ក្រុង​ប៉ារីស៖ ជម្រើស​ជាតិ​អ៊ីតាលី​​បាន​ក្លាយ​ជា​ក្រុម​ទី ​២ ​ដែល​មាន​ឱកាស​លេង​នៅ​ព្រឹត្តិការណ៍​ Euro 2020 ក្រោយ​ពី​បាន​ឈ្នះ​ប្រទេស ​ក្រិក ​​ពី​ថ្ងៃ​សៅរ៍​ ខណៈ​ជម្រើស​ជាតិ​អេស្ប៉ាញ​ជា​​ម្ចាស់​ជើងឯក ​៣ ​ជំនាន់ ​បាន​កាត់​បន្ថយ​ឱកាស​ឡើង​ទៅ​ព្រឹត្តិការណ៍​នេះ ​នៅ​ការ​ប្រកួត​ចុង​ក្រោយ​​ដោយ​ធ្វើ​ឲ្យ​​​របូត​គ្រាប់​បាល់​ធ្វើ​ឲ្យ​ស្មើ​គ្នា​នឹង​ក្រុម​ជម្រើស​ជាតិ​ន័រវែស​។​​

ខ្សែ​បម្រើ Jorginho នៅ​​ក្លិប​ Chelsea រក​បាន​គ្រាប់​បាល់​បើក​ឆាក​ដោយ​ការ​ស៊ុត​បាល់​ពិន័យ ​១១ ​ម៉ែត្រ ​នៅ​តង់​ទី ​២ ​មុន​ពេល​កីឡាករ​ Federico Bernardesch បន្ថែម ​១ ​គ្រាប់​ទៀត ​សម្រាប់​ក្រុម​អ៊ីតាលី​ធ្វើ​ឲ្យ​ពួក​គេ​ឈ្នះ​ក្រុម​ក្រិក​ ២-០ និង​ឈ្នះ​ទាំង ​៧ ​ប្រកួត​ក្នុង​ពូល​ J។​

ក្រុម​របស់​លោក Roberto Mancini បាន​ចូលរួម​ក្រុម​បែលហ្ស៊ិក​ក្នុង​លទ្ធផល​ស្មើ​គ្នា​សម្រាប់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ឆ្នាំ​ក្រោយ​ជា​ទី​ដែល​ក្រុម​អ៊ីតាលី​នឹង​លេង​ក្នុង​ការ​ប្រកួត ​២ ​ក្រុម​ដំបូង ​​នៅ​កីឡដ្ឋាន​ Stadio Olimpico។

លោក Mancini គ្រូ​បង្វឹក​ជម្រើស​ជាតិ​អ៊ីតាលី​ដែល​ដឹកនាំ​រយៈពេល ១៨ ​ខែ​មក​នេះ​បាន​និយាយ​ថា៖ «​យើង​អាច​បង្កើត​ក្រុម​មួយ​ក្នុង​រយៈពេល​ខ្លី​​បាន ​ប៉ុន្តែ​វា​មិន​ងាយ​ស្រួល​ទេ ​ប៉ុន្តែ​យើង​ត្រូវ​អរគុណ​កីឡាករ​ដែល​បាន​យល់​ចិត្ត​គ្នា​»។

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «វា​ជា​ក្រុម​​មួយ​ដែល​មាន​ចរិត​​លក្ខណៈ​​ប្រយុទ្ធ​​ និង​​លេង​ជាមួយ​បាល់​ ប៉ុន្តែ​​ជា​ក្រុម​មួយ​ដែល​ត្រូវ​កែ​លម្អ​ទម្រង់​លេង​ផង​ដែរ​។ ឥឡូវ​នេះ​យើង​មាន​រយៈពេល ​១ ​ឆ្នាំ ​ដើម្បី​ព្យាយាម ​និង​ធ្វើ​ឲ្យ​​ប្រសើរ​ឡើង»​។

លោក Mancini បាន​បន្ថែម​ថា៖ «​យើង​មាន​ការងារ​ជា​ច្រើន ​ប៉ុន្តែ​យើង​មិន​ទាន់​ជា​​ក្រុម​អឺរ៉ុប​ល្អ​បំផុត​ទេ​ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ និង​មាន​មោទនភាព​ដែល​បាន​ជួយ​ជម្រើស​ជាតិ​ឲ្យ​ឆ្លង​ផុត​​ទីលាន​ដ៏​តឹងតែង​​នេះ​»។​

ទន្ទឹម​នេះ​ដែរ​ ជម្រើស​ជាតិ​អេស្ប៉ាញ​​បាន​ធ្លាក់​ពិន្ទុ​លើក​ដំបូង​ក្នុង​ពូល​ F ខណៈ​កីឡាករ​ Joshua King បាន​ស៊ុត​បាល់​ពិន័យ ​១១ ​ម៉ែត្រ ​យ៉ាង​ល្អ​ក្នុង​នាទី​ទី ​៩៤ ​ដើម្បី​ជួយ​ឲ្យ​ជម្រើស​ជាតិ​ន័រវែស ​តាម​ស្មើ​ពួក​គេ​ក្នុង​លទ្ធផល​ ១-១ ​ពី​ថ្ងៃ​សៅរ៍​។​

កីឡាករ​ Gergio Ramos បាន​បំបែក​កំណត់ត្រា​ក្នុង​ការ​បង្ហាញ​ខ្លួន​អន្តរជាតិ​សម្រាប់​ក្រុម​អេស្ប៉ាញ​ច្រើន​ជាង​គេ​បំផុត​រហូត​ដល់ ​១៦៨ ​លើក ​ដែល​វ៉ា​ដាច់​កីឡាករ​ Iker Casillas។​​

ក្រុម​ភ្ញៀវ​អេស្ប៉ាញ​​​បាន​នាំ​មុខ ​១ ​គ្រាប់​មុន​ទៅ​លើ​​ក្រុម​ម្ចាស់​ផ្ទះ​ន័រវែស​​ ខណៈ​​កីឡាករ​ Saul Niguez ស៊ុត​បាល់​ពី​ចម្ងាយ​ចូល​ទី​យ៉ាង​ល្អ​​ ​ប៉ុន្តែ​ក្រុម​អេស្ប៉ាញ​មិន​បាន​ឈ្នះ​ជាប់​គ្នា ​៧ ​លើក​នោះ​ទេ ​ដោយសារ​ក្រុម​ម្ចាស់​ផ្ទះ​បាន​តាម​ស្មើ​វិញ​ក្នុង​នាទី​ទី ​៩៤​។​

ប្រធាន​ក្រុម​អេស្ប៉ាញ​ Ramos បាន​និយាយ​ថា៖ «​វា​ពិត​ជា​ការ​ឈឺ​ចាប់​មួយ​ដែល​បាន​បាត់បង់​ពិន្ទុ​នៅ​ក្នុង​វិនាទី​ចុង​ក្រោយ​​បែប​នេះ​។ វា​ពិត​ជា​ស្មុគស្មាញ​ក្នុង​ការ​ប្រកួត​នឹង​ក្រុម​មួយ​ដែល​បាន​ដឹង​ហើយ​ថា ប្រសិន​បើ​ពួក​គេ​ចាញ់​ ពួក​គេ​ពិត​ជា​នឹង​ត្រូវ​ធ្លាក់​»។​​

ក្រុម​ន័រវែស​បាន​មាន​ឱកាស​លេង​នៅ​ព្រឹត្តិ​ការណ៍​ជើងឯក​​ Euro ឆ្នាំ ​២០០០ ប៉ុន្តែ​ឥឡូវ​នេះ​​​​ពួក​គេ​បាន​ជាប់​ចំណាត់​ថ្នាក់​ទី ​៤​ មាន ​១០ ​​ពិន្ទុ​ ​គឺ​តាម​ពី​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត ៤ ​ពិន្ទុ ​​ជាមួយ​ការ​នៅ​សល់ ​៣ ​ប្រកួត​​ទៀត​៕ AFP/SN