ក្រុង​សេ​អ៊ូ​ល: កីឡាករ​សិល្បៈ​ក្បាច់គុន​ចម្រុះ (MMA) ដ៏​ឆ្នើម​បំផុត​របស់​ទ្វីប​អាស៊ី បាន​បញ្ជាក់​ថា អ្នក​ប្រយុទ្ធ​ទាំង​អស់​ត្រូវ​តែ​ចាំ​ថា ពួកគេ​គឺជា​និមិត្តរូប​សម្រាប់​ក្មេងៗ ខណៈ​ដែល​រូបគេ​បាន​រិះគន់​ទៅ​លើ​ទិដ្ឋភាព «ដ៏​គួរ​ឲ្យ​តក់​ស្លុត» កាល​ពី​សប្តាហ៍​មុន ក្រោយ​ពី​ការ​រង​បរាជ័យ​របស់​កីឡាករ Conor McGregor ក្រោម​ស្នាដៃ​កីឡាករ Khabib Nurmagomedov។

កីឡាករ Chan Sung-jung ដែលមាន​រហស្សនាម​ថា The Korean Zombie បាន​និយាយ​បន្ទាប់​ពី​អំពើ​ហិង្សា ក្រោយ​ការ​ប្រកួត នៅ​ពេល​ដែល​កីឡាករ Nurmagomedov និង​ក្រុម​របស់​គេ​បាន​វាយ​ប្រហារ​ទៅ​លើ​កីឡាករ McGregor និង​ក្រុម​លើក​ទឹក​ចិត្ត​របស់​គេ ក្នុង​ទិដ្ឋភាព​មួយ​ដែល​ត្រូវ​បាន​ឃើញ​ទូទាំង​ពិភពលោក​ថា បាន​បង្កើត​ឲ្យ​មាន​ដំណើរ​វិល​ត្រឡប់​ថយ​ក្រោយ​ចំពោះ​ការ​ព្យាយាម​សម្អាត​កេរិ៍្ត​ឈ្មោះ​របស់​កីឡា MMA។

នៅ​មុនពេល​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍ Angel''s Fighting MMA នៅ​សប្តាហ៍​នេះ ក្នុង​ទីក្រុង​សេអ៊ូល ដែល​រាល់​ប្រាក់​ចំណេញ​ទាំង​អស់​នឹង​ត្រូវ​ចំណាយ​ទៅ​លើ​សម្ភារ​សុខាភិបាល​សម្រាប់​ក្មេងៗ​មាន ជំងឺ​ធ្ងន់ធ្ងរ តារា​ក្បាច់​គុន​ចម្រុះ​ក្នុង​ទម្ងន់ ៦១,២ គីឡូក្រាម ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​សេអ៊ូល​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «យើង​គួរ​តែ​ក្លាយ​ជា​គំរូ​របស់​ក្មេងៗ ហើយ​មិន​មែន​ធ្វើ​ឲ្យ​ពួកគេ​តក់​ស្លុត​ឡើយ»។

Chan ដែល​កំពុង​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ ១០ នៅលើ​តារាង​ពិភពលោក​របស់ UFC ក្នុង​ប្រភេទ​ទម្ងន់​របស់​គេ​នោះ បាន​បន្ថែម​ទៀត​ថា៖ «ក្នុង​នាម​ជា​អ្នក​ប្រយុទ្ធ​ក្បាច់​គុន​ចម្រុះ យើង​ដើរ​តួនាទី​ធ្វើ​ជា​គំរូ​ផ្សេង។ ការ​បង្ហាញ​ពី​ភាព​ខ្លាំង​ក្នុង​ការ​ប្រកួត​គឺជា​រឿង​ដែល​អាច​យល់​បាន ប៉ុន្តែ អំពើ​ហិង្សា​នៅ​ខាង​ក្រៅ​សង្វៀន​ដាក់​ទ្រុង គឺជា​រឿង​មិន​អាច​ទទួល​យក​បាន។ យើង​ទាំង​អស់​គ្នា​សុទ្ធ​សឹង​ជា​មនុស្ស​ពេញ​វ័យ និង​គួរ​តែ​ចងចាំ​ពី​ផល​ប៉ះពាល់​ដែល​យើង​ធ្វើ​លើ​ក្មេង»។

Chan បាន​បញ្ចេញមតិ​រិះគន់​នៅឯ​ក្លិប Korean Zombie Gym របស់គេ​ក្នុង​ទីក្រុង​សេអ៊ូល ខណៈ​ដែល​រូបគេ​ត្រៀម​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​ប្រកួត​បន្ទាប់រ​បស់​គេ ជាមួយ​នឹង​អតីត​ម្ចាស់​ខ្សែ​ក្រវាត់ UFC និង​ជា​កីឡាករ​មាន​ចំណាត់​ថ្នាក់​លេខ ៣ ក្នុង​កម្រិត​ទម្ងន់​របស់​គេ​គឺ Frankie "The Answer" Edgar។

ការប្រកួត​នេះ នឹងត្រូវ​រៀបចំឡើង​ដើម្បី​អបអរ​ខួប​នៃ​កម្មវិធី​ប្រកួត​លើក​ទី ២៥ របស់ UFC ក្នុង​ទីក្រុង Denver នា​ថ្ងៃទី ១០ ខែ​វិច្ឆិកា ក៏​ដូចជា​បង្ហាញ​ពី​ភាព​ជោគ​ជ័យ​ក្នុង​អាជីព​របស់ Chan និង​ការ​ពង្រីក​ខ្លួន​របស់​កីឡា​នេះ​ទូទាំង​ពិភពលោក។

ប្រសិនបើ​រូបគេ​អាច​ស្វែង​រកឃើញ​វិធីសាស្ត្រ​ក្នុងការ​ផ្តួល​កីឡាករ​ជើងចាស់​របស់​អាមេរិក Edgar អ្នក​ប្រយុទ្ធ​របស់​កូរ៉េខាងត្បូង​រូប​នេះ ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ទទួល​បាន​ឱកាស​ឡើង​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ទម្ងន់ ៦១,២ គីឡូក្រាម​ជា​លើក​ទី ២ និង​ឱកាស​ក្នុងការ​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​មក​ពី​ទ្វីប​អាស៊ី​ដំបូង​គេ​របស់ អង្គភាព UFC។

Chan បាន​បន្ថែមទៀតថា៖ «អ្នក​ប្រយុទ្ធ​ជាច្រើន កំពុងតែ​បង្ហាញខ្លួន​មកពី​ទូទាំង​អាស៊ី និង​មក​ពី​កូរ៉េខាងត្បូង។ កេរិ៍្ត​ឈ្មោះ​របស់​កីឡា​នេះ បាន​ឈាន​ទៅ​រក​ភាព​ល្អប្រ​សើរ ហើយ​វា​អាស្រ័យ​ទៅ​លើ​​យើង​ដែល​ជា​អ្នក​សិល្បៈ​ក្បាច់​គុន ក្នុង​ការ​ធ្វើ​ឲ្យ​ដំណើរ​នេះ​បន្ត​ទៅ​ទៀត»៕