ទីក្រុង​តូក្យូ៖ ប្រធាន​ក្រុម​ Michael Leitch នៃ​ជម្រើស​ជាតិ​ជប៉ុន​បាន​និយាយ​ពី​ថ្ងៃ​ពុធ​ថា រូប​គេ​បាន​​ហ្វឹកហាត់​នៅ​គ្រប់​កន្លែង​ ​ដើម្បី​ត្រៀម​​ទៅ​​ប្រកួត​បើក​ឆាក​បាល់​ឱប​ពិភព​លោក (Rugby World Cup) ជាមួយ​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី​នៅ​​ក្នុង​សប្ដាហ៍​នេះ​។​

កីឡាករ​បាល់​ឱប Leitch ដែល​ខកខាន​​ចូលរួម​ការ​ប្រកួត​​មួយ​ចំនួន​នៅ​ឆ្នាំ​នេះ​ដោយសារ​របួស​ក្រលៀន​នេះ​ត្រូវ​បាន​គ្រូ​បង្វឹក​ជប៉ុន​ លោក Jamie Joseph ​បញ្ចូល​ឈ្មោះ​របស់​គេ​នៅ​ក្នុង​​សមាជិក​ជម្រើស​ជាតិ​ជប៉ុន​សម្រាប់​ការ​ប្រកួត​ Pool A នៅ​ថ្ងៃ​សុក្រ​​សប្ដាហ៍​នេះ​ក្នុង ​ទីក្រុង​តូក្យូ​ប្រទេស​ ជប៉ុន​។​​​

ប៉ុន្តែ​កីឡាករ Leitch ព្រម​ទាំង​កីឡាករ​ជប៉ុន Yu Tamura និង Shota Horie ដែល​មាន​បទ​ពិសោធន៍​រួម​គ្នា​នោះ​បាន​​និយាយ​​ថា រូប​គេ​​សប្បាយ​ចិត្ត​​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចាប់​អារម្មណ៍​ចំពោះ​​ម្ចាស់​ផ្ទះ​​រៀបចំ​ការ​ប្រកួត​នេះ​។​

កីឡាករ​ Leitch បាន​ប្រាប់​សន្និសីទ​កាសែត​​ថា៖ «​នេះ​មិន​មែន​ជា​ការ​ប្រកួត​ធម្មតា​ទេ»។​​

កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា៖ «​ខ្ញុំ​ភ័យ​អរ​យ៉ាង​ខ្លាំង​ព្រោះ​ខ្ញុំ​តែងតែ​មាន​កំហុស​នៅ​ក្នុង​ការ​ហ្វឹកហាត់​​ ម្យ៉ាង​​ខ្ញុំ​តែងតែ​ខ្លាច​នៅ​ពេល​មាន​មនុស្ស​ និង​កាមេរ៉ា​ច្រើន​ ប៉ុន្តែ​ខ្ញុំ​មាន​មោទនភាព​ដែល​បាន​ចូល​រួម​ការ​ប្រកួត​ World Cup នេះ​ និង​ដែល​បាន​ធ្វើ​ជា​ប្រធាន​ក្រុម​បាល់​ឱប​​ជម្រើស​ជាតិ​ជប៉ុន​»។​ ​

កីឡាករ Leitch ដែល​បាន​ដឹកនាំ​ក្រុម​ជប៉ុន​ឲ្យ​បាន​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​អាហ្រ្វិក​ខាង​ត្បូង​នៅ​ក្នុង​លទ្ធផល ៣៤-៣២​ ក្នុង​ការ​ប្រកួត​បើក​ឆាក​នៅ​ឆ្នេរ​សមុទ្រ​ខាង​ត្បូង​ប្រទេស ​អង់គ្លេស ​កាល​ពី ​៤ ​ឆ្នាំ​មុន​នោះ​ បាន​ទាយ​ថា ក្រុម​ម្ចាស់​ផ្ទះ​នឹង​បង្កើត​ប្រវត្តិសាស្ត្រ​នៃ​ការ​បាន​ឡើង​ដល់​វគ្គ​ជម្រុះ​ជា​លើក​ដំបូង​។​

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ «​នៅ​ឆ្នាំ ​២០១៥​ គ្រប់​គ្នា​រំពឹង​ថា យើង​នឹង​ចាញ់​ សូម្បី​តែ​ប្រជាពលរដ្ឋ​ជប៉ុន​ក៏​គិត​បែប​នេះ​ដែរ​»។​

កីឡាករ Leitch បាន​បន្ថែម​ថា៖ «​ប៉ុន្តែ​នៅ​ពេល​យើង​បាន​ឈ្នះ​អាហ្វ្រិក​ខាង​ត្បូង​ គ្រប់​គ្នា​កំពុង​ផ្ដោត​លើ​ពួក​យើង​ ហើយ​ការ​ប្រកួត​បន្ទាប់​ជា​មួយ​ក្រុម​ស្កុតឡេន​ គឺ​មាន​មនុស្ស ​៣០ ​លាន​នាក់ ​បាន​ទស្សនា​តាម​ទូរទស្សន៍​ ហើយ​ទោះ​បីជា​យើង​ចាញ់​ ប៉ុន្តែ​ក្រុម​ជប៉ុន​ទទួល​​បាន​កម្លាំង​ចិត្ត​យ៉ាង​ខ្លាំង​​​»។​

កីឡាករ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​ពេល​នេះ​យើង​មាន​ឱកាស​ចូលរួម​ប្រកួត​សម្រាប់​ជប៉ុន​ម្ដង​ទៀត​។ យើង​បាន​ហ្វឹកហាត់​យ៉ាង​ល្អ​ និង​ត្រៀម​ខ្លួន​យ៉ាង​ល្អ​ ហើយ​នេះ​គឺ​ការ​ប្រកួត​ World Cup ដ៏​ល្អ​បំផុត​មិន​ធ្លាប់​មាន​សម្រាប់​ក្រុម​ជប៉ុន​»។

លោក Joseph ដែល​នឹង​មិន​ដាក់​ឲ្យ​ខ្សែ​ការពារ​ Kenki Fukuoka ចូល​លេង​នោះ​ បាន​និយាយ​ថា ក្រុម​ជប៉ុន​នឹង​មិនមែន​ជា​ក្រុម​ល្អ​បំផុត​នៅ​ថ្ងៃ​សុក្រ​នេះ​ទេ​ទោះ​ជា​មាន​គីឡូ​ធ្ងន់​ក៏​ដោយ​៕ AFP/SN