ភ្នំពេញៈ ការវិល​ជួប​ក្រុម​ភ្នំពេញ​ក្រោន សម្រាប់​ការប្រកួត​លីក​កំពូល​នៅ​ចុង​សប្តាហ៍​នេះ វា​បាន​ក្លាយ​ជា​ការប្រកួត​មុន​គេ​ដែល​ក្រុម​ណាហ្គាវើល​ត្រូវ​ព្យាយាម​បង្ហាញ​ពី​ការផ្លាស់ប្តូរ​នូវ​ទម្រង់​លេង និង​ទម្លាប់​នៃ​ការលេង​របស់​ខ្លួន ដើម្បី​បំពេញ​ទៅ​តាម​ការចង់​បាន​របស់​គ្រូបង្វឹក​លោក មាស ចាន់ណា បន្ទាប់ពី​ក្រុម​មួយ​នេះ​នៅ​តែ​បង្ហាញ​ចំណុច​មិន​សប្បាយចិត្ត​ពេល​ពួកគេ​បន្ត​ចាញ់​ក្រុម Hanoi FC ក្នុង​ការប្រកួត​ជម្រុះ​តាម​ពូល​ពានរង្វាន់ AFC Cup 2019 នៅលើ​ទឹកដី​ខ្លួនឯង​នោះ​។

បើ​ទោះបី​ជា​ក្រុម​ណាហ្គាវើល​បាន​បន្ត​ចាញ់​ក្រុម​លីក​កំពូល​វៀតណាម Hanoi ៥-១ ក្នុង​ការប្រកួត​ជើង​ទី​ ២ នៅ​ពហុកីឡដ្ឋាន​ជាតិ​កាលពី​ពុធ ប៉ុន្តែ​លោក មាស ចាន់ណា ពេញ​ចិត្ត​នឹង​ទទួល​យក​ព្រោះ​លទ្ធផល​នេះ វា​ប្រសើរ​ជាង​ការចាញ់ ១០-០ នៅ​លើ​ទឹកដី​ក្រុម Hanoi​។

ប៉ុន្តែ​ការរហូត ២ គ្រាប់​នៅ​ចុង​ម៉ោង​ដែល​រកបាន​ដោយ​ខ្សែបម្រើ​ពាក់​លេខ​ ១៣ Van Kein នៅ​នាទី​ទី​ ៨៦ និង ខ្សែប្រយុទ្ធ​ពាក់​លេខ​ ៩០ Osene Bolayi នៅ​នាទី​ទី​ ៩០+១ របស់​ក្រុម Hanoi បន្ទាប់ពី​កីឡាករ Aderson Zogbe រកបាន​ ១ ​គ្រាប់​ឲ្យ​ណាហ្គាវើល​វិញ​នៅ​នាទី​ទី​ ៦៣ ​នោះ​បាន​ធ្វើឲ្យ​លោក មាស ចាន់ណា មាន​ការមិន​សប្បាយចិត្ត​ទាល់​តែ​សោះ​។

លោក មាស ចាន់ណា បាន​និយាយ​ក្រោយ​ការប្រកួត​ថា​៖ «​ខ្ញុំ​សប្បាយចិត្ត នៅពេល​ដែល​ពួកគាត់​ធ្វើ​បាន​ល្អ​ពី​នាទី​ទី​ ១ ដល់​នាទី​ ៣៥ ទៅ​តាម​អ្វី​ដែល​ជា​ផែនការ​រៀបចំ ប៉ុន្តែ​ ១០ ​នាទី​ចុងក្រោយ​ពេល​គាត់​ហត់ គាត់​ចាប់ផ្ដើម​ធ្លាក់ ធ្វើ​ឲ្យ​គេ​មាន​ឱកាស​ទាត់​ចូល​យើង​ភ្លាមៗ ហើយ​នេះ​វា​ជា​បញ្ហា​ដែល​ខ្ញុំ​មិន​សប្បាយ​ចិត្ត​គឺ​យើង​មាន​បញ្ហា​ត្រង់​គេ​ទាត់​ចូល​នៅ​ចុង​ម៉ោង​»​។

គ្រូបង្វឹក​រូបនេះ​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​បាន​និយាយ​ថា​យ៉ាង​ហោចណាស់​លទ្ធផល​មិន​ឲ្យ​អាក្រក់​ដូច​នៅ Hanoi ទេ​អ៊ីចឹង​លទ្ធផល​នេះ ខ្ញុំ​ទទួល​យក​បាន ប៉ុន្តែ​ទាក់ទង​នឹង​គេ​ទាត់​ចូល​ចុង​ម៉ោង ខ្ញុំ​នឹង​ព្យាយាម​ទាំង​លីក​កំពូល​កម្ពុជា និង​ប្រកួត​បន្ទាប់​នៅ AFC Cup នេះ​គឺ​ខ្ញុំ​មិន​ឲ្យ​គេ​ទាត់​ចូល​អ៊ីចឹង​ទៀត​ទេ​! នៅ​តង់​ទី​ ២ យើង​គួរតែ​ខ្លាំង​ជាង​គេ និង​គួរតែ​ទាត់​ចូល​គេ​វិញ អ៊ីចឹង​អ្វីៗ ខ្ញុំ​ត្រូវ​តែ​ផ្លាស់ប្ដូរ​ខ្លះ​»​។

ជាមួយ​ការប្តេជ្ញាចិត្ត​ផ្លាស់ប្តូរ​ទម្លាប់​លេង​មិន​សូវ​ល្អ នៅ​ចុង​ម៉ោង​នោះ​លោក មាស ចាន់ណា អាច​នឹង​ចាប់ផ្តើម​អនុវត្ត​ពេល​ ណាហ្គាវើល វិល​មក​ជួប​ក្រុម​ភ្នំពេញ​ក្រោន​នៅ​ថ្ងៃ​អាទិត្យ​នេះ ព្រោះ​ក្រុម​មាន​ ១២ ​ពិន្ទុ​មួយ​នេះ​ត្រូវការ​ ៣ ​ពិន្ទុ​ជា​ចាំបាច់ ដើម្បី​រក្សា​ទីតាំង​លេង​ ២ និង​ប្រជែង​យក​តំបន់​កំពូល​តារាង​ពី​ក្រុម​មាន​ ១៥ ​ពិន្ទុ ព្រះខ័នរាជ​ស្វាយរៀង ហើយ​ជា​ពេល​ដ៏ល្អ​ផង​ដែរ ខណៈ​ភ្នំពេញ​ក្រោន​បាន​បាត់បង់​ខ្សែការពារ​បរទេស​ម្នាក់​ទៀត​ពេល​កីឡាករ​ប្រេស៊ីល Jhonata Sant''anna Da Silva ទើប​តែ​បញ្ចប់​កុងត្រា​មុន​ពេល​កំណត់ ជាមួយ​ភ្នំពេញ​ក្រោន​ដោយ​បញ្ហា​របួស​ធ្ងន់ធ្ងរ​នោះ​។

ចំណែក​ក្រុម​វិសាខា​ដែល​ទើប​ធ្លាក់​មក​ឈរ​នៅ​លេខ​ ៦ ត្រូវ​បាន​គេ​មើលឃើញ​ថា​អាច​នឹង​យក​ឈ្នះ​ក្រុម​ខេត្ត​កំពង់ចាម​ច្រើន​គ្រាប់ ដើម្បី​យក​ប្រៀប​លើ​ក្រុម​មាន​ ១០ ​ពិន្ទ​ស្មើគ្នា​វិញ​គឺ​ក្រសួង​ការពារជាតិ (​ទ័ព​) និង​បឹងកេត​ដែល​កំពុង​ឈរ​នៅ​លេខ ៤ និង លេខ​ ៥ ប៉ុន្តែ​បឹងកេត​ក៏​អាច​នឹង​រក​បាន​គ្រាប់​បាល់​ច្រើន​ដែរ ព្រោះ​ពួកគេ​ត្រូវ​ប៉ះ​ក្រុម​សាលា​កីឡា​បាល់ទាត់​ជាតិ​បាទី​៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​សៅរ៍

-​វិសាខា v ខេត្ត​កំពង់ចាម កីឡដ្ឋាន​វិសាខា ៦:០០

-​សូលទីឡូអង្គរ v ទ័ព កីឡដ្ឋាន​ខេត្ត​សៀមរាប ៣:៣០

-​ប៉ូលិស v គិរីវង់ នៅ​កីឡដ្ឋាន-អគ្គិសនី​កម្ពុជា ៣:៣០

៤ ប្រកួត នៅ​ថ្ងៃ​អាទិត្យ

-​អាស៊ី​អឺរ៉ុប v អគ្គិសនី​កម្ពុជា​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ម៉ោង ៣:៣០

-​ណាហ្គាវើល v ភ្នំពេញ​ក្រោន កីឡដ្ឋាន​ស្តាតចាស់ ៦:០០

-​ព្រះខ័នរាជ​ស្វាយរៀង v អង្គរថាយហ្គឺរ កីឡដ្ឋាន​ស្វាយរៀង ម៉ោង ៦:០០

-​សាលា​កីឡា​បាល់ទាត់​ជាតិ v បឹងកេត នៅ​សាលា​កីឡា​បាល់ទាត់​ជាតិ​បាទី ៣:៣០