ក្រុងអ៊ីស្តង់ប៊ុលៈ មន្ត្រី​ប្រទេស​តួកគី​បាន​ធ្វើការ​រិះគន់​ប្រទេស​អ៊ីស្លង់​យ៉ាង​ខ្លាំង​កាលពី​ដើម​សប្ដាហ៍​នេះ ចំពោះ​ទង្វើ​មិន​គោរព​ទៅ​លើ​ក្រុម​ជម្រើសជាតិ​បាល់ទាត់​របស់​ខ្លួន​នៅ​ព្រលានយន្តហោះ Reykjavik ប្រទេស​អ៊ីស្លង់​។

តាម​របាយការណ៍​ពី​ក្រុម​កីឡាករ​ដែល​បាន​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​តួកគី បាន​ឲ្យ​ដឹង​ថា​ក្រុម​របស់​ពួកគេ​បាន​រង់ចាំ​ជាច្រើន​ម៉ោង​នៅ​កន្លែង​ពិនិត្យ​លិខិត​ឆ្លងដែន​កាលពី​រាត្រី​ថ្ងៃ​អាទិត្យ​ដោយ​ត្រូវ​បាន​គេ​ត្រួតពិនិត្យ​សន្តិសុខ​យ៉ាងតឹងតែង​បំផុត​។

មន្ត្រី​នាំពាក្យ​ប្រធានាធិបតី​តួកគី លោក Ibrahim Kalin បាន​សរសេរ​លើ​ប្រព័ន្ធ Twitter ដើម្បី​បង្ហាញ​ពី​កំហឹង​របស់​គាត់​ដោយ​រិះគន់​ទង្វើ មិន​គោរព​ចំពោះ​ក្រុម​ជម្រើសជាតិ​នេះ​ថា មិន​អាច​ទទួល​បានទេ​។ លោក​បាន​និយាយ​ថា​៖ «​រដ្ឋ និង​ប្រជាពលរដ្ឋ​របស់​យើង​គាំទ្រ​ក្រុម​ជម្រើសជាតិ​ដែល​នឹង​ផ្ដល់​ការឆ្លើយតប​ល្អ​បំផុត​នៅ​លើ​ទីលាន​ប្រកួត​»​។

ចំណែក​លោក Fahrettin Altun នាយក​ទំនាក់ទំនង​នៅ​ការិយាល័យ​ប្រធានាធិបតី​តួកគី​ក៏​បាន​និយាយ​ដែរ​ថា​៖ «​ទង្វើ​នេះ​គឺ​មិន​ស្រប​តាម​ការគួរសម​បែប​ការទូត ឬ​ក្រមសីលធម៌​ផ្នែក​កីឡា​នោះ​ទេ​»​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន NTV បាន​រាយការណ៍​ថា ក្រសួង​ការបរទេស​តួកគី​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ តវ៉ា​ប្រឆាំង​បែប​ការទូត ចំពោះ​ប្រទេស​អ៊ីស្លង់​តាមរយៈ​ស្ថានទូត​ប្រទេស​ន័រវែស ហើយ​មក​ដល់​ពេល​នេះ​គេ​មិន​ទាន់​ឃើញ​មាន​ការឆ្លើយតប​ពី​ភាគី​ប្រទេស​អ៊ីស្លង់​នៅ​ឡើយ​ទេ​ជុំវិញ​ការខឹង​សម្បា​របស់​ប្រទេស​តួកគី​នេះ​។

ជាមួយ​នឹង​ហេតុការណ៍​នេះ​ខ្សែបម្រើ​របស់​ក្រុម​ជម្រើសជាតិ​តួកគី Emre Belozoglu បាន​សរសេរ​តាម Tweeter ពី​ព្រលានយន្តហោះ​មក​ថា​៖ «​យើង​បាន​និង​កំពុង​រង់ចាំ​រយៈពេល​ ៣ ​ម៉ោង​។ ពួកគេ​យក​វ៉ាលិស​របស់​អ្នក​ទាំងអស់​គ្នា ហើយ​ទង្វើ​ដែល​ពួកគេ​កំពុង​ប្រព្រឹត្ត​ចំពោះ​យើង​គឺ​មិនមែន​ជា​ការគោរព​នោះ​ទេ​»​។

ការខឹង​សម្បា​របស់​តួកគី​នេះ​បាន​កើតឡើង​ភ្លាមៗ បន្ទាប់ពី​ក្រុម​បាល់ទាត់​តំណាង​ឲ្យ​ប្រទេស​តួកគី​មួយ​នេះ​បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ជើងឯក World Cup ឆ្នាំ​ ២០១៨ បារាំង​ជាមួយ​លទ្ធផល ២-០ ក្នុង​វគ្គ​ជម្រុះ​ក្របខ័ណ្ឌ Euro 2020 កាល​ថ្ងៃ​សៅរ៍​។

គ្រូបង្វឹក​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​តួកគី​លោក Senol Gunes បាន​ដឹកនាំ​ឈ្នះ​ការប្រកួត​ទាំង​ ៣ ​លើក​តាំងពី​គាត់​ចូលកាន់​តំណែង​នៅ​ឆ្នាំ​នេះ ហើយ​ឥឡូវ​ក្រុម​នេះ​កំពុង​នាំមុខ​ក្រុម​ជម្រើសជាតិ​បារាំង ៣ ​ពិន្ទុ​ដោយ​ឈរ​លើ​កំពូល​តារាង​ពូល H៕ SN