ក្រុង​ឡុងដ៍៖ អ្នក​មាន​ភាគហ៊ុន​សំខាន់ៗ​ក្នុង​វិស័យ​បាល់​ទាត់​នៃ​ប្រទេស ​អង់គ្លេស​ នឹង​ធ្វើ​ការ​ប្រជុំ​គ្នា​នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ពិភាក្សា​ពី​ជម្រើស​របស់​ខ្លួន ក្នុង​ការ​ជួយ​ស្រោចស្រង់​រដូវ​កាល ​ Premier League ដែល​កំពុង​មាន​វិបត្តិ ដោយសារ​តែ​មាន​ការ​រំខាន​ពី​ការ​ផ្ទុះ​ឡើង​នូវ​វីរុស​កូរ៉ូណា​។

យុទ្ធនាការ​ប្រកួត​ដណ្ដើម​ពាន​ក្នុង​ក្របខ័ណ្ឌ Premier League របស់​ប្រទេស ​អង់គ្លេស ត្រូវ​បាន​ប្រកាស​ឲ្យ​ផ្អាក​យ៉ាង​ហោច​ណាស់ ​រហូត​ដល់​ថ្ងៃ​ទី ​៣០ ខែ​មេសា ​ដែរ ដោយសារ​ការ​រាត​ត្បាត​ពី​វីរុស​ខាង​លើ​ តែ​ឱកាស​ក្នុង​​ការ​ចាប់​ផ្ដើម​ឡើង​វិញ នៅ​ខែ​ឧសភា មើល​ទៅ​ហាក់​ដូច​ជា​គ្មាន​សង្ឃឹម​ទេ​។

ពាក់ព័ន្ធ​នឹង​ការ​រក​ដំណោះ​ស្រាយ​នេះ AFP ផ្នែក​កីឡា​បាន​ធ្វើ​ការ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​នូវ​ជម្រើស​សំខាន់​មួយ​ចំនួន ដែល​នឹង​អាច​យក​មក​ពិចារណា ក្នុង​កិច្ច​ពិភាក្សា​នេះ នូវ​លក្ខខណ្ឌ និង​របៀប​ក្នុង​ការ​ធ្វើ​ឲ្យ​រដូវកាល​នេះ​ចប់​សព្វ​គ្រប់​។

ការ​ប្រកួត​ដោយ​អត់​មាន​អ្នក​គាំទ្រ

ជម្រើស​មួយ ​គឺ​ឲ្យ​​គ្រប់​ក្រុម​ទៅ​ប្រកួត​នៅ​ទឹក​ដី​កណ្ដាល​ ដែល​ការ​ប្រកួត​នៅ​សេសសល់​ទាំង​អស់​ ត្រូវ​ធ្វើ​ដោយ​អត់​មាន​អ្នក​គាំទ្រ​ចូលរួម​លើក​ទឹក​ចិត្ត​ ដោយ​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​តែ​បុគ្គល​សំខាន់ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៉ុណ្ណោះ​។

ជម្រើស​នេះ ត្រូវ​បាន​គេ​ជឿ​ថា​ នឹង​ទទួល​បាន​ការ​​គាំទ្រ​ពី​ក្លិប​ជាច្រើន​ ដោយ ​៩ ប្រកួត ដែល​នៅ​សល់​ព្រមព្រៀង​គ្នា​​រៀបចំ​ក្នុង​ខែ​មិថុនា និង​ខែ​កក្កដា​។​​ ការ​ប្រកួត​នោះ ត្រូវ​បាន​គេ​រាយការណ៍​ថា​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ ​១ ឬ ​២ កន្លែង​ ក្នុង​ទឹក​ដី​កណ្ដាល​ក្នុង​​ក្រុង​ឡុងដ៍​។​

មាន​ន័យ​ថា​ ទាំង​កីឡាករ និង​គ្រូ​បង្វឹក ត្រូវ​នៅ​ដាច់​ពី​គ្រួសារ​របស់​ពួក​គេ នៅ​កន្លែង​ដែល​បង្កើត​ឡើង​ដូច​សម្រាប់​លេង​​ព្រឹត្តិការណ៍​ World Cup ដើម្បី​បញ្ចៀស​ពី​ការ​ឆ្លង​ជំងឺ ដោយ​កីឡដ្ឋាន សណ្ឋាគារ និង​កន្លែង​ហ្វឹកហាត់​ទទួល​បាន​ការ​សម្អាត​ដោយ​សម្ងាត់​។ ​

ការ​ធ្វើ​តេស្ត​ដែល​កើន​ឡើង​យ៉ាង​ខ្លាំង ដើម្បី​រក​វីរុស​នេះ នៅ​ចក្រភព​អង់គ្លេស ប្រហែល ​២ ​ខែ​ទៀត​ គឺ​ជាកត្តា​សំខាន់​ក្នុង​ការ​ប្រើ​ផែនការ​នេះ ដោយសារ​មាន​ហេតុ​ផល​មួយ​ចំនួន​។​

ជា​ដំបូង មិន​ត្រឹម​តែ​​បន្ថយ​ការ​បារម្ភ​របស់​កីឡាករ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ ​១៩​ ពេល​កំពុង​ធ្វើ​ការ​ប្រកួត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចៀស​វាង​ពី​ការ​រិះគន់​ពី​​កីឡាករ​​អាជីព​ដែល​ស្ម័គ្រ​ចិត្ត​ធ្វើ​តេស្ត​រក​វីរុស​ដោយ​សម្ងាត់ ជាមួយ​នឹង​រោគ​សញ្ញា​តិច​តួច ឬ​គ្មាន​រោគ​សញ្ញា​អ្វី​សោះ​ក្នុង​លក្ខខណ្ឌ​ប្រសិន​បើ​ការ​ធ្វើ​តេស្ត​នោះ​ ​មិន​ចាំបាច់​ត្រូវ​​ប្រកាស​ជាសាធារណៈ​ទេ ជា​​​ពិសេស​ចំណោះ​បុគ្គលិក​ជួរ​មុខ​គ្រប់​រូប​​។​​

ទោះបី​ជា​យ៉ាងណា ​បើ​សិន​​​ជា​ការ​​​ប្រែប្រួល​នៃ​ករណី​ទាំង​នេះ​ មិន​ត្រូវ​បាន​ធ្វើ​ឲ្យ​ធូរថយ​គួរ​ឲ្យ​កត់​សម្គាល់​មុន​រដូវ​ក្ដៅ​ទេ​នោះ អ៊ីចឹង​គំនិត​ដែល​ចង់​ឲ្យ​ក្របខ័ណ្ឌ Premier League មាន​បុគ្គលិក​ពេទ្យ​ក្នុង​កម្មវិធី​ប្រកួត​ដែល​មិន​សំខាន់ ក៏​នឹង​មិន​ផ្ដល់​ផល​ល្អ​អ្វី​​ដែរ​។​

រង់ចាំ​រហូត​ដល់​ពេល​ស្ថានការណ៍​ស្ងប់​

ដោយសារ​ផល​វិបាក​ដ៏​ធ្ងន់ធ្ងរ​នៃ​វីរុស​នេះ ក្នុង​សង្គម​ទូទៅ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ក្នុង​ឆមាស​ខ្លះ​និយាយ​ដោយ​ត្រង់ ​មិន​អំណោយ​ផល​ទាល់​តែ​សោះ​សម្រាប់​ឲ្យ​ការ​ប្រកួត​បាល់​ទាត់​ចាប់​ផ្ដើម​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស​។​

ជំនួស​ឲ្យ​ការ​ប្រញាប់​ប្រញាល់​ចាប់​ផ្ដើម​សកម្មភាព​ប្រកួត​ឡើង​វិញ ការ​រង់ចាំ​រហូត​ដល់​វីរុស​នេះ​ស្ងប់​ទាំង​ស្រុង​ និង​អាច​គ្រប់គ្រង​បាន​មុន​ការ​ប្រកួត​ដំណើរ​ការ​ឡើង​វិញ​ គឺ​ជា​យុទ្ធសាស្ត្រ​ប្រសើរ​ជាង​ សម្រាប់​សេណារីយ៉ូ​នេះ​។ ​មាន​ការ​រាយការណ៍​ថា​ វីរុស​នេះ​ត្រៀម​ឡើង​ដល់​កម្រិត​ខ្ពស់​ នៅ​ចក្រភព​អង់គ្លេស​ក្នុង​ខែ​មិថុនា នោះ​អាច​មាន​ន័យ​ថា​ ការ​បិទ​មិន​ឲ្យ​មាន​ការ​ប្រកួត​កីឡា​នានា នឹង​មាន​រហូត​ដល់​ខែ​សីហា ឬ​កញ្ញា​។

ការ​រង់ចាំ​ឲ្យ​រដូវកាល​ដែល​នៅ​មាន​នេះ អាច​នឹង​បញ្ចប់​សព្វ​គ្រប់ ដោយ​ធានា​បាន​ថា​ ក្របខ័ណ្ឌ Premier League មិន​ចាំបាច់​សង​នូវ​ទឹក​ប្រាក់​ប្រមាណ ​៧៥០ ​លាន​ផោន (​៩៣០ ​លាន​ដុល្លារ) ដល់​ក្រុម​ទូរទស្សន៍ ដោយសារ​ការ​បំពាន​ច្បាប់​កិច្ចសន្យា​នោះ​ដែរ​។​​ ប៉ុន្តែ​វា​នឹង​មាន​ផល​លំបាក​ធ្ងន់ធ្ងរ​​សម្រាប់​រដូវកាល​ក្រោយ​ ព្រោះ​អាច​ធ្វើ​ឲ្យ​មាន​ការ​កាត់​បន្ថយ​កាល​បរិច្ឆេទ​ក្នុង​គោល​បំណង​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ពាន​ដ៏​ធំ​ នៃ​ក្រុម​ជម្រើស​ជាតិ​ប្រចាំ​ទ្វីប​អឺរ៉ុប ​ដែល​ប្ដូរ​ពី​ឆ្នាំនេះ ​ទៅ​ឆ្នាំ​ក្រោយ​។

ខ្សែ​ប្រយុទ្ធ Harry Kane ​របស់​ក្រុម Tottenham Hotspur ចង់​ឲ្យ​លុប​ចោល​ការ​ប្រកួត​ទាំង​ស្រុង បើ​មិន​អាច​បញ្ចប់​ត្រឹម​ចុង​ខែ​មិថុនា​ទេ​នោះ​​។​ Kane និយាយ​ថា៖ ​«​ការ​ប្រកួត​អូស​បន្លាយ​ដល់​ខែ​កក្កដា និង​សីហា​ ហើយ​ពន្យារពេល​រដូវកាល​ក្រោយ ខ្ញុំ​មើល​មិន​ឃើញ​ពី​ផល​ចំណេញ​អ្វី​ច្រើន​ពី​ការ​ធ្វើ​បែប​ហ្នឹង​ទេ​។ ដោយ​ឥត​សង្ស័យ សម្រាប់​ខ្ញុំ​គឺ​ធ្វើ​ម៉េច​ឲ្យ​ចប់​ត្រឹម​ចុង​ខែ​មិថុនា។ បើ​ការ​ប្រកួត​មិន​ចប់​ដូច​អ្វី​លើក​ឡើង​ទេ យើង​ត្រូវ​តែ​ពិនិត្យ​មើល​ជម្រើស​ផ្សេង​ទៀត និង​គ្រាន់​តែ​រៀប​ផែន​ការ​សម្រាប់​រដូវកាល​ថ្មី​»​។​​

រំលាយ​រដូវកាល​ប្រកួត​នេះ​ចោល​

អ្វី​ដែល​នឹង​អាច​ជា​សេណារីយ៉ូ​អាក្រក់​បំផុត​សម្រាប់ Premier League គឺ​មាន​ការ​លើក​ឡើង​ពី​សំណាក់​​ក្លិប​មួយ​ចំនួន​ថា​ ​​ចង់​ឲ្យ​រំសាយ​រដូវកាល​នេះ​ចោល​ភា្លម​ៗ។​ តាម​ការ​រាយការណ៍​របស់​កាសែត​កីឡា Athletic ថ្មីៗ​នេះ គឺ​បុគ្គល​សំខាន់ៗ​របស់​​ក្លិប​នៅ​ប្រទេស ​អង់គ្លេស មាន​ជំនឿ​ដូច​គ្នា​​ថា​ ពេល​នេះ គ្មាន​កន្លែង​ចន្លោះ​​សម្រាប់​សកម្មភាព​កីឡា​ឡើយ​។​

ជាមួយ​គ្នា​​នេះ ក៏​មាន​ការ​រាយ​ការណ៍​ឲ្យ​ដឹង​ដែរ​ថា​ ប្រធាន​សហព័ន្ធ​បាល់ទាត់​ប្រទេស ​អង់គ្លេស (FA) លោក Greg Clarke បាន​និយាយ​ទៅ​កាន់​​ក្រុម​អ្នក​រៀបចំ Premier League ថា ​លោក​មិន​ជឿ​ទាល់​តែ​សោះ​ថា​ រដូវ​កាល​នេះ​នឹង​ត្រូវ​បាន​បញ្ចប់​សព្វ​គ្រប់​នៅ​ដើម​ខែ​នេះ​។ ​ ​

យើង​ឃើញ​ថា​ ក្រុម​ហង្ស​ក្រហម Liverpool ត្រូវ​ការ​ឈ្នះ​តែ ​២ ប្រកួត​ទៀត​ប៉ុណ្ណោះ ​ដើម្បី​បាន​ស្គាល់​រស​ជាតិ​កាន់​​​ពាន​លីក​លើក​ដំបូង គិត​តាំង​ឆ្នាំ ​១៩៩០ ​មក ខណៈ​កំពុង​នាំ​មុខ​ក្រុម​លេខ ​២ Manchester City ដាច់ ​២៥ ពិន្ទុ​។ ​​

ហេតុ​ដូច​នេះ ការ​រំលាយ​រដូវកាល​ចោល​ នឹង​បំផ្លាញ​ក្ដី​សង្ឃឹមរបស់​ពួក​គេ ដែល​ចង់​បញ្ចប់​ការ​ខក​ខាន​ឈ្នះ​ពាន​ដ៏​កំពូល​នេះ​រយៈ​ពេល ​៣០ ​ឆ្នាំ បើ​មិន​អ៊ីចឹង​ទេ លើក​លែង​តែ​មាន​ការ​យល់​ព្រម​ជា​ផ្លូវ​ការ​ប្រកាស​ថា ​ពួក​គេ​ជា​ក្រុម​ជើង​ឯក​សិន​។​

ក្រុម Man United, Wolverhampton Wanderers, Sheffield United និង Tottenham ដែល​កំពុង​នៅ​ក្រោម​ចំណាត់​ថ្នាក់ ​Top4 ប្រាកដ​ណាស់​ពួក​គេ​នឹង​តវ៉ា​ពី​ភាព​មិន​យុត្តិធម៌ ដែល​ពួក​គេ​បាត់​ឱកាស​ទៅ​លេង​ក្របខ័ណ្ឌ Champions League វគ្គ​ជម្រុះ​។ ​

ក្រុម​ Aston Villa ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ត្រូវ​កាត់​ទៅ​លីក​ទី២ ជាមួយ​ក្រុម​ Norwich និង Bournemouth ប៉ុន្តែ​​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Dean Smith នៅ​សល់ ​១ ​ប្រកួត ​នៅ​ក្នុង​ដៃ ដែល​អាច​ឲ្យ​ពួក​គេ​ឡើង​ផុត​ពី​តំបន់​គ្រោះ​ថ្នាក់ ពោល​គឺ​នៅ​ពី​លើ​ក្រុម Watford ប្រសិន​​ពួក​គេ​ប្រកួត​ឈ្នះ​។​

សម្រាប់​លីក​លំដាប់​ទី ​២ Championship ឯណោះ​វិញ ក្រុម​ដែល​កំពុង​ឈរ​នៅ​ទី​កំពូល​ទាំង ​២ ក្នុង​តារាង​ពិន្ទុ គឺ Leeds United និង West Bromwich ប្រាកដ​ជា​ខឹង​សម្បា​ជា​មិន​ខាន ប្រសិន​បើ​មាន​ការ​ប្រកាស​ផ្លូវ​ការ​ចាត់​ទុក​ជា​មោឃៈ ដែល​ការ​ធ្វើ​បែប​នេះ​ មិន​ខុស​ពី​លួច​យក​ឱកាស​ឡើង​មក​លីក​លំដាប់​កំពូល ​ដែល​ផ្ដល់​ប្រយោជន៍​ឲ្យ​ពួក​គេ​មហាសាល​នោះ​ទេ​៕​ AFP/VN