ភ្នំពេញ៖ ​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​ TV5​ Boxing Knock-Out Serie បាន​ឈាន​ដល់​វគ្គ​​ផ្តាច់ព្រ័ត្រ​ហើយ ដែល​នឹង​ត្រូវ​ធ្វើ​នៅ​សង្វៀន​​ប៉ុស្តិ៍​លេខ ​៥ ​ព្រែក​កំពឹស ថ្ងៃ​សៅរ៍​នេះ ដោយ​ក្នុង​នោះ អ្នក​​ប្រដាល់ ព្រឿង ​សុជាតិ​ ក្លិប​កងពល​ធំ​អន្តរាគមន៍​លេខ ២​ ត្រូវ​ជួប កូយ ​ឡាយ ​ក្លិប​ទ័ពឆត្រ​យោង ​៩១១​ ដណ្តើម​យក​លេខ ​១​ អម​ដោយ​​ទឹក​ប្រាក់​ ​៤ ​០០០ ​ដុល្លារ​ ហើយ​ សូត្រ ​ខេវិន ​របស់​ក្លិប​បក្សី​ស្លាប​ដែក ​ត្រូវ​ប្រកួត​ដណ្តើម​​​យក​លេខ ​៣ ជាមួយ ​ទូច ​ដេវីដ ​របស់​ក្លិប​អារុណរះ​កីឡា​ខេត្ត​កណ្តាល​។

សម្រាប់ការ​ប្រកួត​ជម្រុះ​ទាំង ​៤ ជុំ កន្លង​មក​នេះ ព្រឿង​ សុជាតិ​ បាន​ឈ្នះ ​លីន ​វីរៈ ​ដោយ​ពិន្ទុ​ រួច​បន្ត​​ផ្ដួល​ ​ភួង ពិសិដ្ឋ ​នៅ​ទឹក​ទី ​២​ និង​​ឈ្នះ​ ​លាប​ រដ្ឋា ដោយ​ពិន្ទុ​​ទាំង​ត្រដាប​ត្រដួស នៅ​ជុំ​ទី ​៣ ​ហើយ​នៅ​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ រូប​គេ​បាន​​ឈ្នះ សូត្រ​ ខេវិន។ ចំណែក កូយ ​ឡាយ​ បាន​ឈ្នះ ​កំពែង​ ខ្មៅ ​ដោយ​ពិន្ទុ​ រួច​បន្ត​ឈ្នះ​លើ ​រឿន ឈី​ ​និង ស៊ន​ រ៉ាគីម​ ​ដែល​អវត្តមាន​ដោយ​ស្វ័យ​ប្រវត្តិ​ដូច​គ្នា ខណៈ​វគ្គ​ ​១/២ ​ផ្ដាច់​ព្រ័ត្រ​ កូយ ឡាយ បាន​ឈ្នះ ទូច ​ដេវីដ ​ដោយ​ពិន្ទុ​។​

តាមរយៈ​ការ​ប្រកួត​កន្លង​មក​នេះ គឺ​បេក្ខជន​ដណ្តើម​យក​លេខ ​១ កូយ ឡាយ និង ព្រឿង សុជាតិ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​សមត្ថភាព​​ប្រហាក់​ប្រហែល​គ្នា ​និង​ជា​កីឡាករ​ខ្លាំង​ជំនាន់​ក្រោយ​ ក្នុង​ទម្ងន់ ​៦០ ​គីឡូក្រាម​ដូច​គ្នា​។​

លោក​ ធន់ ​សុភា​ គ្រូ​បង្វឹក​ ព្រឿង​ សុជាតិ​ បាន​និយាយ​ថា​៖ ​«ខ្ញុំ​មាន​ទំនុក​ចិត្ត​ឈ្នះ ​៧០ ​ភាគរយ ​ដោយ​យើង​នឹង​​ប្រើ​ស្នៀត​វាយ​សម្រុក​កណ្តាប់​ដៃ ​និង​ជង្គង់​ ហើយ​​តាមរយៈ​ការ​ហ្វឹកហាត់​ជា​ប្រចាំ​ខ្ញុំ​គិត​ថា ​ព្រឿង​ សុជាតិ​ ពិត​ជា​ឈ្នះ​ ប៉ុន្តែ​វា​មាន​ស្វិតស្វាញ​ និង​តឹងតែង​បំផុត»​។

បើ​និយាយ​ពី​បទពិសោធ​វិញ​ ព្រឿង​ សុជាតិ​ ចាស់​វស្សា​ជាង​ ដោយ​ប្រកួត​បាន ​៤៩ ​ដង ​ចាញ់​តែ ​៩ ​ដង​ប៉ុណ្ណោះ​​ ​​ចំណែក​ ​កូយ ​ឡាយ​ ក៏​មាន​សមត្ថភាព​លំដាប់​គ្នា​នេះ​ដែរ​ ហេតុ​នេះ​ការ​ចាញ់ ​ឬ​ឈ្នះ ​គឺ​លំបាក​ទស្សន៍ទាយ​បំផុត​ ​ព្រោះ​ទឹក​ចិត្ត​ប្រកួត ​និង​ការ​ហ្វឹកហាត់ ​គឺ​ត្រៀម​បាន​ល្អ​ដូច​គ្នា​។​​

ចំណែក​លោក​ សួន​ ប៊ុនសូត្រ​ ដែល​ជា​គ្រូ​បង្វឹក​ សូត្រ​ ខេវិន​ បាន​​ប្រាប់​​ថា ខេវិន ​ប្តេជ្ញា​វ៉ៃ​យក​លេខ ​៣ ​ឲ្យ​បាន​ ​ព្រោះ​ហ្វឹកហាត់​ត្រៀម​បាន​ល្អ​។​​ លោក​​បន្ថែម​ថា​៖ «​យុទ្ធសាស្ត្រ​សម្រាប់​ឈ្នះ ​ដេវិដ ​គឺ​បិទ​តែ​កណ្តាប់​ដៃ​ឲ្យ​ជាប់ ​ហើយ​ឱប​ឡើង​ជង្គង់ ​គឺ​មាន​ប្រៀប​ឈ្នះ​ដាច់​តែ​ម្តង ដោយ​យើង​​មាន​ទំនុក​ចិត្ត​ឈ្នះ ​៧០ ​ភាគរយ​ឯណោះ​ ខណៈ​ការ​ប្រកួត​​បាន​ដាក់​លក្ខខណ្ឌ​ឲ្យ​វាយ​សម្រុក​គ្នា​តែ ​៣ ​ទឹក​ ហើយ​គ្មាន​ទុក​ឱកាស​ឲ្យ​ស្ទាបស្ទង់​នោះ​ឡើយ»​។​

គួរ​រំឭក​ថា សូត្រ ​ខេវិន ​​បាន​ឈ្នះ​ ថន ​ភឿត​ ​ដោយ​ពិន្ទុ​នៅ​ជុំ​ទី ​១ រួច​បន្ត​ឈ្នះ​ ចិត្រ​ ភក្តី ​ដោយ​ពិន្ទុ​ និង​ផ្តួល ​រ៉ែម ​រាជ​ ឲ្យ​សន្លប់​នៅ​ទឹក​ទី ៣​ មុន​ពេល​រូប​គេ​មក​ចាញ់ ព្រឿង សុជាតិ ក្នុង​វគ្គ ​១/២ ​ផ្តាច់​ព្រ័ត្រ។ ចំណែក ​​ទូច ​ដេវីដ ​បាន​ឈ្នះ កុយ​ ចាន់តូ​ ​ដោយ​ពិន្ទុ​ ​ឈ្នះ ​ទិត្យ ​សុវណ្ណគីរី​ ដែល​អវត្តមាន​ និង​ឈ្នះ​ជើង​ខ្លាំង ​ឡុង ​ជិន ​ដោយ​ពិន្ទុ​នៅ​ជុំ​ទី ​៣​។​

ចំណែក​ការ​ប្រកួត​​មិត្តភាព​អន្តរជាតិ​វិញ ​អ្នក​ប្រដាល់​កម្ពុជា​ អ៊ូច​ ធារិទ្ធ ​ក្លិប​អាណាចក្រ​គុន​ខ្មែរ​ខេត្ត​សៀមរាប ត្រូវ​ជួប​ថៃ ​​Chhreunlap ​Sit ​VireakChhat​​។ ​មួយ​រយៈ​នេះ ធារិទ្ធ ​ជា​អ្នក​ប្រដាល់​មួយ​រូប​ដែល​មាន​ស្នៀត​វ៉ៃ​បាន​ល្អ​ ​ឯ​អ្នក​ប្រដាល់​ថៃ​ ​ទើប​តែ​ឆ្លង​ដែន​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​លើក​ដំបូង​នេះ​ទេ ​មិន​ដឹង​ថា​មាន​សមត្ថភាព​ប៉ុនណា​នោះ​ទេ​៕​