ភ្នំពេញ: កីឡាប្រដាល់​ចាស់វស្សា Dy Sellak ដែល​ធ្លាប់ជា​ជើង​ខ្លាំង​របស់​ថៃ​ម្នាក់​នោះ ត្រូវ​បាន​គណៈ​កម្មការ​ផ្គូផ្គង​ប្រចាំ​សង្វៀន​អាស៊ី​អាគ្នេយ៍ ដាក់​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​លេង​កណ្តាប់ដៃ​រឿង សោភ័ណ្ឌ មក​ក្លិប​មកុដ​រាជសីហ៍​នៃ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ ក្នុង​ទម្ងន់ ៦៩ គីឡូក្រាម នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី ១៦ ខែ​ធ្នូ ឆ្នាំ ២០១៨។

នៅ​ថ្ងៃ និង​សង្វៀន​តែមួយ​នេះ កីឡាករ​អេ រដ្ឋា ដែល​ពីមុន​លំបាក​សុំ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ប៉ុន្តែ​បាន​ផ្លាស់ប្តូរ​ក្លិប​មក​នៅ​ជាមួយ​អេ ភូថង ទទួល​បាន​សំណាង​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ម្តង​ទៀត ដោយ​រូបគេ​ជួប​ជាមួយ Oup Sai ក្នុង​ទម្ងន់ ៥៧ គីឡូក្រាម។

នាយក​គ្រប់គ្រង​កម្មវិធី​ប្រកួត​ប្រចាំ​សង្វៀន​អាស៊ីអាគ្នេយ៍​លោក​ញាន សុធី បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា៖ «គណៈ​កម្មការ​ផ្គូផ្គង​ប្រចាំ​សង្វៀន​បាន​ជ្រើស​កីឡាករ​ថៃ Dy Sellak ជា​កីឡាករ​លំដាប់​ខ្លាំង​ទម្ងន់​ធ្ងន់ ខណៈ​ដែល​តាម​ប្រភព​បាន​ឲ្យ​ដឹង​កីឡាករ​ថៃ​រូប​នេះ មាន​អាយុ និង​បទពិសោធ​ចាស់​វស្សា​ហើយ​ដែរ»។

លោក​ញាន សុធី បាន​និយាយថា៖ «កីឡាករ​រឿង សោ​ភ័​ណ្ឌ ពិតជា​លំបាក​រក​គូ ប្រកួត​ណាស់​ពីព្រោះ​ជើង​ខ្លាំងៗ​មួយ​ចំនួន​ដែល​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា សុទ្ធ​តែ​ប្រកួត​ចាញ់ ហើយ​ភាគ​ច្រើន​បាន​រង​នូវ​ការ​ចាញ់​សន្លប់​ថែម​ទៀត ហេតុ​នេះ​កីឡាករ​ថៃ​មួយ​ចំនួ​នធំ គេច​មិន​ចង់​ប្រកួត​ជាមួយ​រឿង សោភ័ណ្ឌ នោះ​ឡើយ ដែល​ធ្វើ​ឲ្យ​លំបាក​រក​ដៃគូ»។

តាម​កំណត់ត្រា​នៃ​ការប្រកួត​ដែល​ភ្នំពេញ ប៉ុស្តិ៍ ទទួលបាន​ពី​គណៈកម្មការ​ផ្គូផ្គង រឿង សោភ័ណ្ឌ មាន​ចំនួន​ប្រកួត​ច្រើន​ជាង​កីឡាករ​ថៃ ដល់​ទៅ ៩០ លើក​ឯណោះ ប៉ុន្តែ​ចំនួន​ប្រកួត​ពិត​ប្រាកដ​របស់​កីឡាករ​ថៃ មួយ​ចំនួន​មក​ប្រកួត​នៅ​កម្ពុជា​ដំបូង​លាក់​ប្រវត្តិ​ប្រកួត។

រឿង សោ​ភ័​ណ្ឌ ប្រកួត​បាន​ចំនួន ១៦៥ លើក ឈ្នះ ១៤៥ លើក ចាញ់ ១៧ លើក និង​ស្មើ ៣ លើក។ បើ​តាម​ស្ថិតិ​ដែល​ទទួល​បាន​កីឡាករ​ថៃ Dy Sellak ប្រកួត​បាន​តែ ៧៥ លើក​ឈ្នះ ៦៥ លើក​ចាញ់ ១០ លើក​មិន​ដែល​ស្មើ​ខណៈ​ដែល​កម្ពស់ ១,៦៧ ម៉ែត្រ។ លោក​ថាញ់ វ៉ាឡេក គ្រូបង្វឹក​កីឡាករ​ថៃ បាន​និយាយ​ថា Dy Sellak ធ្លាប់​ជា​កីឡាករ​លំដាប់​ខ្លាំង​ចាស់​វស្សា ប៉ុន្តែ​មួយរយៈ​ចុង​ក្រោយ​ខកខាន​យូរ​មិន​សូវ​បាន​ប្រកួត។ ការ​ប៉ះ​ប្រកួត​ជាមួយ​រឿង សោភ័ណ្ឌ អាច​ជា​ការ​ប្រកួត​ដ៏​លំបាក​មួយ និង​មាន​ភាព​ស្វិត​ស្វាញ»។

កីឡាករ​អេ រដ្ឋា នឹងត្រូវ​ប៉ះ ជាមួយនឹង​កីឡាករ​ថៃ Oup Sai ក្នុងការ​ប្រកួត​ទម្ងន់ ៥៧ គីឡូក្រាម។ អេ រដ្ឋា មាន​បទពិសោធ​ប្រកួត​ច្រើន​ជាង​កីឡាករ​ថៃ ដោយ​រូប​គេ​ធ្លាប់​ប្រកួត​បាន ៨៥ លើក ឈ្នះ ៧១ លើក ចាញ់ ១៣ លើក និង​ស្មើ ១ លើក ហើយ រូបគេ​មាន​កម្ពស់ ១,៦៤ ម៉ែត្រ។ ដោយ​ឡែក កីឡាករ​ថៃ ធ្លាប់​ប្រកួត​បាន ៦០ លើក ឈ្នះ ៥២ លើក ចាញ់ ៨ លើក មិន​ដែល​ស្មើ ហើយ​រូបគេ​មាន​កម្ពស់ ១,៦៦ ម៉ែត្រ៕