ភ្នំពេញៈ កីឡាករ​ជើងចាស់​របស់​កម្ពុជា​ ៨ ​នាក់​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ដណ្តើមយក​មេដាយមាស និង​ប្រាក់រង្វាន់​ ៥០០០ ​ដុល្លារ​ក្នុង​ព្រឹត្តិការណ៍​ថ្មី​គឺ​ប្រកួត​អន្តរជាតិ​ដណ្តើម​ពាន​រង្វាន់​មេដាយមាស Boostrong Figter on Fire ជាមួយ​អ្នក​ប្រដាល់​បរទេស​ចំនួន​ ៨ ​នាក់​មកពី​ប្រទេស​ថៃ អ៊ីរ៉ង់ អូស្ត្រាលី និង​ចិន​។

ការប្រកួត​អន្តរជាតិ​ដណ្តើមពាន​រង្វាន់​មេដាយមាស Boostrong Figter on Fire នឹង​ត្រូវ​ចាប់​ប្រកួត​ជម្រុះ​នៅ​លើ​សង្វៀន SEATV នា​ថ្ងៃអាទិត្យ​នេះ ហើយ​រូបមន្ត​ប្រកួត​គឺ​មាន​លក្ខណៈ​ប្លែក និង​ថ្មី​ខុស​ពី​ព្រឹត្តិការណ៍​ប្រកួត​ផ្សេងៗ​ទៀត គឺ​មាន​ការប្រកួត​ជម្រុះ​ ៣ ​ដំណាក់កាល​ទើប​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​។

លោក ញាន សុធី នាយក​គ្រប់គ្រង​កម្មវិធី​ប្រចាំ​សង្វៀន SEATV បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​នេះ​ជា​រូបមន្ត​ប្រកួត​ថ្មី​មួយ​ដែល​មាន​លក្ខណៈ​ទាក់ទាញ ខណៈ​ដែល​កីឡាករ​របស់​កម្ពុជា​ចំនួន​ ៨ ​នាក់​ត្រូវ​ប៉ះ​កីឡាករ​បរទេស​ចំនួន​ ៨ ​នាក់​ដែល​ត្រូវ​ប្រកួត​គ្នា​តាមរយៈ​ការចាប់​ឆ្នោត​ភ្លាម​ហើយ​ប្រកួត​គ្នា​ភ្លាម​តែម្តង ក្នុង​ពេល​ផ្សាយ​ផ្ទាល់ រាល់​ព្រឹក​ថ្ងៃ​អាទិត្យ​ដោយ​ចាប់ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​នេះ ក្នុង​គម្រោង​រយៈពេល​ ១២ ​សប្តាហ៍​»​។

តាម​លោក ញាន សុធី គឺ​ក្នុង​ ១ ​សប្តាហ៍​មាន​ការប្រកួត​ ២ ​គូ ប៉ុន្តែ​កីឡាករ​ទាំង​ ១៦ ​នាក់​នឹង​ត្រូវ​បង្ហាញ​ខ្លួន​នៅក្នុង​សន្និសីទ​កាសែត​មុន​ការប្រកួត​នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ធ្វើការ​ចាប់ឆ្នោត​ទាំងអស់​គ្នា​តែ​ម្តង​ហើយ​ការប្រកួត​គឺ​អ្នកចាញ់​ធ្លាក់ៗ និង​អ្នក​ឈ្នះ​ត្រូវ​បន្ត​ឡើង​ទៅ​ប្រកួត​វគ្គ​ ៨ ​នាក់​រួច​យក​អ្នក​ឈ្នះ​បន្ត​ទៅ​វគ្គ​ ៤ ​នាក់ ឬ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

ទោះបី​ជា​យ៉ាង​ណា​នៅក្នុង​ការប្រកួត​ពី​ ១ ​ដំណាក់កាល​ទៅ​ ១ ​ដំណាក់កាល សុទ្ធ​តែ​តម្រូវ​ឲ្យ​មាន​ការចាប់ឆ្នោត​មុន​ការប្រកួត​ដូច​គ្នា​ទាំងអស់​គឺ​លើកលែង​តែ​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​គេ​យក​ឈ្នះ​ទៅ​ជួប​អ្នកឈ្នះ ដើម្បី​ដណ្តើម​យក​មេដាយមាស និង​ប្រាក់រង្វាន់​ ៥០០០ ​ដុល្លារ​សម្រាប់​អ្នក​លេខ​ ១ និង ២០០០ ​ដុល្លារ​សម្រាប់​អ្នកចាញ់​បាន​លេខ​ ២ ឯ​លេខ​ ៣ និង​លេខ​ ៤ នៅ​មិនទាន់​កំណត់​ប្រាក់​រង្វាន់​ច្បាស់​នោះ​ទេ​។

ដោយឡែក​សម្រាប់​សមាសភាព​អ្នក​ប្រដាល់​កម្ពុជា​ទាំង​ ៨ ​នាក់​ដែល​ត្រៀម​ការប្រកួត​នេះ​មាន ទេស សំខាន់ ក្លិប​កងពល​លេខ​ ៧០ យ៉ាម ខេមរា ក្លិប​រស្មី​កុមារកំព្រា ហេង សំរាំង ក្លិប​ព្រៃទទឹង​ខេត្ត​បាត់ដំបង វង្ស វិឆ័យ ក្លិប​ទ័ព​ឆត្រយោង​ ៩១១ ធឿន វិថាត់ ក្លិប​ព្រៃវែង ឆៃ សារ៉ា របស់​សមាគម​ប្រដាល់ ក្រសួង​ការពារជាតិ នន់ ជំនិត ក្លិប​ខេត្ត​កណ្តាល និង ធី តុងហ៊ី ក្លិប​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​។ ចំណែក​អ្នកប្រដាល់​បរទេស​ទាំង​ ៨ ​នាក់​មាន​ថៃ​ ៤ ​នាក់​គឺ ក្វាន់ឯក​,​ភេកណាំនឹង​,​ឈូគណាំឆៃ​,​ហ្វាមីឆៃ កីឡាករ​អ៊ីរ៉ង់ កាហ្វារី និង ម៉ាទីន កីឡាករ​អូស្ត្រាលី ដារីនចីន និង​កីឡាករ​ចិន Roan Xiaohu៕