ភ្នំពេញៈ ស្របពេលដែលក្រុមជម្រើសជាតិកម្ពុជាបានបញ្ចប់ភារកិច្ច ១ ដំណាក់កាលនៅក្នុងការប្រកួតជម្រុះជុំទី ១ នៃវគ្គជម្រុះ World Cup 2022 និង Asian Cup 2023 នោះ ក្រុមលីកកំពូលទាំង ១៤ ក្រុមនឹងវិលមកប្រជែងគ្នាជាថ្មីនៅលើទីលាននាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីរកក្រុមដែលដណ្តើមបាន ៣ ពិន្ទុជាបន្តទៀត។
ការឈប់សម្រាក ១ សប្តាហ៍បានធ្វើឲ្យក្រុមនីមួយៗកាន់តែមានពេលវេលាគ្រប់គ្រាន់ក្នុងការត្រៀមខ្លួនសម្រាប់ការប្រកួតប្រចាំសប្តាហ៍នេះ ប៉ុន្តែផ្ទុយទៅវិញក្រុមក្រសួងការពារជាតិ (ទ័ព) នៅតែប្រឈមនឹងវិបត្តិខ្វះកីឡាករ ខណៈកីឡាករសំខាន់ៗរបស់ខ្លួនមាន ឈិន ឈឿន, ច្រឹង ពលរដ្ឋ, អ៊ុព កាម៉ុល, កាន់ វិសាល និងខ្សែបម្រើបរទេសទាំង ២ គឺ Obi និង Mohamed Hamza សុទ្ធតែស្ថិតនៅក្នុងបញ្ជីឈ្មោះជាកីឡាករមានរបួសជាប់ខ្លួន មិនអាចជួយក្រុមបាននោះ។
បញ្ហារបួសកីឡាករសំខាន់ៗនេះធ្វើឲ្យលោក ទេព ឡុងរចនា អ្នកចាត់ការទូទៅក្រុមទ័ព កំពុងមានការបារម្ភ ខណៈទ័ពត្រូវបើកទ្វារកីឡដ្ឋានស្តាតចាស់ ដើម្បីស្វាគមន៍ក្រុមព្រះខ័នរាជស្វាយរៀងដែលត្រូវការឈ្នះខ្លាំងបំផុត ដើម្បីការពារទីតាំងកំពូលតារាងពីការប្រជែងរបស់ ណាហ្គាវើលនោះ ព្រោះសប្តាហ៍នេះ ណាហ្គា អាចនឹងយកឈ្នះក្រុមសាលា បាល់ទាត់ជាតិបាទី ដើម្បីទទួលបាន ៣ ពិន្ទុបន្ថែម។
លោក ទេព ឡុងរចនា បានប្រាប់ កាលពីម្សិលមិញថា៖ «រាល់ការប្រកួតយើងតែងមានមហិច្ឆតាចង់ឈ្នះ ប៉ុន្តែកាលៈទេសៈពេលនេះ យើងកំពុងមានវិបត្តិទៅលើការខ្វះកម្លាំងក្នុងការប្រកួត ព្រោះកីឡាករសំខាន់ៗរបស់យើងជាច្រើននាក់សុទ្ធតែមានរបួសមិនអាចចូលរួមជួយក្រុមបាន ហេតុនេះអ្វីដែលយើងគួរធ្វើពេលជួបក្រុមស្វាយរៀងលើកនេះគឺធ្វើយ៉ាងណាកុំឲ្យគេទាត់ចូលយើងច្រើន និងព្យាយាមឲ្យបានត្រឹមស្មើគឺល្អហើយ»។
យ៉ាងណាក៏ដោយលោក ទេព ឡុងរចនា បានបន្ថែមថា៖ «កាលប្រកួតជាមួយក្រុមវិសាខា និងក្រុមភ្នំពេញក្រោនក៏យើងមានវិបត្តិទៅលើបញ្ហារបួសរបស់កីឡាករស្រដៀងគ្នានេះដែរ ប៉ុន្តែយើងមានសំណាងបានឈ្នះវិសាខា តែចាញ់ភ្នំពេញក្រោនអ៊ីចឹងការប្រកួតវាមើលមិនឃើញនោះទេជួនកាលយើងអាចមានសំណាង ពេលជួបក្រុមស្វាយរៀងលើកនេះក៏ថាបាន ព្រោះយើងលេងដោយការយកចិត្តទុកដាក់»។
តាមរយៈការប្រកួត ១០ លើកកន្លងមកនេះក្រុមទ័ពកាន់តែឃ្លាតឆ្ងាយពីតំបន់កំពូលតារាងទាំង ៤។ បើទោះបីជាពួកគេបានយកឈ្នះក្រុមខ្លាំង វិសាខា ១-០ ប៉ុន្តែការមកចាញ់ក្រុមភ្នំពេញក្រោន ៣-១ បានធ្វើឲ្យពួកគេ ធ្លាក់មកឈរនៅលេខ ៦ ដោយមានត្រឹម ១៧ ពិន្ទុប៉ុណ្ណោះគឺតិចជាងក្រុមស្វាយរៀង ដែលមាន ២៦ ពិន្ទុ ណាហ្គាវើលមាន ២៤ ពិន្ទុក្រុមឈរនៅលេខ ៣ អង្គរថាយហ្គឺរមាន ២១ ពិន្ទុ បឹងកេតមាន ២០ ពិន្ទុ និងក្រុមឈរនៅលេខ ៥ វិសាខាមាន ១៩ ពិន្ទុ។
ជាមួយគ្នានេះអង្គរថាយហ្គឺរ បឹងកេត និងវិសាខា សុទ្ធតែមានភាគរយច្រើនជាងក្រុមទ័ពក្នុងការរកបាន ៣ ពិន្ទុបន្ថែមនៅសប្តាហ៍នេះ ព្រោះក្រុមទាំង ៣ នេះសុទ្ធតែត្រូវធ្វើជាម្ចាស់ផ្ទះ ស្វាគមន៍ដៃគូប្រកួតដែលមានកម្រិតលេងហាក់នៅទាបជាងពួកគេ។ រីឯសូលទីឡូអង្គរនឹងក្លាយជាក្រុមដែលអាចរកបានគ្រាប់បាល់ច្រើនជាងគេប្រចាំសប្តាហ៍នេះ ព្រោះពួកគេត្រូវទៅជួបក្រុមកំពុងឈរនៅបាតតារាងមានទម្រង់លេងនៅខ្ចីបទពិសោធ ខេត្តកំពង់ចាមដែលទើបចាញ់ក្រុមប៉ូលិសក្នុងលទ្ធផល ១៤-២៕
កម្មវិធីប្រកួតនៅថ្ងៃអាទិត្យ
-សាលាបាល់ទាត់ជាតិ v ក្រុមណាហ្គាវើលនៅសាលាកីឡាបាល់ទាត់ជាតិបាទី ១៥:៣០
-ទ័ព v ស្វាយរៀង កីឡដ្ឋានស្តាតចាស់ ១៨:០០
-អគ្គិសនីកម្ពុជា v ភ្នំពេញក្រោន កីឡ.អគ្គិសនីកម្ពុជា ១៥:៣០
៤ប្រកួតត្រូវលេងនៅថ្ងៃអាទិត្យ
-វិសាខា v អាស៊ីអឺរ៉ុប កីឡដ្ឋានវិសាខា ១៨:០០
-អង្គរថាយហ្គឺរ v គិរីវង់សុខសែនជ័យ កីឡដ្ឋានខេត្តសៀមរាប ១៥:៣០
-ខេត្តកំពង់ចាម v សូលទីឡូអង្គរ កីឡដ្ឋានស្តាតចាស់ ១៥:៣០
-បឹងកេត v ប៉ូលិស កីឡដ្ឋានអគ្គិសនីកម្ពុជា ១៥:៣០