ភ្នំពេញៈ ក្រុមក្រសួងការពារជាតិ (ទ័ព) បានបង្ហាញពីទំនុកចិត្តខ្ពស់ក្នុងការយកឈ្នះក្រុម អាស៊ីអឺរ៉ុប សម្រាប់ការប្រកួតជើងទី ១ វគ្គ ១៦ ក្រុមថ្នាក់ជាតិពានរង្វាន់សម្តេច ហ៊ុន សែន លើកទី ១៣ ឆ្នាំ ២០១៩ នារសៀលម៉ោង ៣:៣០ ថ្ងៃពុធនេះ ចំណែកក្រុមគិរីវង់សុខសែនជ័យហាក់នៅខ្លាចបទពិសោធលេងបែបចាស់ទុំរបស់ក្រុមណាហ្គាវើល ខណៈពួកគេត្រូវស្វាគមន៍ក្រុមម្ចាស់ជើងឯកឆ្នាំ ២០១៣ ណាហ្គាវើលនៅលើទឹកដីរបស់ខ្លួនរសៀលម៉ោង ៣:៣០ ថ្ងៃនេះដែរ។
បើទោះបីជាការប្រកួតជើងទី ១ នេះត្រូវធ្វើនៅកីឡដ្ឋានអេអ៊ីយូស្ពតផាក ដែលជាទឹកដីរបស់ក្រុមអាស៊ីអឺរ៉ុប ប៉ុន្តែលោក ទេព ឡុងរចនា អ្នកចាត់ការទូទៅក្រុមទ័ពហាក់មិនបានបង្ហាញការបារម្ភទៅលើការប្រកួតនេះទេ ព្រោះទ័ពក៏ទើបតែបានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៤-១ ក្នុងការប្រកួតលីកកំពូលដែលមានកីឡាករបរទេសចូលរួមកាលពីថ្ងៃសៅរ៍សប្តាហ៍មុនផងដែរ។
លោក ទេព ឡុងរចនា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «យើងត្រូវតែឈ្នះក្រុមអាស៊ីអឺរ៉ុប ព្រោះយើងជាម្ចាស់ជើងឯក ហើយមិនមែនថាយើងអួតនោះទេ គឺការប្រើកីឡាករខ្មែរសុទ្ធក្នុងការប្រកួតពានសម្តេចនេះ យើងកាន់តែមានភាគរយខ្ពស់ក្នុងការយកឈ្នះ ព្រោះគុណភាពកីឡាករក្នុងស្រុករបស់យើងលេងបានល្អជាងក្រុមអាស៊ីអឺរ៉ុប»។
យ៉ាងណាក៏ដោយគេនៅមិនទាន់ប្រាកដថា ក្រុមទ័ពនឹងអាចយកឈ្នះក្រុមអាស៊ីអឺរ៉ុប ដើម្បីបង្ហាញភាពខ្លាំងសម្រាប់ការប្រកួតបើកឆាករបស់ខ្លួនក្នុងពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំនេះ ឬយ៉ាងណានោះទេ ព្រោះអាស៊ី អឺរ៉ុបក៏កំពុងតែត្រៀមលក្ខណសម្បត្តិ ទប់ទល់នឹងក្រុមទ័ពផងដែរ ព្រោះពួកគេធ្លាប់ត្រូវបានទ័ពទម្លាក់សម្រាប់ការប្រកួតវគ្គ ១៦ ក្រុមដូចគ្នានេះកាលពីឆ្នាំ ២០១៨ ម្តងហើយ។
តាមរយៈការប្រកួតកាលពីឆ្នាំមុនក្រុមទ័ពបានលត់អាស៊ីអឺរ៉ុបរហូតដល់ ៧-១ សម្រាប់ការប្រកួតជើងទី ១ និងបានបន្តឈ្នះ ៣-១ នៅជើងទី ២ មុនពេលពួកគេបានបន្តទៅទម្លាក់ក្រុមព្រះខ័នរាជស្វាយរៀងក្នុងវគ្គ ៨ ក្រុមដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ៥-៤ ក្រោយស្មើគ្នា ៣-៣ ក្នុងការប្រកួតទាំង ២ ជើង។ បន្ទាប់មក ទ័ព បានបន្តយកឈ្នះក្រុមណាហ្គាវើល ៣-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឈ្នះក្រុមប៉ូលិស ៣-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីលើកពានសម្តេច ហ៊ុន សែន ជាលើកទី ៣។
ដោយឡែកក្រុមគិរីវង់សុខសែនជ័យបាននិងកំពុងសម្តែងការបារម្ភទៅលើបទពិសោធលេងបែបចាស់ទុំរបស់ក្រុមណាហ្គាវើលសម្រាប់ការប្រកួតជើងទី ១ នៅលើទឹកដីខ្លួនឯង។ លោក ផាន់ ចាន់ផាត គ្រូបង្វឹកក្រុមគិរីវង់បានប្រាប់កាលពីថ្ងៃអង្គារថា៖ «យើងមិនហ៊ានសន្មតទៅលើគូប្រកួតនោះទេ ព្រោះពួកគេជាក្រុមខ្លាំងដែលធ្លាប់ឈ្នះពាន ប៉ុន្តែសំខាន់យើងផ្តោតទៅលើការប្រកួតនៅលើទីលាន ហើយយើងក៏អាចមានលទ្ធភាពច្រើនផងដែរ ព្រោះការប្រកួតជើងទី ១ នេះធ្វើនៅលើទឹកដីរបស់យើង»។
លោក ចាន់ផាត បានបន្ថែមថា៖ «នៅក្នុងការប្រកួតលីកកំពូលក្រុមនីមួយៗ សុទ្ធតែពឹងផ្នែកទៅលើកីឡាករបរទេស ចំណែកការប្រកួតប្រើកីឡាករខ្មែរសុទ្ធបែបនេះ ខ្ញុំគិតថា ណាហ្គាវើល ក៏មិនលើសយើងប៉ុន្មានដែរ ព្រោះមួយរយៈនេះសម្ទុះលេងរបស់ក្រុមយើងមានការកើនឡើងទៅលើបច្ចេកទេស គឺកីឡាករម្នាក់ៗហ៊ានលេងគ្រាន់តែថា កីឡាកររបស់គេភាគច្រើនជាអតីតកីឡាករជម្រើសជាតិដែលមានបទពិសោធលេងច្រើនជាងក្រុមយើង»។
ណាហ្គាវើល គឺជាក្រុមខ្លាំងមួយដែលធ្លាប់ឈ្នះបានពាននេះម្តងកាលឆ្នាំ ២០១៣ និងបានឈ្នះជើងឯករងចំនួន ៥ ដង ហើយការប្រកួតលើកនេះ លោក មាស ចាន់ណា ដែលជាគ្រូបង្វឹកបានផ្តោតយកចិត្តទុកដាក់ខ្លាំងបំផុត។ លោកធ្លាប់បានប្រាប់ថា៖ «យើងត្រូវធ្វើយ៉ាងណារៀបចំក្រុមឲ្យបានល្អ ដើម្បីប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ព្រោះជាការប្រកួតដ៏សំខាន់សម្រាប់ពួកយើង»៕