ភ្នំពេញ៖ គ្រាប់​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​កម្រិត​មធ្យម​ក្នុង​វិស័យ​គុន​ខ្មែរ​ និង​សាង​ភាព​ល្បីល្បាញ​គួរ​សម​ក្នុង​គុន​ចម្រុះ​ MMA ​ថៃ រិទ្ធី បាន​ប្រែក្លាយ​ឈាន​ទៅ​ជា​អាជីព​គ្រូ​បង្វឹក ​ដែល​ទទួល​បាន​ភាព​ជោគជ័យ​ជាមួយ​ការ​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​ចំផុត​នៅ​ក្នុង​ស្រុក ​ខណៈ​ដែល​គ្រូ​បង្វឹក​ជើង​ចាស់​មាន​បទពិសោធ​​ច្រើន​ឆ្នាំ​មួយ​ចំនួន​មិន​អាច​ទាន់​ប្រៀប​ផ្ទឹម​ជាមួយ​គេ​បាន​ឡើយ​។

ថៃ​ រិទ្ធី​ បាន​​ឆ្លង​កាត់​ការ​ប្រកួត​ក្នុង​គុន​ខ្មែរ​បាន​តិច​ជាង​គេ ​ប៉ុន្តែ​​ទទួល​បាន​លទ្ធផល​គាប់​ចិត្ត​ជា​ទីបំផុត​ក្នុង​ការ​ប្រកួត​នៅ​​​សង្វៀន​គុន​ចម្រុះ​ MMA ​ដោយ​​​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ក្នុង​ទម្ងន់ ​៦៥ ​គីឡូក្រាម​ នៅ​ CTN​ កាល​ពី​ឆ្នាំ ​២០១៤​ ខណៈ​ដែល​បច្ចុប្បន្ន​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​វ័យ​ក្មេង​បំផុត ​កំពុង​បង្ហាត់​នៅ​ក្នុង​​​ក្លិប​ប្រដាល់​មួយ​ស្ថិត​នៅ​​​ក្រុង​សៀមរាប ​ខេត្ត​សៀមរាប​ដោយ​ទទួល​បាន​​ប្រាក់​ចំណូល​ពី​មុខ​របរ​បង្ហាត់​នេះ​ ក្នុង​មួយ​ខែ​ជិត ​១ ០០០ ​ដុល្លារ​ទៅ​ហើយ​។​

អ្នក​ប្រដាល់​ជំនាញ​​ប្រើ​កណ្តាប់​ដៃ ថៃ រិទ្ធី ដែល​មាន​ឈ្មោះ​ពិត​ក្នុង​​បញ្ជី​ជាតិ​ថា ​«​ឈួន ម៉ាញ» ​គឺ​ជា​កូន​ទី ​៣ ​ក្នុង​គ្រួសារ​កសិករ​ មាន​ជីវភាព​កម្រិត​ក្រោម​មធ្យម​មួយ​នៅ​ភូមិ​ព្រែក​ថោង​ ឃុំ​ព្រែក​លួង​ ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​។​ តាម​ប្រវត្តិ​ផ្ទាល់​ខ្លួន​ក្នុង​សកម្មភាព​កីឡា​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ សម្ភាស​ផ្ទាល់​ គឺ ថៃ​ រិទ្ធី ​ធ្លាប់​ឆ្លង​កាត់​អាជីព​ជា​កីឡាករ​ក្នុង​រយៈ​ពេល​ត្រឹម​ជាង ​៥ ​ឆ្នាំ ​តែ​ទទួល​បាន​លទ្ធផល​គួរ​ជា​ទី​គាប់​ចិត្ត។

ចំពោះ​ការ​បាត់​មុខ​ពី​​សង្វៀន​​​ប្រដាល់ ​ក្នុង​រយៈពេល ​២ ​ឆ្នាំ​ចុង​ក្រោយ​ ​កីឡាករ​វ័យ ​២២ ​ឆ្នាំ ​ថៃ ​រិទ្ធី​ បាន​សំងំ​ធ្វើ​​ជា​គ្រូ​បង្វឹក​កីឡា​ប្រដាល់​គុន​ខ្មែរ ​ដែល​មាន​ភាព​ល្បីល្បាញ​​នៅ​ឯ​ខេត្ត​សៀមរាប ដោយ​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​ដាច់​គេ​ បើ​ប្រៀបធៀប​ក្នុង​ស្រុក​យើង​នា​ពេល​បច្ចុប្បន្ន​។​

ថៃ​ រិទ្ធី​ ​បាន​ចូល​ហ្វឹកហាត់​ប្រដាល់​គុន​ខ្មែរ​ដំបូង ​នៅ​ក្លិប​អង្គរ​គុន​ខ្មែរ​ជា​មួយ​​គ្រូ​បង្វឹក​ ទេព ​ស៊ីវុត្ថា ​​បន្ទាប់​មក​ត្រូវ​បាន​ផ្ទេរ​មក​នៅ​ក្លិប​ប្រដាល់​​នាគ​រាជ ​ជាមួយ​លោកគ្រូ​ ប៉ាន់​ ស៊ីថៃ​។ ​​ក្រោយ​មក​ទៀត រូប​គេ​បាន​​ផ្លាស់​មក​នៅ​ក្លិប ​Top Team MMA ជាមួយ​មួយ​លោក​គ្រូ​ ហ៊ុន ​ចាន់រាជ​ ហើយ​ក៏​ជា​ពេល​ដែល​រូប​គេ​បាន​បង្ហាញ​ខ្លួន ក្នុង​ការ​ប្រកួត MMA ក្នុង​ព្រឹត្តិការណ៍ ONE នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ ប៉ុន្តែ​ចុង​ក្រោយ រិទ្ធី បាន​សម្រេច​មក​រួម​រស់​​នៅ​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ ជាមួយ​លោក​គ្រូ​ ធន់ ​សុភា​ មុន​ក្លាយ​ជា​គ្រូ​បង្វឹក​នៅ​ក្លិប​ប្រដាល់​មីស្ទ័រ​លី ​ខេត្ត​សៀមរាប​។​

ថៃ ​រិទ្ធី ​​បាន​និយាយ​ថា​៖ «​នៅ​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ ​ខ្ញុំ​វ៉ៃ​មិន​សូវ​បាន​ល្អ​ និង​មិន​ទទួល​បាន​លទ្ធផល​ជាប់​ជើង​ឯក​ ឬ​ឈ្នះ​ក្រវាត់​នោះ​ទេ​ គឺ​ក្នុង​ស្ថិតិ​ប្រកួត​ចំនួន ​៤៤ ​ដង ខ្ញុំ​​ឈ្នះ​បាន​ ​៣២ ​ដង ​ចាញ់ ​១០​ និង​ស្មើ​ ​២ ​ដង ប៉ុន្តែ​ខ្ញុំ​ចូល​លេង​ការ​ប្រកួត​ជម្រើស​ជើងឯក​កីឡា​ល្បុក្កតោ​ ទទួល​បាន​មេដាយ​មាស ​ឆ្នាំ ​២០១៥»​។

ថៃ រិទ្ធី (រូបថតលុតជង្គង់​ទី​ ២ រាប់ពី​ស្តាំ) ពេល​ថតជាមួយ​​សិស្ស​របស់​ខ្លួន នៅ​ក្នុង​ក្លិប​ប្រដាល់មីស្ទ័រ​លី ​ខេត្ត​សៀម​រាប។ រូបថត យឺន ពន្លក

កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា៖ ​«ខ្ញុំ​បាន​ល្បី​ឈ្មោះ​ខ្លាំង​នៅ​ក្នុង​គុន​ចម្រុះ ​MMA​ ដោយ​ឆ្លង​កាត់​ការ​ប្រកួត​ជាង ​៣០ ​ដង ឈ្នះ ​២៧ ដង ក្នុង​នោះ​ខ្ញុំ​ធ្លាប់​ឈ្នះ​បាន​ខ្សែ​ក្រវាត់​ក្នុង​ទម្ងន់ ​៦៥ ​គីឡូក្រាម​ បន្ទាប់​ពី​ឈ្នះ​ចំនួន ​៧ ​ប្រកួត​ និង​ឈ្នះ​​ ​រឿង ​សារ័ត្ន​ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​ ​៣ ​០០០ ​ដុល្លារ​។​ ខ្ញុំ​បាន​សាង​ភាព​ល្បីល្បាញ​បន្ថែម​​ទៀត​ គឺ​ការ​ប្រកួត​គុន​ចម្រុះ​ MMA ​នៅ​ក្រៅ​ប្រទេស​ចំនួន ​៩ ​លើក​ ឈ្នះ ​៧​ និង​​ចាញ់​តែ ​២ ​លើក​ប៉ុណ្ណោះ»​។​

សម្រាប់​ការ​ប្រកួត MMA នៅ​លើ​ឆាក​អន្តរជាតិ​នោះ ថៃ រិទ្ធី ធ្លាប់​ប្រកួត​នៅ​ប្រទេស ​ថៃ ​បាន​ ​៥ ដង ​ឈ្នះ ​៤ និង​ចាញ់ ​១ ដង ​ហើយ​គេ​ធ្លាប់​ប្រកួត​នៅ​ហ្វីលីពីន ចាញ់ ​១​ ​​និង​ប្រកួត​នៅ​​ឥណ្ឌូនេស៊ី​ផង​ដែរ​។ ​ក្នុង​ភាព​ល្បីល្បាញ​នោះ ​ថៃ ​រិទ្ធី ​ទទួល​បាន​តម្លៃ​ខ្លួន​ប្រកួត​ក្នុង​មួយ​លើក ​១ ៥០០ ​ដុល្លារ​ ដល់​ ​៣ ​០០០ ​ដុល្លារ​ ក្នុង​ករណី​ឈ្នះ​ ហើយ​​ប្រាក់​ចំណូល​​ទាំង​អស់​ដែល​រក​បាន​គឺ ថៃ រិទ្ធី​ បាន​ជួយ​ទៅ​ឪពុក​ម្តាយ ​២ ​ភាគ​ និង​បាន​ទុក​ចាយ​សម្រាប់​ខ្លួន​ឯង​ផ្ទាល់​តែ ​១ ​ភាគ​ប៉ុណ្ណោះ​។​

ជាមួយ​បញ្ហា​ជីវភាព​គ្រួសារ​ស្ថិត​​នៅ​ក្រោម​មធ្យម​បាន​ជំរុញ​ឲ្យ ថៃ រិទ្ធី ​ឈប់​​​រៀន​ត្រឹម​ថ្នាក់​ទី ​៦ ​ហើយ​បាន​​មក​ហាត់​ប្រដាល់​ និង​​បាន​ប្រែ​ក្លាយ​ខ្លួន​ជា​អ្នក​ប្រដាល់​ដែល​វិវត្ត​​ខ្លួន​រីក​ចម្រើន​ជា​លំដាប់​មាន​ភាព​ល្បី​ឈ្មោះ​កម្រិត​មធ្យម។

ជាមួយ​គ្នា​នោះ ​ថៃ ​រិទ្ធី​ បាន​ខិតខំ​រៀន​​ភាសា​អង់គ្លេស​ទាក់ទង​ទៅ​នឹង​ការ​ប្រើប្រាស់​ក្នុង​វិស័យ​កីឡា​ ខណៈ​​រូប​គេ​តែងតែ​មាន​ឱកាស​​ប្រាស្រ័យ​ទាក់ទង​ទៅ​នឹង​សកម្មភាព​ហ្វឹកហាត់​ជាមួយ​ជន​បរទេស​ ដែល​និយម​ហាត់​កីឡា​មួយ​ចំនួន​នោះ​។​

ក្រោយ​បាន​ឱកាស​ណែនាំ​ពី​ លោក​ ធន់ ​សុភា​ ​បាន​ជួយ​ឲ្យ ថៃ​ រិទ្ធី​ មាន​ឱកាស​ទៅ​បង្វឹក​ឲ្យ​ក្លិប​មីស្ទ័រលី ​នៅ​ក្រុង​សៀមរាប​ ខេត្ត​សៀមរាប ​ក្នុង​លក្ខណៈ​ជា​គ្រូ​ស្ម័គ្រ​ចិត្ត​ ដោយ​ទទួល​បាន​កម្រៃ​តាម​ការ​យោគយល់​ និង​ទំហំ​ការងារ​ ប៉ុន្តែ​ដោយ​ការ​ព្យាយាម​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ​គោរព​វិន័យ និង​ពេល​វេលា​បាន​ល្អ បាន​ធ្វើ​ឲ្យ​​ក្លិប​នោះ ​មាន​ការ​រីក​ចម្រើន​ ហើយ​​តម្លៃ​បង្វឹក​របស់ ​ថៃ ​រិទ្ធី​ ក៏​ទទួល​បាន​រហូត​ដល់​ខ្ទង់​មួយ​ពាន់​ដុល្លារ ​​ទៅ​តាម​ចំនួន​ម៉ោង​ហាត់​​ជាក់​ស្តែង​ ដោយ​គិត​ជា​ភាគរយ​។​

ជុំវិញ​រឿង​នេះ ថៃ​ រិទ្ធី ​បាន​ប្រាប់​ថា ក្នុង​មួយ​ថ្ងៃ​គេ​​អាច​បង្ហាត់​បាន​​ ​៥ ​ទៅ ​៦ ​ម៉ោង​ គឺ​ហ្វឹកហាត់​ជា​ក្រុម​សម្រាប់​អ្នក​ប្រដាល់​ខ្មែរ ​និង​បរទេស​ ប៉ុន្តែ​សម្រាប់​ជន​បរទេស​ ឬ​ខ្មែរ​ ដែល​ចង់​ហាត់​លក្ខណៈ​ឯកជន​គ្រូ​មួយ​ សិស្ស​មួយ​​នោះ គឺ ​១ ម៉ោង ​២០ ​ដុល្លារ ​ដោយ​កម្រៃ​នេះ​ ទទួល​បាន​ជា​ភាគរយ ​ខណៈ​ដែល​ការ​ហូប​ចុក​ស្នាក់​នៅ ​ប្រធាន​​ក្លិប​ លោក​ មីស្ទ័រ​លី​ ជួយ​រ៉ាប់​រង​ទាំង​ស្រុង​។​

ទាក់ទង​ទៅ​នឹង​អាជីព​ជា​គ្រូ​បង្វឹក​នេះ ​ថៃ ​រិទ្ធី បាន​​អះអាង​ថា៖ ​«​ខ្ញុំ​មាន​ការ​​ពេញ​ចិត្ត​ខ្លាំង ហើយ​ខ្ញុំ​ប្តេជ្ញា​នឹង​ខិតខំ​ធ្វើ​ឲ្យ​កាន់​តែ​ល្អ​ ប៉ុន្តែ​បើ​មាន​ពេលវេលា​ ខ្ញុំ​នៅ​តែ​ចង់​ឡើង​ប្រកួត​បន្ត​ទៀត។​ ​ជាមួយ​គ្នា​នេះ​លោក​ប្រធាន​ក្លិប​និយម​ចូល​ចិត្ត ​និង​ជួយ​លើក​ទឹក​ចិត្ត ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ភាព​​កក់ក្តៅ​ ក្នុង​ការ​បន្ត​អាជីព​នេះ​រហូត​ដល់​គាត់​លែង​ត្រូវ​ការ​ខ្ញុំ»​​។​

លោក ​លី ​ម៉ាវី​ ដែល​ជា​ប្រធាន​ក្លិប​បាន​​និយាយ​ថា​៖ ​«ថៃ​ រិទ្ធី​ អាច​នឹង​ទទួល​ប្រាក់​ចំណូល​ខ្ពស់​ជាង​នេះ​ទៅ​ទៀត ​នៅ​ពេល​ដែល​អ្នក​មក​ហាត់​ភាគ​ច្រើន​ជា​ជន​បរទេស​ ហើយ​បទពិសោធ​ព្រម​ទាំង​បំពេញ​តួនាទី​ល្អ គឺ​​ផល​ប្រយោជន៍ ​នឹង​ផ្តល់​ទៅ​តាម​ហ្នឹង​ឯង»​។​ លោក​បន្ថែម​ថា៖ ​«​ខ្ញុំ​វិនិយោគ​ច្រើន​ទៅ​លើ​កីឡា ​ហើយ​អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត គឺ​​មាន​គ្រូ​បង្វឹក​ល្អ ​កីឡាករ​ល្អ ​ការ​គាំទ្រ​ច្រើន ​ដែល​នេះ​ជា​គោល​បំណង​របស់​ខ្ញុំ»​។​

នៅ​ពេល​សួរ​ថា តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​ជំរុញ​ឲ្យ​ទទួល​បាន​​ភាព​ជោគជ័យ​នៅ​ពេល​នេះ? ​ថៃ​ រិទ្ធី​ ​បាន​ឆ្លើយ​តប​ថា​៖ ​«ពី​ដំបូង ​ខ្ញុំ​ក៏​ដូចជា​បងប្អូន​កីឡាករ​ដទៃ​​ដែរ ​ឬ​អាច​និយាយ​ថា​ មិន​ល្បី​ដូច​បងៗ​ផង ​ប៉ុន្តែ​ខ្ញុំ​រៀន​សូត្រ​ពី​បង​ ធន់ ​សុភា​ គឺ​មិន​ដើរ​លេង​មិន​ផឹក​ ថែ​ទាំ​សុខភាព​ និង​ហាត់​ល្អ​ ហើយ​នៅ​ពេល​យើង​គោរព​វិន័យ​បាន​​ល្អ​បងប្អូន​ស្រឡាញ់​រាប់​អាន ឯការ​ប្រកួត​ក៏​​ទទួល​បាន​ល្អ​ទៅ​​តាម​ហ្នឹង​ដែរ»​៕