ភ្នំពេញ៖​ គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា លោក Felix Dalmas នៅ​តែ​ប្រកាន់​គោល​ជំហរ រក្សា​ទស្សនៈ​បាល់​ទាត់​របស់​លោក គឺ​ការ​មិន​លេង ​«បែប​ការពារ» បើ​ទោះ​បីជា​លោក​ដឹង​ថា ជម្រើស​ជាតិ​អ៊ីរ៉ាក់ គឺ​ជា​ក្រុម​ខ្លាំង ដែល​មាន​ប្រៀប​លើ​កម្ពុជា​ទាំង​បច្ចេកទេស និង​កម្រិត​នៃ​ការ​លេង និង​កាយ​សម្បទា​ក៏​ដោយ។ បន្ថែម​លើ​នេះ​គ្រូបង្វឹក​អ៊ីរ៉ាក់​បាន​អះអាង​ថា ​ការ​ជួប​គ្នា​នៅ​កីឡដ្ឋានជាតិ​នា​ល្ងាច​ម៉ោង ៦:៣០ ថ្ងៃ​អង្គារ​​នេះ លោក​ត្រូវ​ដណ្តើម​យក ​៣ ពិន្ទុ ឲ្យ​បាន។

លោក Felix ​បាន​មើល​ឃើញ​ថា សមត្ថភាព​លេង​របស់​កីឡាករ​ក្រុម​អ៊ីរ៉ាក់ ពិសេស​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​នេះ ដែល​ភាគ​ច្រើន​ជា​អ្នក​ប្រកប​អាជីព​នៅ​លីក​កំពូល​នៅ​​អឺរ៉ុប​នោះ វា​អាច​នឹង​ធ្វើ​ឲ្យ​ក្រុម​កម្ពុជា​ទទួល​បាន​លទ្ធផល​ដ៏​ជូរ​ចត់​ម្តង​ទៀត ដូច​ពេល​ដែល​ពួក​គេ​បាន​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​អ៊ីរ៉ង់ ១៤-០ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​លោក Felix បាន​បញ្ជាក់​ថា កម្ពុជា​អាច​នឹង​ចាញ់​ច្រើន​ជាង​នេះ បើ​យើង​លេង​អង្គុយ​ចាំ​តែ​ការពារ​ក្រុម​អ៊ីរ៉ាក់។

លោក Felix Dalmas ​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ ​«​ការ​ប្រកួត​ជាមួយ​ក្រុម​អ៊ីរ៉ាក់​លើក​​នេះ គឺ​វា​មាន​ភាព​ខុស​ប្លែក​គ្នា ពី​ការ​ប្រកួត​ជាមួយ​ក្រុម​ហុងកុង បារ៉ែន និង​ក្រុម​ប៉ាគីស្ថាន ដែល​យើង​ធ្លាប់​បាន​ជួប ព្រោះ​អ៊ីរ៉ាក់​ជា​​ក្រុម​ខ្លាំង ដែល​ធ្លាប់​ស្មើ​ក្រុម​អេស្ប៉ាញ និង​បាន​ចាញ់​ក្រុម​អាហ្សង់ទីន ត្រឹម​ ១-០ ប៉ុណ្ណោះ ហើយ​ជម្រើស ១១ នាក់​ដំបូង​របស់​ពួក​គេ ពិសេស​​ខ្សែ​ប្រយុទ្ធ គឺ​​​ភាគ​ច្រើន​លេង​នៅ​លីក​កំពូល​អឺរ៉ុប ដែល​មាន​បទពិសោធ និង​មាន​កម្រិត​លេង​ខ្លាំង»។

គ្រូ​បង្វឹក​ជនជាតិ​អាហ្សង់ទីន​រូប​នេះ​​បាន​បញ្ជាក់​ថា៖ ​«យើង​នឹង​ព្យាយាម​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ព្រោះ​នេះ​ជា​ឱកាស ដែល​ពួក​យើង​នៅ​តែ​​ក្រោក​ឡើង ដើម្បី​ប្រកួត​ប្រជែង​ឆ្ពោះ​ទៅ​មុខ​ទៀត ព្រោះ​បើសិន​ជា​យើង​អង្គុយ​ចាំ​តែ​ការពារ ប្រហែល​ជា​យើង​នឹង​ចាញ់​ទ្វេដង​ ហើយ​ការ​លេង​បែប​ការពារ វា​មិន​មែន​ជា​វិធីសាស្រ្ត​ល្អ ​នៅ​ពេល​អនាគត​នោះ​ទេ ហេតុនេះ​យើង​ត្រូវ​តែ​យក​ទេពកោសល្យ សមត្ថភាព និង​អ្វី​ដែល​កីឡាករ​​របស់​យើង​មាន យក​មក​បញ្ចេញ​នៅ​លើ​ទីលាន ដើម្បី​ឲ្យ​ពួក​គេ​មាន​ការ​អភិវឌ្ឍ​បន្ថែម​ទៀត»។

លោក Felix បាន​បញ្ជាក់​ថា៖​ «​ទាំង​ការ​ប្រកួត​មុន និង​ការ​ប្រកួត​នេះ គឺ​ទម្រង់​លេង​យុទ្ធសាស្រ្ត​ និង​ទស្សនៈ​បាល់​ទាត់​របស់​យើង នៅ​ដដែល ហើយ​យើង​បាន​ពន្យល់​ពី​មូលហេតុ​របស់​យើង​ ថា​ហេតុ​អ្វី​យើង​លេង​របៀប​នេះ ​(មិន​លេង​ការពារ) ព្រោះ​យើង​ចង់​ឲ្យ​ក្រុម​យើង​មាន​ការ​អភិវឌ្ឍ​ទៅ​មុខ​ទៀត ហើយ​ដើម្បី​ឲ្យ​មាន​ការ​អភិវឌ្ឍ យើង​ត្រូវ​តែ​ហ៊ាន​ប្រកួត​ប្រជែង​ជាមួយ​គេ»។

ចំណែក​លោក Strichko Katanetch គ្រូ​បង្វឹក​ក្រុម​​អ៊ីរ៉ាក់​បាន​ថ្លែង​ ក្នុង​សន្និសីទ​នោះ​ដែរ​ថា៖ ​«​ក្រុម​របស់​យើង​បាន​ត្រៀម​ខ្លួន​រួច​រាល់​អស់​ហើយ គឺ​អ្វី​គ្រប់​យ៉ាង​គ្មាន​បញ្ហា​នោះ​ទេ ហើយ​ខ្ញុំ​តែងតែ​រំឭក​ទៅ​ដល់​កូន​ក្រុម​របស់​ខ្ញុំ ឲ្យ​​​យក​ចិត្ត​ទុក​ដាក់ និង​ខំ​ប្រឹង​មិន​ត្រឹម​តែ​ ​១០០ ​ភាគរយ​ទេ គឺ​រហូត​ដល់ ​១២០ ​ភាគរយ ព្រោះ​នៅ​ក្នុង​បាល់​ទាត់​អ្វីៗ​ក៏​អាច​កើត​មាន​ឡើង​ដែរ»។

លោក​បាន​បន្ថែម​ថា៖ ​«ខ្ញុំ​មិន​បាន​បំភ័យ​ទៅ​ដល់​កីឡាករ​របស់​យើង​ទេ ប៉ុន្តែ​ការ​ក្រើន​រំឭក​នេះ វា​កាន់​តែ​ធ្វើ​ឲ្យ​ពួក​គេ មាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ប្រមូល​អារម្មណ៍​ក្នុង​ការ​ប្រកួត ហើយ​​លើក​នេះ យើង​លេង​នៅ​លើស្មៅ​សិប្បនិម្មិត ខុស​ពី​ស្មៅ​ធម្មជាតិ អ៊ីចឹង​បើ​សិន​ជា​យើង​ចង់​ឆ្លង​ផុត​វគ្គ​ជម្រុះ​ជុំ​ទី ​២ ​នេះ យើង​​ត្រូវ​តែ​ខំ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ទទួល​បាន​ជ័យ​ជម្នះ​លើក​នេះ គឺ​យើង​ត្រូវ​ការ​ឈ្នះ ដើម្បី​ឆ្លង​ទៅ​វគ្គ​បន្ត»៕