ភ្នំពេញ: លំដាប់​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា​ទាំង​ ៦ ​នាក់ មាន វ៉ាន់ វឿន, ឡុង សំណាង​, ផល សោភ័ណ្ឌ​, ឡៅ ចន្ទ្រា​, រឿង សោភ័ណ្ឌ និង ឃីម ឌីម៉ា ត្រូវ​បាន​ម្ចាស់​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ រៀបចំ​ដាក់​ឲ្យ​ធ្វើការ​ប្រកួត​ជាមួយ​អ្នក​ប្រយុទ្ធ​មកពី​ ៥ ​ប្រទេស​ក្នុង​ព្រឹត្តិការណ៍ Khmer Fight នៅ​សង្ក្រាន្ត​ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង​ថ្ងៃ​ចូលឆ្នាំ​ទី​ ២ នា​ថ្ងៃ​ទី​ ១៥ ខែ​មេសា ហើយ​សង្វៀន​មួយ​នេះ​ក៏​បាន​រៀបចំ​ការប្រកួត​ដណ្តើមពាន​រង្វាន់​រវាង​កីឡាករ​ក្នុង​ស្រុក​នៅ​ថ្ងៃទី​ ១៤ ខែ​មេសា​ក្នុង​សង្ក្រាន្ត​ក្រុង​ព្រៃវែង​រយៈពេល​ ២ ​ថ្ងៃ​ផងដែរ​។

លោក ហ៊ ង៉ែត អ្នក​អត្ថាធិប្បាយ​កីឡា​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​កងយោធពល​ខេមរភូមិន្ទ​ប៉ុស្តិ៍​លេខ​ ៥ ​បាន​ប្រាប់​ថា​៖ «​ការប្រកួត​រៀបចំ​ឡើង​ ២ ​ថ្ងៃ​របស់​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ ​នេះ​គឺ​ក្រោម​អធិបតីភាព​លោក ស សុខា និង សម្តេច ស ខេង គឺ​នៅ​ថ្ងៃទី​១៤ មួយ​ព្រឹត្តិការណ៍ មាន​ប្រកួត​ថា្នក់​ជាតិ​ជម្រើស​កំពូល​អ្នកខ្លាំងៗ​ដែល​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​កន្លងមក​ដោយ​ឲ្យ​ឈ្មោះ​ថា​ដណ្តើម​ពាន​រង្វាន់​មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​។ ចំណែក​ព្រឹត្តិការណ៍​អន្តរជាតិ​ Khmer Fight ថ្ងៃទី​ ១៥ ខែ​មេសា​ជា​ការប្រកួត​ធំ​បំផុត​សម្រាប់​បម្រើការ​កម្សាន្ត​ដែល​ផ្សាយ​ផ្ទាល់​តាម TV5 ពី​ក្រុង​ព្រៃវែង​តែ​ម្តង​»​។

ចំណែក​លោក សេង កដិកា នាយក​គ្រប់គ្រង​កម្មវិធី​ប្រកួត​ប្រចាំ​សង្វៀន​បាន​ប្រាប់ថា​៖ ​សមាសភាព​អ្នក​ប្រដាល់​ត្រូវ​បាន​ជម្រើស​យ៉ាង​ល្អ​បំផុត ហើយ​ការចំណាយ​ជាទូទៅ​គឺ​ទ្វេគុណ​។ ជាមួយ​គ្នា​នោះ​អ្នកប្រដាល់​ដែល​មាន​ឈ្មោះ​ទៅ​ប្រកួត​ភាគច្រើន​គឺ​អ្នក​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​កន្លង​មក​ហើយ​បើ​និយាយ​ពី​កម្មវិធី​អន្តរជាតិ Khmer Fight ៦ ​ប្រទេស​វិញ សុទ្ធតែ​កំពូល​កីឡាករ​ល្បីល្បាញ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​រួមមាន​វ៉ាន់ វឿន​,​ឡុង សំណាង​,​ផល សោភ័ណ្ឌ​,​ឡៅចន្ទ្រា​,​រឿង សោភ័ណ្ឌ និង ឃីម ឌីម៉ា​»​។

ចំពោះ​សមត្ថភាព និង​ប្រវត្តិ​ប្រកួត​របស់​កីឡាករ​ទាំង​ ៦ ​គូ​នៅក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ Khmer Fight នេះ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ប្រាប់​ថា​កីឡាករ រឿង សោភ័ណ្ឌ មាន​អាយុ​ ២៩ ​ឆ្នាំ​កម្ពស់​ ១,៦៥ ​ម៉ែត្រ​ធ្លាប់​ប្រកួត​បាន​ ១៨០ ​ដង ឈ្នះ​ ១៥៨ ចាញ់​ ១៧ ស្មើ​ ៥ ​ដង​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ក្នុង​ទម្ងន់​ ៦៩ ​គីឡូក្រាម​ជាមួយ​កីឡាករ​ថៃ​ Petchmai Chorrongsak ដែល​មាន​អាយុ​ ២០ ​ឆ្នាំ​កម្ពស់​ ១,៦៨ ​ម៉ែត្រ និង​ធ្លាប់​ប្រកួត​បាន​ ៨០ ​ដង ឈ្នះ​ ៦៥ ចាញ់​ ១៥ ​ដង​។

ចំណែក​ម្ចាស់​មេដាយមាស​ស៊ីហ្គេម​ឆ្នាំ​ ២០១៧ ឃីម ឌីម៉ា ដែល​មាន​អាយុ​ ២៨ ​ឆ្នាំ កម្ពស់​ ១,៧២ ​ម៉ែត្រ​ធ្លាប់​ប្រកួត​បាន​ ៧០ ឈ្នះ​ ៥២ ចាញ់​ ១៣ ស្មើ​ ៥ ​ដង ត្រូវ​ប៉ះ​កីឡាករ​របស់​ថៃ Thong meungsima ក្នុង​ទម្ងន់​ ៦៣,៥ ​គីឡូក្រាម ហើយ​ថៃ​ម្នាក់​នេះ​មាន​កម្ពស់​​ ១,៦៧ ​ម៉ែត្រ​ប្រកួត​បាន​ ១១០ ឈ្នះ​ ៨៦ និង​ចាញ់​ ២៤ ​ដង​។

ចំពោះ​កីឡាករ​វ័យ​ ២៣ ​ឆ្នាំ​កម្ពស់​ ១,៧៣ ​ម៉ែត្រ ឡៅ ចន្ទ្រា ត្រូវ​ប្រកួត​ក្នុង​ទម្ងន់​ ៦៧ ​គ.ក្រ ជាមួយ​កីឡាករ​មកពី​អ៊ីតាលី Federico Ernesto ដែល​មាន​កម្ពស់​ ១,៧៦ ​ម៉ែត្រ​ធ្លាប់​ប្រកួត​បាន​ត្រឹម​​ ១៧ ឈ្នះ​ ១២ និង​ចាញ់​ ៥ ​ដង​គឺ​តិច​ជាង ចន្ទ្រា ដែល​ធ្លាប់​ប្រកួត​បាន​ ១២០ ឈ្នះ​ ១០៦ ស្មើ​ ៤ និង​ចាញ់​ ១០ ​ដង​។

ជាមួយ​គ្នា​នេះ វ៉ាន់ វឿន ដែល​ទើប​តែ​ឈ្នះ​ខ្សែក្រវាត់​ថ្មីៗ​នេះ​ត្រូវ​តទល់​នឹង​កីឡាករ​ឡាវ​ Narongrith S.Visetkit ក្នុង​ទម្ងន់​ ៥៧ ​គីឡូក្រាម ហើយ​កីឡាករ​ឡាវ​រូប​នេះ​ធ្លាប់​ប្រកួត​បាន​ ១២០ ​ឈ្នះ​ ៨៥ និង​ចាញ់​ ៣៥ ​ដង​។ រីឯ​ម្ចាស់​ខ្សែក្រវាត់​ ២ ​ស្ថាប័ន ឡុង សំណាង ត្រូវ​ប៉ះ​កីឡាករ​បារាំង Jordan ក្នុង​ទម្ងន់​ ៦៣​ គីឡូក្រាម​ដែល​បរទេស​ម្នាក់​នេះ​ធ្លាប់​ប្រកួត​បាន​ ១៥ ​ដង​ឈ្នះ​ ១១ និង​ចាញ់​ ៤ ​ដង​។

យ៉ាងណា​មិញ​កីឡាករ ផល សោភ័ណ្ឌ ត្រូវ​ប្រកួត​ក្នុង​ទម្ងន់​ ៦៣ ​គីឡូក្រាម​ជាមួយ​កីឡាករ​អ៊ូស្ត្រាលី Mehrdad Addinejad ក្នុង​ទម្ងន់​ ៦៣ ​គីឡូក្រាម​ដែល​គេ​ម្នាក់​នេះ​ធ្លាប់​ប្រកួត​បាន ៤០ ​ដង​ឈ្នះ​ ៣៩ និង​ចាញ់​តែ​ ១ ​ដង​គត់ ហើយ​ក្រៅពី​ការប្រកួត​គូ​អន្តរជាតិ​ ៦ ​គូ​នេះ​ក៏​មាន​ការប្រកួត​គូ​មិត្តភាព​ក្នុង​ស្រុក​ចំនួន​ ២ ​គូ​ទៀត​ដែរ ខណៈ​ការប្រកួត​ដណ្តើមពាន​រង្វាន់​មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​នៅ​ថ្ងៃទី​ ១៤ ខែ​មេសា​ដែល​ចាប់​ធ្វើ​ពី​ម៉ោង​ ៧ ដល់​ម៉ោង​ ៩ ​យប់​ដូច​គ្នា​នោះ​មាន​ការប្រកួត​ដណ្តើមពាន​ចំនួន​ ៣ ​គូ និង​ប្រកួត​មិត្តភាព​ក្នុង​ស្រុក​ចំនួន​ ៣ ​គូ​ទៀត​ផង​ដែរ​៕