ក្រុង​ខារ៍គីវ: ក្រុម Shakhtar Donetsk បាន​ធ្វើ​ការ​វាយ​បក​​ពី​ការ​ដេញ​តាម​ពី​ក្រោយ​ ១ ​គ្រាប់ ខណៈ​ដែល​គ្រាប់​បាល់​បញ្ចូល​ទី​ពី​ការ​ស៊ុត​បាល់​ពិន័យ Free-kick យ៉ាង​ល្អ​របស់​តារា​ឆ្នើម Fred បាន​ជួយ​ឲុយ​ក្រុម​ម្ចាស់​​ជើង​ឯក​របស់​អ៊ុយ​ក្រែន​មួយ​នេះ ទទួល​ជ័យជម្នះ​ក្នុង​លទ្ធ​ផល ២-១​ លើ​ក្រុម Roma កាល​ពី​ថ្ងៃ​ពុធ ក្នុង​ការប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​​ ១៦ ក្រុម​ចុង​ក្រោយ ជើង​ទី​ ១ របស់​ពួក​គេ​។

ខ្សែ​បម្រើ​ស្លាប​​​​​វ័យ​ក្មេង​របស់​តួក​គី Cengiz Under បាន​បង្កើត​ការ​ភ្ញាក់​​ផ្អើល​ក្នុង​ការ​ប្រកួត​​ខ្លួន​ក្នុង​​​ក្រប​ខ័ណ្ឌ Champions League ជា​លើក​ទី ​១​ របស់​គេ​សម្រាប់​ក្រុម Roma តាម​រយៈ​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទីនៅ​នាទី ទី​៤១​។

ប៉ុន្តែ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​​​ខ្សែ​ប្រយុទ្ធ Facundo Ferreyra និង​ខ្សែ​បម្រើ Fred បាន​ធ្វើ​ឲ្យ​ការប្រកួត​នេះ​​ស្ថិ​តក្នុង​តុល្យ​ភាព​វិញ នៅមុន​ពេល​ការ​ប្រកួត​ជើង​ទី​២ នា​កីឡដ្ឋាន Stadio Olimpico ក្នុង​រយៈពេល​៣​សប្តាហ៍​ទៀត​។

Roma ដែល​កំពុង​សម្លឹង​រក​​ក្នុង​ការ​​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ជាលើក​ទី​១​របស់​ពួក​គេ ក្នុង​រយៈ​ពេល​ ១០ ​ឆ្នាំ បាន​ចាប់​ផ្តើម​យ៉ាង​ល្អ ខណៈ​ដែល Shakhtar ដែល​ទើប​តែ​បាន​​មាន​សកម្ម​ភាព​ប្រកួត​វិញ​ កាល​ពី​ចុង​សប្តាហ៍មុន ក្រោយ​ពី​ការ​សម្រាក​នា​រដូវ​រងា​នោះ បាន​ផ្តល់​ចន្លោះ​ប្រហោង​ច្រើន​ពេក​នៅ​តំបន់​បម្រើ​៕ IS

ខ្សែ​បម្រើ Fred (ឆ្វេង) របស់​ក្រុម Shakhtar Donetsk ដណ្តើម​បាល់​ជាមួយ​នឹង​ខ្សែ​បម្រើ​អា​ហ្សង់ទីន Diego Perotti នៃ​ក្រុម Roma​​។ AFP