ភ្នំពេញៈ កីឡាករ កីឡាការិនីប៉េតង់របស់ក្លិបទីស្តីការគណៈរដ្ឋមន្ត្រី និងក្លិបក្រសួងការពារជាតិ (ទ័ព) បានបង្ហាញឲ្យឃើញពីភាពលេចធ្លោខ្លាំងជាងគេ នៅក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០១៩ ខណៈក្លិបទាំង ២ ដណ្តើមបានពានលេខ ១ ចំនួន ២ ដូចគ្នាក្នុងចំណោមពានលេខ ១ ទាំង ៥ វិញ្ញាសានោះ។
បើទោះបីជាការប្រកួតនេះ មានអត្តពលិកចូលរួមប្រកួតប្រជែងរហូតដល់ ៣២៧ នាក់ (នារី ៦៣ នាក់) ប៉ុន្តែក្រុមអត្តពលិករបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដណ្តើមបានលេខ ១ ក្នុងការប្រកួត ៣ នាក់ ទល់ ៣ នាក់នារី បន្ទាប់ពីគេបានយកឈ្នះលើក្រុមខេត្តប៉ៃលិនជាមួយពិន្ទុ ១៣-០ នៅវគ្គផ្តាច់ព្រ័ត្រនោះ ហើយលេខ ៣ ក៏បានទៅលើក្រុមនារីរបស់ទីស្នាក់ការ គណៈរដ្ឋមន្ត្រីដែរ។
បន្ថែមទៅលើនេះក្រុមយុវជនរបស់ទីស្តីការគណៈរដ្ឋមន្ត្រីក៏បានរកឃើញជ័យជម្នះដ៏គួរភ្ញាក់ផ្អើលក្នុងការប្រកួត ៣ នាក់ទល់ ៣ នាក់ផងដែរ ក្រោយពួកគេបានរួមគ្នាយកឈ្នះក្រុមក្រសួងមហាផ្ទៃ ១៣-៩ នៅវគ្គផ្តាច់ព្រ័ត្រដែរនោះ ចំណែកលេខ ៣ បានទៅលើក្រុមខេត្តកំពត។
ដោយឡែកក្រុមក្រសួងការពារជាតិបានយកឈ្នះក្រុមក្រសួងមហាផ្ទៃជាមួយលទ្ធផល ១៣-៦ យ៉ាងស្វិតស្វាញបំផុត ដើម្បីក្លាយជាម្ចាស់ជើងឯកលើវិញ្ញាសា ៣ នាក់ទល់ ៣ នាក់ ក្របខ័ណ្ឌក ១ ខណៈលេខ ៣ បានទៅក្រុមយោធភូមិភាគពិសេស។
បន្ថែមលើនេះកីឡាការិនី ភៀត ផារីតា របស់ក្រសួងការពារជាតិបានយកឈ្នះកីឡាការិនី អាយ គឹមឆាយ របស់មជ្ឈមណ្ឌល ខ.ភ.ម ដើម្បីឈ្នះមេដាយមាសលើវិញ្ញាសា ១ នាក់ទល់ ១ នាក់យុវនារី។ ចំណែកការប្រកួត ៣ នាក់ទល់ ៣ នាក់ក ២ លេខ ១ បានទៅក្លិបទួលស្វាយព្រៃ លេខ ២ ក្លិបភូមិភាគទី ៥ និងលេខ ៣ ក្លិបទីស្តីការគណៈរដ្ឋមន្ត្រី។
លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាព្រមទាំងថ្នាក់ដឹកនាំកីឡាជាច្រើនរូបទៀតបានបង្ហាញភាពភ្ញាក់ផ្អើលទៅលើការប្រកួតផ្តាច់ព្រ័ត្រលើវិញ្ញាសា ៣ នាក់ទល់ ៣ នាក់នៃក្របខ័ណ្ឌនារី យុវជន និងបុរសក ១ ដែលត្រូវបានធ្វើឡើងក្នុងពិធីបិទកាលពីថ្ងៃអាទិត្យនោះ ព្រោះពួកគេបានប្រកួតយ៉ាងស្វិតស្វាញ និងចំណាយពេលប្រកួតជិត ២ ម៉ោងទើបរកឃើញអ្នកឈ្នះ ចាញ់ឃើញ។
លោក ស សុខា ដែលជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាផងនោះបានថ្លែងថា៖ «ការប្រកួតកីឡាប៉េតង់ជើងឯកថ្នាក់ជាតិឆ្នាំ ២០១៩ នេះ មានការចូលរួមយ៉ាងផុសផុលពីសំណាក់ក្លិបទាំង ៣៧ គឺច្រើនជាងឆ្នាំ ២០១៨ ដែលមានតែ ២១ ក្លិប។ តាមស្ថិតិនេះបានបង្ហាញថា កីឡាប៊ូល និងប៉េតង់នៅកម្ពុជាមានការរីកចម្រើនសុសសាយទូទាំងប្រទេសកម្ពុជា ទាំងនៅសាលារៀន ភូមិ និងស្រុកជាដើម ហើយការប្រកួត ៣ ថ្ងៃកន្លងមកនេះគឺប្រព្រឹត្តទៅដោយរលូន និងជោគជ័យ»៕