ក្រុងគែរៈ កីឡាករ William Troost-Ekong ជួយឲ្យជម្រើសជាតិនីហ្សេរីយ៉ាឡើងទៅវគ្គ ៤ ក្រុមចុងក្រោយនៅព្រឹត្តិការណ៍ Cup of Nations កាលពីពេលទៀបភ្លឺថ្ងៃព្រហស្បតិ៍ក្រោយពីបានឈ្នះជម្រើសជាតិអាហ្វ្រិកខាងត្បូង ២-១ នៅទីក្រុងគែរប្រទេសអេហ្ស៊ីប។
ក្នុងការប្រកួតនេះកីឡាករ Samuel Chukwueze រកបាន ១ គ្រាប់នាំមុខជម្រើសជាតិអាហ្វ្រិកខាងត្បូងនៅក្នុងតង់ទី ១ នៅចំពោះមុខហ្វូងអ្នកគាំទ្រក្រុមនីហ្សេរីយ៉ា ៧៥,០០០ នាក់នៅកីឡដ្ឋានអន្តរជាតិក្រុងគែរ។
ប៉ុន្តែនៅក្នុងនាទី ៧០ កីឡាករអាហ្វ្រិកខាងត្បូង Bongani Zungu រកបាន ១ គ្រាប់វិញធ្វើឲ្យស្មើគ្នា ១-១ ជាមួយគូប្រកួតរបស់ខ្លួន ប៉ុន្តែខ្សែបម្រើនីហ្សេរីយ៉ា Troost-Ekong បានព្យាយាមតាមរក ១ គ្រាប់ទៀតដោយជោគជ័យទាំងចម្រូងចម្រាសនៅនាទីទី ៨៩ ធ្វើឲ្យពួកគេឈ្នះអាហ្វ្រិកខាងត្បូង ២-១ ដើម្បីឡើងទៅវគ្គ ៤ ក្រុមចុងក្រោយដែលអាចប៉ះជាមួយក្រុមអាល់ហ្សេរី ឬក៏ក្រុមកូតឌីវ័រដើម្បីកក់កៅអីនៅវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី ១៩ ខែកក្កដា។
គ្រូបង្វឹកនីហ្សេរីយ៉ាលោក Gernot Rohr បាននិយាយថា៖ «យើងសំណាងណាស់ដែលរកបានគ្រាប់ទី ២ នៅចុងម៉ោងនៃការប្រកួតនេះព្រោះនៅក្នុងតង់ទី ២ នេះក្រុមអាហ្វ្រិកខាងត្បូងលេងបានល្អជាងយើងឆ្ងាយណាស់»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «យើងសប្បាយចិត្តព្រោះយើងទទួលបានជ័យជម្នះ ហើយនៅការប្រកួតលើកក្រោយដែលអាចប៉ះនឹងក្រុមអាល់ហ្សេរី ឬកូតឌីវ័រនោះក៏នឹងមានការលំបាកបំផុតផងដែរ»។
ចំណែកគ្រូបង្វឹកអាហ្វ្រិកខាងត្បូងលោក Stuart Baxter បានទទួលស្គាល់ថា បរាជ័យនៃក្រុមរបស់គាត់គឺពិបាកនឹងទទួលយកខ្លាំងណាស់។
គ្រូបង្វឹករូបនេះបាននិយាយថា៖ «វាពិបាកនៅពេលដែលយើងបានចាញ់នៅក្នុងនាទីស្លាប់រស់បែបនេះ ព្រោះយើងពិបាកនឹងស្វែងរកភាពវិជ្ជមានឡើងវិញណាស់។ ខ្ញុំពិតជាអាចរកភាពវិជ្ជមានមួយចំនួនបានក្នុងរយៈពេលតែ ១ សប្ដាហ៍ប៉ុណ្ណោះ ប៉ុន្តែពេលនេះខ្ញុំពិតជាមិនអាចធ្វើបាននោះទេ»។
ទន្ទឹមនេះដែរជម្រើសជាតិសេណេហ្គាល់ក៏បានឡើងទៅវគ្គ ៤ ក្រុមចុងក្រោយជាលើកដំបូងតាំងពីឆ្នាំ ២០០៦ នៃព្រឹត្តិការណ៍នេះផងដែរក្រោយពីខ្សែប្រយុទ្ធ Sadio Mane បានបញ្ជូនបាល់ទៅឲ្យខ្សែបម្រើ Gueye ដើម្បីស៊ុតចូលទីយ៉ាងល្អនៅនាទីទី ៧០ ធ្វើឲ្យឈ្នះជម្រើសជាតិបេណាំង ១-០ នៅវគ្គ ៨ ក្រុមកាលពីយប់ថ្ងៃពុធ។
ជ័យជម្នះនេះនឹងធ្វើឲ្យក្រុមសេណេហ្គាល់ត្រូវជួបជាមួយជម្រើសជាតិម៉ាដាហ្គាស្កា ឬជម្រើសជាតិទុយនីស៊ីនៅម៉ោង ២ ទៀបភ្លឺថ្ងៃចន្ទនៅក្នុងទីក្រុងគែរដើម្បីដណ្ដើមកន្លែងសម្រាប់វគ្គផ្ដាច់ព្រ័ត្រនៅព្រឹត្តិការណ៍ Cup of Nations។
គ្រូបង្វឹកសេណេហ្គាល់លោក Aliu Cisse បាននិយាយថា៖ «យើងកំពុងរំពឹងពីការប្រកួតដ៏លំបាកបំផុតមួយ ហើយកូនក្រុមរបស់ខ្ញុំមិនបានលះបង់ចោលទេ ព្រោះពួកគេមានស្មារតីក្រុមល្អ មានភាពអត់ធ្មត់ និងគោរពតាមការណែនាំរបស់ខ្ញុំ»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «នៅក្នុងដំណាក់កាលនេះ ក្រុមចាញ់គឺធ្លាក់តែម្តង ហើយយើងមកទីនេះក្នុងបំណងលេងឲ្យបាន ៧ ប្រកួតពោលគឺយើងចង់លេងបន្តរហូតដល់វគ្គផ្ដាច់ព្រ័ត្រតែម្ដង»។
ចំណែកគ្រូបង្វឹកបេណាំងលោក Michel Dussuyer បាននិយាយថា៖ «ខ្ញុំសូមអបអរសាទរកូនក្រុមរបស់ខ្ញុំចំពោះការខិតខំដោះស្រាយបញ្ហាប្រឈមដ៏លំបាកកន្លងមកនេះ»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «ក្មេងៗទាំងនេះត្រូវតែមានមោទនភាពព្រោះពួកគេបានធ្វើឲ្យប្រជាពលរដ្ឋបេណាំងមានមោទនភាពដែលបានឡើងមកដល់នេះ បើទោះជាយើងខកចិត្តចំពោះបរាជ័យនេះយ៉ាងណាក៏ដោយ»៕ SN