ភ្នំពេញៈ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​និង​កំពុង​ធ្វើ​តេស្ត​កីឡាករ​ជម្រើស​ជាតិ​ជាមួយ​នឹង​ឧបករណ៍​ម៉ាស៊ីន​ទំនើប ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​លើ​សមត្ថភាព​របស់​ពួកគេ ដែល​ត្រូវ​ត្រៀម​លក្ខណ​សម្បត្តិ ចូលរួម​ការ​ប្រកួត​ស៊ីហ្គេម នៅ​ហ្វីលីពីន​ឆ្នាំ ២០១៩ ខណៈ​ព្រឹត្តិការណ៍​នេះ សហព័ន្ធ​នេះ​ចង់​បាន​នូវ​លទ្ធផល​ដ៏​ប្រសើរ​មួយ។

លោក​ឧកញ៉ា វង្ស ខាន់​ពៅ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោច​ក្រយាន បាន​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ នៅ​កន្លែង​ធ្វើ​តេស្ត​កីឡាករ នៅ​ទីស្នាក់ការ NOCC កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «នេះ​ជាការ​ធ្វើ​តេស្ត​បែប​បច្ចេកទេស​ទំនើប ដោយ​ប្រើ​ម៉ាស៊ីន​វាស់ កម្លាំង (Power​ Watts) ដែល​មាន​លក្ខណៈ​ងាយ​ស្រួល មាន​ភាព​សុក្រឹត និង​ច្បាស់​លាស់ ជាង​ការ​ធ្វើ​តេស្ត​កីឡាករ​ដោយ​ការ​ជិះ​កង់​នៅ​តាម​ដង​ផ្លូវ ព្រោះ​វា​គ្មាន​ការ​រំខាន​ដោយ​ចរាចរណ៍»។

លោក​បាន​បន្ថែម​ថា៖ «តាមរយៈ​ម៉ាស៊ីន​នេះ នឹង​បង្ហាញ​ឲ្យ​យើង​ឃើញ​ពី​ថាមពល និង​ការ​រីក​ចម្រើន ឬ​ការ​ធ្លាក់​ចុះ​របស់​កីឡាករ ហើយ​បើសិន​ជា​កីឡាករ​ណា​ម្នាក់ មាន​សមត្ថភាព ធ្លាក់​ចុះ ក្នុង​ការ​ធ្វើ​តេស្ត ២ លើក​ជាប់ៗ​គ្នា យើង​អាច​នឹង​ផ្លាស់ប្តូរ​គេ​ចេញ ហើយ​ដាក់​អ្នកថ្មី​ជំនួស ឲ្យ​ចូលរួម​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០១៩ ព្រោះ​យើង​ចង់​បាន​លទ្ធផល​ដ៏​ល្អ​មួយ ពី​ការ​ប្រកួត​នោះ»។

ការធ្វើ​តេស្ត​ដោយ​ម៉ាស៊ីន​វាស់​កម្លាំង​នេះ ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈពេល ៣ ខែ​ម្តង ទៅ​លើ​កីឡាករ​ជម្រើស​ជាតិ ទាំង ៦ នាក់ ដែល​ត្រូវ​ដាក់​ឲ្យ​ប្រមូលផ្តុំ ឆ្នាំ ២០១៨ នេះ ប៉ុន្តែ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ក៏មាន​អ្នក​បម្រុង ៤ នាក់​ទៀត សម្រាប់​ធ្វើ​ការ​ដោះដូរ​កីឡាករ​ជម្រើស​ជាតិ​ណា​ម្នាក់ មាន​សមត្ថភាព មិន​រីក​ចម្រើន ផង​ដែរ ដ្បិត​អី​ការ​ត្រៀម​ស៊ីហ្គេម ឆ្នាំ ២០១៩ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​ត្រៀម​ទាំង​ការ​ប្រកួត​កង់​គួក និង​កង់​ដៃ​ត្រង់ ដើម្បី​ប្រជែង​យក​មេដាយ។

អតីត​កីឡាករ​ប្រណាំង​កង់​កម្រិត​អាជីព​របស់​អូស្ត្រាលី លោក Frank Zgoznik ដែល​ជា​គ្រូ​ស្ម័គ្រ​ចិត្ត​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ទោច​ក្រយាន និង​លោក ការី ផ្លែអ៊ីស​ប៉ាទ្រីក ជា​អគ្គលេ​ខាធិការ​រង គឺជា​អ្នក​ធ្វើ​តេស្ត​ដោយ​ផ្ទាល់​ទៅ​លើ​ក្រុម​ជម្រើស​ជាតិ ដោយ​ក្នុង​នោះ​កីឡាករ​ម្នាក់ៗ ត្រូវ​បាន​លោក Frank ត្រួត​ពិនិត្យ​សុខភាព និង​រាងកាយ យ៉ាង​ច្បាស់​លាស់ មុន​ពេល​ឲ្យ​ពួកគេ​ឡើង​ធាក់​កង់ ដោយ​ប្រើ​ម៉ាស៊ីន​វាស់​កម្លាំង​ចំនួន ២ ម៉ោង ដើម្បី​វាស​ស្ទង់​ថាមពល និង​សមត្ថភាព ដែល​ពួកគេ​បាន​ហ្វឹកហាត់​កន្លង​មក ថា​មាន​ការ​កើន​ឡើង ឬ​ធ្លាក់​ចុះ។

លោក Frank Zgoznik ដែល​បាន​មក​ជួយ​សហព័ន្ធ​ខ្មែរ​កីឡា​ទោច​ក្រយាន ១ ឆ្នាំ​មក​ហើយ​នោះ បាន​ថ្លែង​ថា៖ «ខ្ញុំ​មាន​ការ​ខកចិត្ត​នូវ​លទ្ធផល ដែល​ក្រុម​ប្រណាំង​កង់​របស់​កម្ពុជា ទទួល​បាន​កាល​ពី​អតីតកាល អ៊ីចឹង​ហើយ​ខ្ញុំ​មក​ទីនេះ ដើម្បី​ស្វែងរក​ចំណុច​ខ្សោយ​របស់​ពួកគេ និង​កែប្រែ​យុទ្ធសាស្ត្រ​ឲ្យ​បាន ១០០ ភាគរយ។ ខ្ញុំ​នឹង​នាំយក​ព័ត៌មាន និង​វិទ្យាសាស្ត្រ​សម័យ​ទំនើប មក​កាន់​កម្ពុជា ដើម្បី​ជួយ​ឲ្យ​ក្រុម​កម្ពុជា មាន​ការ​រីក​ចម្រើន​ជាង​មុន»។

នៅពេល​សួរ​ពី​គម្រោង​នៃ​ការ​ប្រជែង​យក​មេដាយ នៅ​ស៊ីហ្គេម ឆ្នាំ ២០១៩ លោក Frank Zgoznik បាន​ឆ្លើយ​តប​ថា៖ «ពួកគេ​នឹង​ធ្វើ​បាន​ល្អ ប៉ុន្តែ​ខ្ញុំ​មិនទាន់​ប្រាកដ​ថា ពួកគេ​អាច​នឹង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់ ទទួល​បាន​មេដាយ​នៅ​ឡើយ​ទេ។ ទោះ​យ៉ាង​ណា ខ្ញុំ​ចង់​ឲ្យ​ពួកគេ​ស្ថិត​នៅ​ក្នុង​ក្រុម​កំពូល និង​ចង់​ឲ្យ​ពួកគេ​បង្ហាញ​នូវ​សិទ្ធ​ផល​ដ៏​ពិ​សេស​មួយ ដូច្នេះ​ក្នុង​រយៈពេល​នៅ​សល់​ជាង ១ ឆ្នាំ មុន​ស៊ីហ្គេម​នេះ ខ្ញុំ​នឹង​ផ្តល់​ឲ្យ​​កីឡាករ​វ័យក្មេង​ទាំង​នេះ ទាំង​បទពិសោធ​នៃ ការ​ហ្វឹកហាត់ និង​បច្ចេកទេស​នៃ​ការ​ប្រកួត»៕