ភ្នំពេញ: កីឡាករ​ប្រដាល់សេរី​ដ៏​មាន​ប្រជាប្រិយ​ម្នាក់​របស់​កម្ពុជា កែវ រំចង់ កំពុង​តែ​ស្រេក​ឃ្លាន​ក្នុង​ការ​ទទួល​បាន​ឱកាស​ដើម្បី​ចូលរួម​ក្នុង​ការ​ប្រកួត និង​បង្ហាញ​សមត្ថភាព​ក្នុង​កម្មវិធី ONE Super Series របស់​អង្គភាព​រៀបចំ​ការ​ប្រកួត​គុន​ចម្រុះ​ធំ​ជាង​គេ​នៅ​ទ្វីប​អាស៊ី ONE Championship (ONE)។

ជើង​ខ្លាំង​ដែល​ចូលចិត្ត​វាយ​ដោយ​មិន​ញញើត​ដៃគូ​រូបនេះ ត្រូវបាន​ចាត់ទុកថា ជា​កីឡាករ​ប្រដាល់​គុន​ខ្មែរ​កំពុង​តែ​មាន​ឈ្មោះ​ល្បី​ម្នាក់​នៅ​កម្ពុជា ខណៈ​ដែល​រូបគេ​ក៏មាន​ឆន្ទៈ​ក្នុង​ការ​បង្ហាញ​សមត្ថភាព​របស់​គេ​នៅ​លើ​តារាង​អន្តរជាតិ​ក្នុង​កម្មវិធី ONE Super Series ផង​ដែរ ក្រោយ​ពី​ទទួល​បាន​ឱកាស​ជា​ច្រើន​ក្នុង​ការ​ប្រកួត​នៅ​លើ​ទឹកដី​នៃ​ប្រទេស​ថៃ។

កម្មវិធី ONE Super Series គឺជា​ការប្រកួត​ប្រដាល់សេរី​ដែលមាន​លក្ខខណ្ឌ​ស្រដៀង​ទៅ​នឹង​ក្បាច់​ប្រដាល់​គុន​ខ្មែរ​ដែរ ខណៈ​ដែល​ការ​ប្រកួត​នេះ ទើប​តែ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្ថាប័ន​រៀបចំ​ការ​ប្រកួត ONE Championship និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ដ៏​គួរ​ឲ្យ​កត់​សម្គាល់។

ថ្មីៗនេះ គេ​សង្កេតឃើញថា ក្រៅពី​ការរៀបចំ​ក្បាច់​ប្រដាល់​ចម្រុះ (MMA) ទូទាំង​ទ្វីប​អាស៊ី ONE Championship បាន​បញ្ចូល​កម្មវិធី​ប្រកួត​ដែល​មាន​លក្ខណៈ​ដូច​នឹង​កីឡា​ប្រដាល់​សេរី​មួយ​នេះ ចូល​ទៅ​ក្នុង​ព្រឹត្តិការណ៍​របស់​ខ្លួន​ផង​ដែរ ដើម្បី​កាន់​តែ​ផ្តល់​ការ​ទាក់​ទាញ​បន្ថែម​ទៀត​ដល់​អ្នក​ស្នេហា​វិស័យ​កីឡា​បែប​ប្រយុទ្ធ។

កម្មវិធី​ប្រកួត​ប្រដាល់​មួយ​នេះ បាន​ស្រូប​ទាញយក​កីឡាករ​ដែល​មិន​សូវ​មាន​ជំនាញ​ផ្នែក​ក្លេ និង​ខ្លាំងៗ​ជា​ច្រើន​មក​ចូលរួម ជា​ពិសេស​កីឡាករ​ខ្លាំងៗ​មក​ពី​ប្រទេស​ថៃ និង​ប្រទេស​ផ្សេង​ទៀត​ក្នុង​ទ្វីប​អាស៊ី។

ជាមួយគ្នានេះ កែវ រំ​ចង់ ក៏​មិន​ខុសពី​កីឡាករ​ផ្សេងទៀត​ផងដែរ ខណៈដែល​កីឡាករ​វ័យ ២៨ ឆ្នាំ​រូប​នេះ​ពិត​ជា​មាន​បំណង​ក្នុង​ការ​បង្ហាញ​ពី​សមត្ថភាព​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​ក្នុង​កម្មវិធី ONE Super Series។

ចាប់តាំងពី​ជាសះស្បើយ​ពី​បញ្ហា​របួស​ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍ កាល​ពី​ដើម​ឆ្នាំ​នេះ កីឡាករ​កែវ រំចង់ បាន​វិល​ទៅ​កាន់​សង្វៀន​ប្រកួត​វិញ និង​បាន​ទទួល​ជ័យជម្នះ​ជា​បន្ត​បន្ទាប់ ដោយ​សារ​តែ​ជំនាញ​ទាត់ និង​កណ្តាប់​ដៃ​ដែល​មិន​ចេះ​រួញ​រា​របស់​គេ។

បច្ចុប្បន្ន រូបគេ​កំពុងតែ​ហ្វឹកហាត់​យ៉ាង​សស្រោកសស្រាំ​ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ស្រប​ពេល​ដែល ONE Championship កំពុង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ជាមួយ​នឹង​កីឡាករ​របស់​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​សិល្បៈ​ក្បាច់​គុន​ខ្មែរ ដល់​អ្នក​ទស្សនា​និង​អ្នក​គាំទ្រ​រាប់​លាន​នាក់​ទូទាំង​ពិភពលោក។

កីឡាករ​កែវ រំ​ចង់ បាន​យល់ឃើញថា អង្គភាព​នេះ អាច​រៀបចំ​ការប្រកួត​ដ៏​ស័ក្តិសម​មួយ​សម្រាប់​រូបគេ​ក្នុង​ការ​បង្ហាញ​សមត្ថភាព តាមរយៈ​ការ​លើក​ឡើង​កាល​ពី​ពេល​ថ្មីៗ នេះ​ថា៖ «សម្រាប់​ខ្ញុំ​ខ្ញុំ​ចង់​បង្ហាញ​សមត្ថភាព​របស់​ខ្ញុំ​ដល់​ពិភពលោក​ឲ្យ​បាន​ស្គាល់​ពី​ក្បាច់​គុន​ខ្មែរ​ដ៏​អស្ចារ្យ​របស់​យើង»។

ជាមួយគ្នានេះ កែវ រំ​ចង់ រួមជាមួយនឹង​ឪពុក​របស់គេ បានរួម​គ្នា​បង្កើត​ក្លិប​ហ្វឹកហាត់​មួយ​ឈ្មោះ​ថា ដំបង​គ្រញូង​កីឡា នៅ​ខេត្ត​បាត់ដំបង ដែល​ជា​ទឹកដី​កំណើត​របស់​គេ ក្នុង​គោល​បំណង​ជំរុញ និង​លើក​ទឹក​ចិត្ត​ដល់​ក្មេងៗ​ជំនាន់​ក្រោយ អាច​ដើរ​តាម​គន្លង​របស់​គេ។

កីឡាករ​រូបនេះ មានកំណត់ត្រា​ប្រកួត​ក្នុង​កីឡាប្រដាល់​គុន​ខ្មែរ​ច្រើនជាង ១៦០ លើក​ក្រោយ​ពី​ការ​ប្រឡូក​ក្នុង​អាជីព​ប្រដាល់​ជាង ១០ ឆ្នាំ​មក​នេះ៕