ភ្នំពេញៈ អតីត​ជើង​ខ្លាំង​ផ្នែក​កីឡា​ចំបាប់​របស់​កម្ពុជា ឌន សៅ ដែល​ធ្លាប់​បាន​ឈ្នះ​មេដាយ​មាស​ពី​ការ​ប្រកួត​ស៊ីហ្គេម និង​ការ​ប្រកួត​ជើង​ឯក​អាស៊ាន​ឲ្យ​កម្ពុជា ជា​ច្រើន​កន្លង​មក​នេះ បាន​សម្រេច​វិល​មក​ប្រកួត​ប្រជែង​នៅ​លើ​ទីលាន​ជាថ្មី ដើម្បី​ប្រជែង​រក​មេដាយ ក្នុង​ការ​ប្រកួត​កីឡា​ចំបាប់​ជើង​ឯក​អាស៊ាន ដែល​ត្រូវ​ធ្វើ​នៅ​ហ្វីលីពីន ពី​ថ្ងៃ​ទី ៦ ដល់​ទី ៩ ខែ​វិច្ឆិកា ខាង​មុខ។

កីឡាករ​ទម្ងន់​ធ្ងន់ ឌន សៅ ដែល​បាន​វិ​វ​ឌ្ឍ​ខ្លួន​ទៅជា​គ្រូបង្វឹក​នៃ​ក្រុម​ថ្នាល​ជម្រើស​ជាតិ​ចំបាប់​កម្ពុជា និង​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត នៅ​លើ​ឆាក​អន្តរជាតិ អស់​រយៈពេល ៣ ឆ្នាំ​មក​ហើយ​នោះ នឹង​ត្រូវ​រួម​ដំណើរ​ជាមួយ​មិត្ត​រួម​ជាតិ​ចំនួន ១០ នាក់ ក្រោម​ការ​ដឹកនាំ​របស់​លោក ធិន វិចិត្រ ព្រមទាំង​គ្រូបង្វឹក​លោក Kim Soo Gil និង​គ្រូ​ជំនួយ កាង ដែន​ពិសិដ្ឋ ឆ្ពោះ​ទៅ​កាន់​ហ្វីលីពីន នៅ​ព្រឹក ម៉ោង ៨:២០ ថ្ងៃ​ចន្ទ​នេះ។

យ៉ាងណាក៏ដោយ សម្រាប់​ការវិលត្រឡប់​មកកាន់​ទីលាន​ប្រកួត​ជាថ្មី​នេះ ឌន សៅ ដែល​មាន​ទម្ងន់​ត្រឹម ៩៧ គីឡូក្រាម ហើយ​ធ្លាប់​ឈ្នះ​បាន​មេដាយ​មាស ៣ ឆ្នាំ​ជាប់ៗ​គ្នា ក្នុង​ការ​ប្រកួត​ជើង​ឯក​អាស៊ាន​នេះ កាល​ពី​ឆ្នាំ ២០១៤ ឆ្នាំ ២០១៥ នៅ​សិង្ហបុរី និង​ឆ្នាំ ២០១៦ នៅ​កម្ពុជា​នោះ ត្រូវ​ដាក់​ឲ្យ​ប្រកួត​ក្នុង​ទម្ងន់ ១២៥ គីឡូក្រាម ដើម្បី​ប្រជែង​រក​មេដាយ​ផង និង​វាស់​ស្ទង់​កម្រិត​សមត្ថភាព ព្រោះ ឌន សៅ នឹង​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ក្នុង​ទម្ងន់​ធ្ងន់​នេះ ក្នុង​ស៊ីហ្គេម នៅ​ហ្វីលីពីន ឆ្នាំ ២០១៩ ខាង​មុខ។

ឌន សៅ ដែល​ធ្លាប់​ឈ្នះ​បាន​មេដាយមាស ១ និង​ប្រាក់ ១ ក្នុងការ​ប្រកួត​ចុង​ក្រោយ​នៅ​ស៊ីហ្គេម កាល​ពី​ឆ្នាំ ២០១៣ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «ការ​វិល​មក​ប្រកួត​ជាថ្មី​នេះ វា​មាន​ការ​លំបាក​ដែរ ព្រោះ​ខ្ញុំ​ខាន​ប្រកួត​ចូល ៣ ឆ្នាំ​ហើយ ហើយ​ខ្ញុំ​ក៏​លែង​បាន​ដឹង​ពី​សមត្ថភាព​គូ​ប្រកួត​របស់​ខ្ញុំ ពី​មុនៗ​មក​ដែរ គឺ​មួយរយៈ​ពេល​នេះ ខ្ញុំ​បាន​ផ្តោត​ខ្លាំង​ទៅ​លើ​តែ​ការ​បង្វឹក​សិស្ស មិន​សូវ​បាន​ហ្វឹកហាត់​ខ្លួន​ឯង​ប៉ុន្មាន​ទេ»។

កីឡាករ​ជើងចាស់​រូបនេះ បន្ថែមថា៖ «ការ​ឡើងទៅ​ប្រកួត​ក្នុង​ទម្ងន់ ១២៥ គីឡូក្រាម ក៏​ជា​បញ្ហា​មួយ​ផង​ដែរ ដោយ​សារ​ខ្ញុំ​មាន​ទម្ងន់​ត្រឹម ៩៧ គីឡូក្រាម ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​ខំ​ប្រឹង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព ព្រោះ​វា​ជា​ឱកាស​របស់​ខ្ញុំ​ក្នុង​ការ​ស្ទាប​ស្ទង់​ពី​កម្រិត​សមត្ថភាព​របស់​គូ​ប្រកួត ក្នុង​ទម្ងន់​ធ្ងន់​នេះ។ បើ​សិន​ខ្ញុំ​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​នេះ ខ្ញុំ​នឹង​បន្ត​ទៅ​ប្រកួត​ស៊ីហ្គេម តែ​បើ​ខ្ញុំ​ទទួល​បាន​លទ្ធផល​មិន​ល្អ ខ្ញុំ​ប្រហែល​ជា​ឈប់​ត្រឹម​ការ​ប្រកួត​នេះ​ហើយ»។

យ៉ាងណាក៏ដោយ លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា នៅ​តែ​ផ្តល់​ការ​ជឿ​ជាក់​លើ ឌន សៅ។ លោក​បាន​និយាយ​ថា៖ «យើង​គិត​ថា ឌន សៅ នៅ​តែ​មាន​សក្តានុពល​ជួយ​ដល់​ក្រុម​ចំបាប់​យើង និង​អាច​លេង​តំណាង​ឲ្យ​ជាតិ ហើយ​ការ​ចេញ​ទៅ​ប្រកួត​ជើង​ឯក​អាស៊ាន​លើក​នេះ ជា​ការ​តេស្ត​សមត្ថភាព​គាត់ ថា​តើ​គាត់​នៅ​រក្សា​សមត្ថភាព បាន​កម្រិត​ណា? ដ្បិត​អី​នៅ​ក្នុង​ទម្ងន់​ធ្ងន់​នេះ យើង​នៅ​មិន​ទាន់​រក​បាន​អ្នក​មាន​សមត្ថភាព​លើ ឌន សៅ នៅ​ឡើយ​ទេ»។

មិន​ត្រឹមតែ ឌន សៅ ម្នាក់​ទេ ដែល​ត្រូវ​តេស្ត​សមត្ថភាព​ខ្លួនឯង ប៉ុន្តែ​អត្តពលិក ១០ នាក់​ទៀត មាន​កីឡាករ ហេង វុទ្ធី ប្រកួត​ក្នុង​ទម្ងន់ ៩២ គីឡូក្រាម ឆាំ ពិសិន ទម្ងន់ ៨៦ គ.ក្រ កែវ សុភ័ក្រ ទម្ងន់ ៧៩ គ.ក្រ ចាប់ សុខលី ទម្ងន់ ៦១ គ.ក្រ ច្រាយ ប្រុស ទម្ងន់ ៥៧ គ.ក្រ កីឡាការិនី សឿន នឿន ទម្ងន់ ៦៥ គ.ក្រ វថ្ថា លក្ខិណា ទម្ងន់ ៤៥ គ.ក្រ ឌន ស្រស់ ទម្ងន់ ៦០ គ.ក្រ ជា កញ្ញា ទម្ងន់ ៥៥ គ.ក្រ និង ឌិត សំណាង ទម្ងន់ ៥០ គ.ក្រ ក៏​ត្រូវ​យក​ព្រឹត្តិការណ៍​នេះ ដើម្បី​តេស្ត​សមត្ថភាព​ខ្លួន​ឯង​ដូច​គ្នា សម្រាប់​ត្រៀម​ស៊ីហ្គេម ឆ្នាំ ២០១៩ ដែរ។

លោក ធិ​ន វិចិត្រ បញ្ជាក់ថា៖ «បញ្ហា​ខ្វះ​ថវិកា បានធ្វើ​ឲ្យ​យើង​ខកខាន​ការប្រកួត​ជើង​ឯក​អាស៊ាន​នេះ កាល​ពី​ឆ្នាំ ២០១៧ ប៉ុន្តែ​លើក​នេះ​លោក Casey Barnett អនុ​ប្រធាន​សហព័ន្ធ បាន​ឧបត្ថម្ភ​ជាង ១ ម៉ឺន​ដុល្លារ សម្រាប់​បញ្ជូន​ក្រុម​អត្តពលិក​របស់​យើង​ទៅ​ប្រកួត​លើក​នេះ ដោយ​យើង​ត្រូវ​ប្រជែង​រក​មេដាយ​ផង និង​យក​ការ​ប្រកួត​នេះ​ដើម្បី​តេស្ត​សមត្ថភាព​ផង ហើយ​ប្រទេស​ផ្សេង​ទៀត ក៏​គេ​ធ្វើ​បែប​នេះ​ដែរ ពិសេស​ម្ចាស់​ផ្ទះ ព្រោះ​ហ្វីលីពីន ចង់​ដឹង​កម្រិត​សមត្ថភាព​អត្តពលិក​មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ មុន​ពេល​ពួកគេ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ការ​ប្រកួត​ស៊ីហ្គេម នៅ​ឆ្នាំ ២០១៩»៕