ភ្នំពេញៈ ក្រុម​ក្រសួង​ការពារ​ជាតិ (​ទ័ព​) បាន​ត្រៀម​រួច​ជាស្រេច​ក្នុង​ការបញ្ចប់​ក្តីរំពឹង​របស់​ក្រុម​អាស៊ី​អឺរ៉ុប បើ​ទោះបី​ជា​ក្រុម​មួយ​នេះ​គ្រោង​លេង​ប្តូរ​រក​គ្រាប់​បាល់​ជាមួយ​ទ័ព​ដើម្បី​កែប្រែ​លទ្ធផល​ឲ្យ​បាន​ប្រសើរ​វិញ​នាជំនួប​កាត់​សេចក្តី​ជើង​ទី​ ២ វគ្គ​ជម្រុះ​ ១៦ ​ក្រុម​នៃ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​ ១៣ ឆ្នាំ​ ២០១៩ នៅ​ថ្ងៃ​ពុធ​នេះ​ក៏ដោយ រីឯ​ក្រុម​សូលទីឡូអង្គរ ក៏​នឹងត្រូវ​ទម្លាក់​ក្រុម​ខេត្ត​រតនគិរី​នៅ​ថ្ងៃ​នេះ​ផង​ដែរ ដើម្បី​ឡើង​ទៅ​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​។

សម្រាប់​ការប្រកួត​ដែល​នឹង​ត្រូវ​ធ្វើ​នៅ​កីឡដ្ឋាន​ស្តាតចាស់​នា​ល្ងាច​ម៉ោង​ ៦ ថ្ងៃ​ពុធ​នេះ​លោក សុក វាសនា គ្រូបង្វឹក​ក្រុម​អាស៊ី​អឺរ៉ុប​បាន​កំណត់​យ៉ាង​ច្បាស់​ថា ក្រុម​របស់​លោក​នឹង​ប្រើ​ការប្រកួត​ ៩០ ​នាទី​ក្នុង​ជើង​ទី​ ២ ​នេះ ដើម្បី​ប្តូរ​រក​គ្រាប់​បាល់​ក្នុង​ការកែប្រែ​លទ្ធផល​ចាញ់​ក្រុមទ័ព ៣-១ កាល​ជើង​ទី​ ១ នៅ​លើ​ទឹកដី​ខ្លួន​កាលពី​ថ្ងៃ​ទី​ ៣ ខែ​កក្កដា​។

លោក សុក វាសនា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា​៖ «​យើង​បាន​គ្រប់គ្រង​បាល់​ច្រើន​ជាងគេ​កាល​ប្រកួត​ជើង​ទី​ ១ តែ​ការសម្រេច​ទី​របស់​យើង​មិន​បាន​ល្អ ខណៈ​ការ​វាយបក​របស់​គេ​មាន​ប្រសិទ្ធភាព​ជាង​យើង ហើយ​ការជួប​គ្នា​លើក​នេះ យើង​ក៏​មាន​ផលលំបាក​ដែរ ដោយសារ​កីឡាករ​មួយ​ចំនួន​ជាប់​ធ្វើការ មិន​បាន​ហាត់​ជុំគ្នា ប៉ុន្តែ​យើង​នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ព្រោះ​បើ​យើង​រកបាន​ ២ ​គ្រាប់​គឺ​យើង​អាច​នឹង​ថែម​ម៉ោង​បាន​ហើយ​»​។

គ្រូបង្វឹក​រូបនេះ​បាន​បញ្ជាក់​ថា​៖ «​យើង​នៅ​មិន​ទាន់​អស់​សង្ឃឹម​ទេ ព្រោះ​យើង​នៅសល់​ ៩០ ​នាទី​ពេញ ហើយ​លើក​នេះ​យើង​ត្រូវតែ​ប្តូរ​ដើម្បី​រក​គ្រាប់​បាល់​គឺ​គ្មាន​ការលេង​ទប់​អី​ទៀត​នោះ​ទេ ព្រោះ​យើង​បាន​ចាញ់​គេ ៣-១ ក្នុង​ជើង​ទី​ ១ ​រួច​ទៅ​ហើយ ហេតុនេះ​យើង​លែង​គិត​ពី​លទ្ធផល​ចាញ់​ហើយ​គឺ​សំខាន់​ត្រូវ​វាយលុក​រក​គ្រាប់ តែ​បើ​ភ្លាត់ស្នៀត​ក៏​ទៅ​តាម​នោះ​ចុះ​»​។

យ៉ាងណា​ក៏ដោយ​លោក ទេព ឡុងរចនា អ្នក​ចាត់ការ​ទូទៅ​ក្រុម​ក្រសួង​ការពារជាតិ​មាន​ការជឿជាក់​ថា​ក្រុម​របស់​លោក​នឹង​មិន​បណ្តោយ​ឲ្យ​ភាពសោកស្តាយ​កើតមាន​នោះ​ឡើយ​។ លោក​បាន​ប្រាប់​កាលពី​ថ្ងៃ​អង្គារ​ថា​៖ «​ជាធម្មតា គេ​ត្រូវ​តែ​លេង​វាយលុក​មក​លើ​យើង​ហើយ ព្រោះ​គេ​ចង់​ឈ្នះ ហើយ​យើង​ចង់​ឈ្នះ​ដូច​គ្នា តែ​សំខាន់​នោះ វា​អាស្រ័យ​ទៅ​លើ​បច្ចេកទេស និង​ធនធាន​កីឡាករ ហេតុនេះ​យើង​ត្រូវ​រៀបចំ​ឲ្យ​បាន​ល្អ​គឺ​យ៉ាង​ហោចណាស់​ក៏​យើង​យក​ត្រឹម​ស្មើ​ដែរ ព្រោះ​ធនធាន​កីឡាករ​យើង​លើ​ក្រុម​គេ​»​។

លោក ឡុងរចនា ដែល​នឹង​ដឹកនាំ​ក្រុម​ទ័ព​ដោយ​ផ្ទាល់​នោះ​បាន​បញ្ជាក់​ថា​៖ «​យើង​ត្រូវ​តែ​ពង្រឹង​តំបន់​ការពារ​ឲ្យ​បាន​រឹងមាំ​ជាង​មុន ព្រោះ​មហិច្ឆតា​របស់​យើង មិន​ត្រឹម​តែ​យក​ឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​ផ្តោត​ឲ្យ​បាន​ខ្លាំង​បំផុត ដើម្បី​ឆ្ពោះ​ទៅ​រក​ការឈ្នះ​បន្ត​ទៀត ព្រោះ​ការប្រជែង​យក​ពាន​នៅ​លីក​កំពូល​កម្ពុជា​នៅ​ឆ្នាំ​នេះ យើង​អាច​នឹង​លែង​មាន​ឱកាស​ទៀត​ហើយ​»​។

ចំណែក​ក្រុម​រតនគិរី​បាន​យក​កីឡដ្ឋាន​អាស៊ី​អឺរ៉ុប​ស្ពតផាក ដើម្បី​ស្វាគមន៍​ក្រុម​សូលទីឡូអង្គរ នៅ​រសៀល​ម៉ោង ៣:៣០ ថ្ងៃ​ពុធ​នេះ​ដែរ ប៉ុន្តែ​ការប្រកួត​ជើង​ទី​ ២ ​រវាង​ក្រុម​ទាំង​ ២ ​នេះ​វា​ហាក់​គ្រាន់តែ​ជា​ការប្រកួត​បង្គ្រប់កិច្ច ព្រោះ​ការយក​ឈ្នះ ១០-១ ក្នុង​ជើង​ទី​ ១ ​របស់​សូលទីឡូអង្គរ វា​បាន​ជួយ​ឲ្យ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប​មួយ​នេះ​អាច​ឡើង​ទៅ​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​រួចស្រេច​ទៅ​ហើយ ព្រោះ​ក្រុម​ខេត្ត​រតនគិរី​មិន​អាច​មាន​លទ្ធភាព​កែប្រែ​លទ្ធផល​នេះ​បាន​ឡើយ​៕