ភ្នំពេញ៖ ​អ្នក​ជំនាញ​គណនេយ្យ​ហិរញ្ញវត្ថុ​ មក​ពី​សហរដ្ឋ​អាមេរិក លោក Casey Barnett ដែល​ជា​នាយក​វិទ្យាស្ថាន​ខេមអេដ បាន​ចាត់​ទុក​ការ​ទទួល​បាន​ជោគជ័យ​ក្នុង​សកម្មភាព​​កីឡា តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​ប្រកួត​ប្រជែង​យ៉ាង​អំណត់​នៅ​លើ​ទីលាន​ថា ជា​មេរៀន​ដ៏​មាន​តម្លៃ ដើម្បី​ជួយ​ឲ្យ​យើង​មាន​ភាព​ជោគជ័យ​ក្នុង​ជីវិត​។

លោក Casey បាន​ថ្លែង​ថា៖ ​«​ហេតុអ្វី​បាន​ជា​ខ្ញុំ​រៀបចំ​ឲ្យ មាន​ការ​ប្រកួត​កីឡា​សម្រាប់​​ក្រុម​និស្សិត​​របស់​យើង ព្រោះ​ភាព​ជោគជ័យ​ក្នុង​កីឡា វា​បាន​បង្រៀន​ឲ្យ​យើង​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​ផង​ដែរ ព្រោះ​ដើម្បី​ទទួល​បាន​ជោគ​ជ័យ​នៅ​ក្នុង​ការ​រក​ស៊ី ក៏​ដូចជា​ធ្វើ​អាជីវកម្ម យើង​ត្រូវ​មាន​ការ​ប្រកួត​ប្រជែង មាន​ភាព​អំណត់ តស៊ូ​ព្យាយាម ពិសេស​យើង​ត្រូវ​ចេះ​ធ្វើ​ការងារ​ជា​​ក្រុម​ឲ្យ​បាន​ល្អ ហើយ​ការ​លេង​កីឡា និង​ប្រកួត​កីឡា វា​បាន​ផ្តល់​​ចំណុច​ទាំង​នេះ​ដល់​ជីវិត​របស់​យើង បន្ថែម​ទៅ​លើ​ចំណេះ​ដឹង ដែល​យើង​ទទួល​បាន​ពី​ការ​សិក្សា នៅ​ក្នុង​សាលា»។

ការ​​លើក​ឡើង​បែប​នេះ​ របស់​លោក Casey Barnett ត្រូវបាន​ធ្វើ​ឡើង នៅ​ពេល​លោក​បាន​ចូល​រួម​បិទ​ការ​ប្រកួត​កីឡា​បាល់​បោះ​បុរស​ដណ្តើម​ពាន​រង្វាន់​ខេមអេដ ឆ្នាំ ​២០១៩ កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ព្រឹត្តិការណ៍​នេះ​លោក Casey ធ្លាប់​បាន​រៀបចំ​ឲ្យ​មាន​ឡើង​​ច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​និស្សិត​របស់​លោក​បាន​លេង​កីឡា ដើម្បី​ជ្រើស​រើស​បាន​អ្នក​មាន​សមត្ថភាព​សម្រាប់​លេង​តំណាង​ឲ្យ​សាលា​ខេមអេដ ក៏​ដូច​ជា​ផ្តល់​ឱកាស​ឲ្យ​អ្នក​មាន​សមត្ថភាព​លេច​ធ្លោ អាច​ទទួល​បាន​ឱកាស​លេង​តំណាង​​ឲ្យ​ប្រទេស​ជាតិ។

លោក Casey ​បាន​បន្ត​ថា៖​ «​ការ​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​កីឡា នៅ​សាលា​របស់​យើង គឺ​យើង​សង្ឃឹម​​ថា ​វា​​នឹង​ក្លាយ​ជា​គំរូ​ទៅ​ដល់​សាកល​វិទ្យាល័យ​ផ្សេងៗ ​វិនិយោគ​ទៅ​លើ​កីឡា​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​កីឡា ​នៅ​តាម​សាកល​វិទ្យាល័យ​​ទូទាំង​ប្រទេស ​កម្ពុជា ព្រោះ​ក្រុម​កីឡាករ​នៅ​តាម​សាកល​វិទ្យាល័យ​អាច​ជា​ប្រភព​ក្នុង​ការ​ស្វែងរក​អ្នក​មាន​សមត្ថភាព និង​ទេពកោសល្យ​ល្អ ​ដើម្បី​ទៅ​លេង​តំណាង​ឲ្យ​ប្រទេស​​​ជាតិ។ ជាក់​ស្តែង​នៅ​ក្នុង​ក្រុម​បាល់​បោះ​របស់​យើង គឺ​មាន​កីឡាករ​ចំនួន ​២ នាក់ បាន​ចេញ​ទៅ​លេង​តំណាង​ឲ្យ​ប្រទេស ​កម្ពុជា ក្នុង​ស៊ីហ្គេម នៅ​​ហ្វីលីលីពីន​ឆ្នាំ​នេះ»។

តាមរយៈ​ការ​ប្រកួត​កីឡា​បាល់​បោះ​បុរស​ដណ្តើម​ពាន​រង្វាន់​ខេមអេដ ឆ្នាំ ​២០១៩ ​នេះ ក្រុម Zone បាន​យក​ឈ្នះ​ក្រុម Yong Force ជាមួយ​ពិន្ទុ ១៩-១៨ ដើម្បី​ក្លាយជា​ម្ចាស់​ជើង​ឯក ហើយ​ក្រុម Shade-Shadow បាន​យក​ឈ្នះ​ក្រុម Viper Min Laor ១៦-១០ ដើម្បី​ទទួល​បាន​លេខ ​៣។

បុរស​ដែល​តែងតែ​ចូលរួម​ឧបត្ថម្ភ​ដល់​វិស័យ​កីឡា នៅ​ក្នុង​ប្រទេស កម្ពុជា លោក Casey Barnett បាន​បន្ថែម​ថា៖ ​«​​ក្រុម​បាល់​បោះ​របស់​យើង ក៏​ត្រៀម​ចូល​លេង​នៅ​ក្នុង​ការ​ប្រកួត​​កីឡា​សាកល​វិទ្យាល័យ ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ក្នុង​ឆ្នាំ ​២០២០ ផង​ដែរ ខណៈ​ការ​ចូលរួម​ប្រកួត​រៀងរាល់​ឆ្នាំ ក្រុម​បាល់​បោះ​បុរស​របស់​យើង​បាន​ត្រឹម​លេខ ​២ ទៅ​លេខ ​៣ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ យើង​មើល​ឃើញ​ថា ​បច្ចេកទេស និង​គុណភាព​កីឡាករ​យើង មាន​ការ​កើន​ឡើង​ខ្លាំង អ៊ីចឹង​យើង​សង្ឃឹម​ថា យើង​នឹង​អាច​ប្រកួត​ប្រជែង​ដណ្តើម​យក​លេខ ​១ ឬ​លេខ ​២ បាន»៕