ភ្នំពេញៈ ​ក្រុម​ក្រសួងការពារជាតិ (ទ័ព) ​បាន​​ធ្វើ​ការ​វាយ​បក​យក​ឈ្នះ​ក្រុម​​ភ្នំពេញ​ក្រោន ដើម្បី​សម្រេច​ការ​សង​សឹក​ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល ឯ​ក្រុម​វិសាខា ក៏​រក​បាន​ ៣ ពិន្ទុ​បន្ថែម​ផងដែរ ប៉ុន្តែ​ក្រុម​អាស៊ីអឺរ៉ុប ​បាន​ជួប​ការ​ខក​ចិត្ត​ក្រោម​​ថ្វី​ជើង​របស់​ក្រុម​ចំណូល​ថ្មី សូលទីឡូអង្គរ វិញ​ម្តង សម្រាប់​ការ​ប្រកួត​ជើង​ទី ​២ លីកកំពូល​កម្ពុជា ឆ្នាំ​ ២០១៨ កាល​ពី​ម្សិល​មិញ។

​​​បើ​ទោះ​បីជា​ការ​ប្រកួត​ជើង​ទី ​២ ​នេះ ត្រូវ​ធ្វើ​ឡើង​នៅ​លើ​ទឹក​ដី​ក្រុម​ភ្នំពេញ​ក្រោន គឺ​ក្នុង​កីឡដ្ឋាន RSN ប៉ុន្តែ​ក្រុម​ទ័ព បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ក្រុម​ភ្នំពេញ​ក្រោន បែរ​ជាមាន​​អារម្មណ៍​ក្តៅគគុក នៅ​​​ក្រោម​​តំណក់​ទឹក​ភ្លៀង​ទៅ​វិញ ខណៈ​ពួក​គេ​​បាន​វាយ​បក​យក​ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោន ៥-១ ដើម្បី​លុបចោល​នូវ​ភាព​ហ្មង​សៅ​ចំពោះ​ការ​ចាញ់ ២-០ កាល​ជើង​ទី​ ១ ​នោះ។

​កីឡាករ Valci Junnior របស់​ភ្នំពេញ​ក្រោន បាន​ស៊ុត​ទម្លុះ​សំណាញ​ទី​ក្រុម​ទ័ព បាន​មុន នៅនាទីទី​​ ២៩ ប៉ុន្តែ​ឈាន​ចូល​តង់​ទី ​២ ក្រុម​ទ័ព បាន​កែ​ប្រែ​ស្ថាន​ភាព​ប្រកួត​បាន​យ៉ាង​ល្អ និង​រក​បាន​រហូត​ដល់​ ៥​ គ្រាប់ ដោយក្នុង​នោះ​​កីឡាករ​ជប៉ុន Yudai Ogawa និង​​ខ្សែ​ប្រយុទ្ធ​​កូរ៉េខាងត្បូង Na Hyosung សុទ្ធតែ​​រក​បាន ​២ ​គ្រាប់​ដូច​គ្នា ហើយ​ ១​ គ្រាប់​ទៀត​ រក​បាន​ដោយ​កីឡាករ​កូរ៉េខាងត្បូង Yoo Jae Ho នៅនាទីទី​ ៨០។

ខ្សែ​ប្រយុទ្ធ​កូរ៉េខាងត្បូង Na Hyosung របស់​ក្រុម​ទ័ព បាន​ព្យាយាម​​គ្រប់​គ្រង​បាល់ពីការ​រារាំង​​របស់​ក្រុម​ភ្នំពេញ​ក្រោន ហើយ​រូប​គេ​រក​បាន​២​គ្រាប់ ដើម្បី​ជួយ​ឲ្យ​ទ័ព ឈ្នះ ភ្នំពេញ​ក្រោន ៥-១។ រូប​ថត ភ្នំពេញ​ក្រោន

​ការ​យក​ឈ្នះ​​ក្រុម​ភ្នំពេញ​ក្រោន ៥-១ ក្នុងការ​ប្រកួត​ជើង​ទី​ ២ ​នេះ វា​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​មុតស្រួច​របស់​ក្រុម​ទ័ព សម្រាប់​ការ​ប្រកួត​ជើង​ទី​ ២ ​នេះ ហើយ​លទ្ធផល​នេះ​គឺ​ស្រប​ទៅតាម​ក្តី​សង្ឃឹម​របស់​លោក ភា សុភ័ក្ត្រា ​គ្រូ​បង្វឹក​ក្រុម​ទ័ព ដែល​​លោក​បានអះអាង​តាំង​ពី​មុន​ប្រកួត​ថា ​​ការ​លេង​របស់​ក្រុមទ័ព មាន​ភាព​ស៊ីចង្វាក់​គ្នា ហើយ​គុណ​ភាព​តំបន់​ប្រយុទ្ធ​ក៏​ល្អ​ជាង​មុន ធ្វើ​ឲ្យ​លោក​មាន​សង្ឃឹម​ខ្ពស់ ក្នុងការ​យក​ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោន។

ផ្ទុយ​ពីនេះ​ក្រុម​អាស៊ីអឺរ៉ុប មិន​អាច​ដណ្តើម​បាន ​៣ ពិន្ទុ​ពី​ក្រុម​សូល​ទីឡូអង្គរ ដូច​ការ​ប្រកួត​ជើងទី ​១ ដែល​ពួក​គេ​បាន​យក​ឈ្នះ ២-១ នោះ​ទេ។ សម្រាប់​ការ​ប្រកួត​នៅ​ AEU Sport Park កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​នោះ អាស៊ីអឺរ៉ុប បាន​ចាញ់​ក្រុម​សូល​ទីឡូអង្គរ ១-០ ហើយ​គ្រាប់​បាល់​ជ័យ​ជម្នះ​​នេះ​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Bata នៅនាទីទី​ ៤៣។

ចំណែក​ខ្សែ​ប្រយុទ្ធ កែវ សុខផេង ​និង​ ទិត្យ ឌីណា ​បាន​រួម​គ្នា​ជួយ​ក្លិប​ថ្មី​របស់​គេ គឺ​វិសាខា ឲ្យ​បន្ត​យក​ឈ្នះ​ក្រុម​អង្គរ​ថាយហ្គឺរ ៤-១ បន្ថែម​ទៅ​លើ​ការ​ឈ្នះ​ ២-០ កាល​ពី​​ប្រកួត​ជើង​ទី ​១។ សុខផេង និង ឌីណា សុទ្ធ​តែ​រក​​បាន​ម្នាក់ ​២​គ្រាប់ ដើម្បី​ជួយ​ឲ្យក្រុម​វិសាខា ទទួល​បាន​ ៣ ពិន្ទុ​លើក​នេះ ឯ​ ១​ គ្រាប់​របស់​ក្រុម​អង្គរ​ថាយហ្គឺរ រក​បាន​ដោយ​កីឡាករជប៉ុន Okamoto នៅនាទីទី​ ៦១។

យោងតាម​លទ្ធផល​ នៃ​ការ​ប្រកួត​ប្រចាំ​សប្តាហ៍​ទី​ ១៣ ​​នេះ គឺ​ក្រុម​បឹង​កេត នៅ​តែ​បន្ត​ឈរ​នៅ​លេខ​ ១ ដោយ​មាន ​៣៣ ពិន្ទុ ​ក្រោយ​​បន្ត​ឈ្នះ​​ក្រុម​វេស្ទើន ៥-១ ហើយ​ក្រុម​ណាហ្គាវើល ​បន្ត​ឈរ​នៅ​លេខ​ ២ មាន​ ៣១ ពិន្ទុ ​ក្រោយ​ឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ២-០។ រីឯ​ក្រុម​វិសាខា បន្ត​ឈរ​នៅ​លេខ ​៣ ​មាន ​​២៩ ​ពិន្ទុ ហើយ​ក្រុម​ក្រសួងការពារជាតិ បន្ត​ឈរ​នៅលេខ​ ៤ ​ដែរ ដោយ​មាន​ ២៧ ​ពិន្ទុ។

ចំណែក​ក្រុម​ភ្នំពេញ​ក្រោន បន្ត​ឈរ​នៅ​លេខ​ ៥ មាន​ ២១​ ពិន្ទុ លើ​ក្រុម​ប៉ូលិស ដែរ​ឈរ​នៅ​លេខ ​៦ មាន ​​២០ ​ពិន្ទុ ឯ​​ក្រុម​អាស៊ីអឺរ៉ុប មាន​​ ១៨ ​ពិន្ទុ ក្រុម​ព្រះខ័ន​រាជស្វាយ​រៀង មាន​ ១៧​ ពិន្ទុ ខណៈ​​ក្រុម​សូល​ទីឡូអង្គរ មាន​ ១១ ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​អង្គរ​ថាយហ្គឺរ ​ក្រុមអគ្គិសនី​កម្ពុជា មាន​ ៥ ពិន្ទុដដែល ប៉ុន្តែ​​ក្រុម​វេស្ទើន បន្ត​ឈរ​នៅ​បាត​តារាង ដោយ​ចាញ់​ទាំង​ ១៣ ​ប្រកួត៕