក​ការរត់​ចម្ងាយ​ ៤២ ​គីឡូម៉ែត្រ​ផ្នែក​នារី កីឡាការិនី​វ័យ​ ៣៦ ​ឆ្នាំ​ របស់​ជប៉ុន Sasaki Natsuko បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក​ដោយ​ប្រើ​ពេល ១:៤១:៤៧ ម៉ោង​ ហើយ​លេខ​ ២ បាន​ទៅ​លើ​កីឡាការិនី​វ័យ​ ៣៤ ​ឆ្នាំ​ របស់​អង់គ្លេស Giallombardo Harriet ដោយ​ប្រើ​ថិរវេលា ១:៥១:២៥ ម៉ោង ខណៈ​កីឡាការិនី​វ័យ​ ២៨ ​ឆ្នាំ​របស់​ហ្វីលីពីន Buhawe Kristine ចំណាយ​ពេល ២:០០:៣១ ម៉ោង ដើម្បី​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​ ៣​។

ដោយឡែក​សម្រាប់​ការរត់​ចម្ងាយ​ ១០ ​គីឡូម៉ែត្រ​ ផ្នែក​បុរស កីឡាករ វ៉ាន់ ភារ៉ា, ឈុត ប៊ុនថន និង ជា សម្ភស​ បាន​រត់ប្រណាំង​គ្នា​ដ៏គួរ​ចាប់​អារម្មណ៍ ដើម្បី​ដណ្តើម​បាន​ជយលាភី​ទាំង​ ៣ ​ចំណាត់ថ្នាក់​ជូន​កម្ពុជា​គឺ ភារ៉ា បាន​លេខ​ ១ ជាមួយ​ថិរវេលា ៣៧:២៥ នាទី ឯ ប៊ុនថន បាន​លេខ​ ២ ដោយ​ប្រើពេល ៣៩:១៩ ​នាទី និង សម្ភស​ បាន​លេខ​ ៣ ដោយ​ចំណាយពេល ៣៩:៣៩ ​នាទី​។

ចំណែក​កីឡាការិនី ហេង ម៉ីជូ របស់​កម្ពុជា​បាន​ចំណាយពេល​ជាង​ ៤៥ ​នាទី ដើម្បី​ទទួល​បាន​លេខ​ ១ លើ​ការរត់​ចម្ងាយ​ ១០ ​គីឡូម៉ែត្រ​ ផ្នែក​នារី​ដោយ​បាន​នាំមុខ​កីឡាការិនី​ជាប់​លេខ​ ២ Walker Brittany របស់​នូវែលសេឡង់ និង​ឈ្នះ​កីឡាការិនី​របស់​ជប៉ុន Fukuoka Fumie ដែល​បាន​លេខ​ ៣​។ រីឯ​ការរត់​បែប​កម្សាន្ត​ចម្ងាយ​ ៣ ​គីឡូម៉ែត្រ​ គឺ​អត្តពលិក​កម្ពុជា​បាន​ទទួល​ជយលាភី​ទាំង​ផ្នែក​បុរស និង​នារី ហើយ​ពិធី​បើក និង​បិទ​បំពាក់​មេដាយ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន NOCC ព្រម​ទាំង​មន្ត្រី​កីឡា ភាគី​ពាក់ព័ន្ធ​ជា​ដៃគូ​សហការ និង​តំណាង​ម្ចាស់​ឧបត្ថម្ភ​ជាច្រើន​នាក់​ទៀត​៕