ភ្នំពេញ: អតីត​កីឡាករ​ជើង​ខ្លាំង នួន ភារ​ម្យ បាន និង​កំពុង​ចាត់​ទុក​ខ្លួន​ឯង​ជា​ជនពិការ ដែល​មិន​អាច​មាន​លទ្ធភាព​ក្នុង​ការ​រក​ប្រាក់​សម្រាប់​បង់​រំលស់​ផ្ទះ និង​ជួយ​ទំនុក​បម្រុង​ដល់​សិស្ស​របស់​ខ្លួន បន្ទាប់​ពី​លោក​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​បុក​បង្កាន់​ដៃ​ស្ពាន បណ្តាល​ឲ្យ​បាក់​ស្មង​ជើង​ស្តាំ និង​ស្រាំ​ឆ្អឹង​ជំនីរ កាល​ពី​ថ្ងៃ​ពុធ។

ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បាន​កើតឡើង នៅពេល​លោក នួន ភារម្យ វិល​ត្រឡប់​មក​ពី​បំពេញ​ការងារ​ជា​អាជ្ញា​កណ្តាល ចៅក្រម ក្នុង​ការ​ប្រកួត​កីឡា​ប្រដាល់​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ ឆ្នាំ ២០១៨ ​នៅ​ឯ​ទីលាន​ឯកជន​មួយ​របស់​ក្រុមហ៊ុន Sky Land ក្នុង​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល នា​ម៉ោង ៩ យប់ កាល​ពី​ថ្ងៃ​ពុធ ហើយ​កីឡាករ​ជើង​ចាស់ សង សារិទ្ធ ដែល​បាន​ជិះ​ម៉ូតូ​ជាមួយ នួន ភារម្យ ក៏បាន​បែក​ក្បាល និង​ធ្លាក់​ស្មា​ខាង​ឆ្វេង​ដែរ។

នួន ភារ​ម្យ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ៖«ការ​ជិះ​បុក​បង្កាន់​ដៃ​ស្ពាន​នេះ គឺ​ខ្ញុំ​គ្មាន​ផឹក​ស្រា​អ្វី​ទាំង​អស់។ ក្រោយ​ធ្វើ​គណៈ​កម្មការ​ប្រកួត​ចប់​ម៉ោង ៩ យប់ ថ្ងៃ​ពុធ​នោះ ខ្ញុំ​ជិះ​ម៉ូតូ​រាង​លឿន​ដែរ ព្រោះ​ខ្លាច​ដ​ចម្លង​បិទ ហើយ​ពេល​ជិះ​នោះ ខ្ញុំ​អត់​ដឹង​ថា នៅ​ខាង​មុខ​មាន​ស្ពាន​ទេ ព្រោះ​មាន​ទួល​មួយ​បាំង​បាត់ តែ​ពេល​ជិះ​ឆ្លង​ទួល​នោះ ម៉ូតូ​របស់​ខ្ញុំ បាន​ហោះ​ទៅ​បុក​បង្កាន់​ដៃ​ស្ពាន​ពេញ​ទំហឹង បណ្តាល​ឲ្យ​ខ្ញុំ​បាក់​ស្មង​ជើង​ស្តាំ និង​បុក​ដើម​ទ្រូង ធ្វើ​ឲ្យ​ស្រាំ​ឆ្អឹង​ជំនីរ​ទៀត ចំណែក សង សារិទ្ធ បាន​បែក​ក្បាល ដេរ​ច្រើន​ថ្នេរ​ដែរ និង​មាន​របួស​ខ្លួន​ប្រាណ ព្រមទាំង​មាន​របួស​ធ្លាក់​ស្មា​ខាង​ឆ្វេង​ផង​ដែរ»។

ជាមួយ​គ្រោះថ្នាក់​ដ៏​អាក្រក់​នេះ នួន ភារ​ម្យ និង សង សារិទ្ធ ត្រូវបាន​លោក តែម ម៉ឺន ជា​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ លោក​វេជ្ជបណ្ឌិត ឆឹង យ៉ាវ​យ៉េន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា និង​លោក​ឧកញ៉ា ស្រី ចាន់ថន ជា​អគ្គនា​យក​ក្រុមហ៊ុន 7NG ជា​អ្នក​រ៉ាប់រង​លើ​ការ​វះកាត់ និង​ព្យាបាល​របួស​របស់​ពួក​គាត់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ នួន ភារម្យ ហើយ​ក៏មាន​សប្បុរស​ជន​មួយ​ចំនួន​ទៀត បាន​ជួយ​ឧបត្ថម្ភ​ខ្លះៗ​ផង​ដែរ។

យ៉ាងណាក៏ដោយ នួន ភារ​ម្យ ដែល​បានចាត់ទុក​ខ្លួនឯង​ជា​ជនពិការ​នោះ កំពុង​មាន​ការ​បារម្ភ​ខ្លាំង​ទៅ​លើ​ជីវភាព​គ្រួសារ ដែល​នឹង​ជួប​ភាព​ទីទ័ល​ខ្លាំង។ លោក​បាន​និយាយ​ថា៖ «ខ្ញុំ​ពិត​ជា​មាន​ការ​សោក​ស្តាយ​ខ្លាំង​ណាស់ ព្រោះ​តាំង​ពី​តូច​មក​ខ្ញុំ​មិន​ដែល​មាន​គ្រោះ​ថ្នាក់​ដល់​បាក់ដៃ​បាក់​ជើង​បែប​នេះ​ទេ ហើយ​ការ​បាក់​ជើង​ស្តាំ​នេះ វា​ដូចជា​ខ្ញុំ​ពិការ​បាត់​ទៅ​ហើយ ហើយ​នៅ​ក្នុង​អំឡុង​ព្យាបាល​របួស ដែល​អាច​ប្រើ​ពេល ៣ ទៅ ៤ ខែ​នេះ ខ្ញុំ​មិន​ដឹង​ថា ជីវភាព​គ្រួសារ​របស់​ខ្ញុំ នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ?»។

អតីត​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា​រូបនេះ បាន ត្អូញត្អែរ​បន្តថា៖ «សព្វថ្ងៃ​នេះ ខ្ញុំ​មាន​តែ​មុខ​ទេ ហើយ​មនុស្ស​ភាគ​ច្រើន​មើល​មក​ថា ខ្ញុំ​មាន​ជីវភាព​គួរសម​ហើយ ប៉ុន្តែ​តាម​ពិត​ខ្ញុំ​គ្មាន​អ្វី​ទេ។ ខ្ញុំ​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​មែន តែ​ខ្ញុំ​ត្រូវ​បង់​រំលស់​១ខែៗ​ពី ៣០០ ទៅ ៤០០ ដុល្លារ ព្រោះ​ខ្ញុំ​នៅ​ជំពាក់​គេ​ជាង ២ ម៉ឺន​ដុល្លារ​ទៀត ហើយ​ម្យ៉ាង​ទៀត ខ្ញុំ​ត្រូវ​រ៉ាប់​រង​ចិញ្ចឹម​សិស្ស ៥ នាក់ ដែល ១ ខែ​ត្រូវ​ចំណាយ​អង្ករ ២ បេ និង​ទិញ​ម្ហូប​អាហារ​ថ្ងៃៗ​ជាង ៣ ម៉ឺន​រៀល អ៊ីចឹង​ដល់​ពេល​ខ្ញុំ​មាន​បញ្ហា​បែប​នេះ គឺ​ជីវភាព​របស់​ខ្ញុំ​ទ័ល​ខ្លាំង​តែ​ម្តង»។

ជាមួយគ្នានេះ នួន ភារ​ម្យ ក៏បាន​សុំ​ក្តីមេត្តា​ពី​សប្បុរសជន​ឲ្យ​ជួយ​ដល់​រូបលោក​ផង​ដែរ ព្រោះ​បុរស​វ័យ ៤៦ ឆ្នាំ មាន​កូន​ប្រុស​ស្រី ២ នាក់​រូបនេះ គ្មាន​ការងារ​អ្វី ក្រៅ​ពី​វិស័យ​ប្រដាល់​នោះ​ទេ គឺ​សូម្បី​តែ​ភរិយា​របស់​គាត់ ក៏​ធ្វើ​ជា​គណៈ​កម្មការ​ប្រដាល់​ដែរ។

នួន ភារ​ម្យ បាន​និយាយ​ទាំង​អួលដើមក​ថា៖ «ខ្ញុំ​ទ័ល​ខ្លាំង ដល់​ថ្នាក់​ពេលខ្លះ​ដេញ​ឲ្យ​សិស្ស​ទៅ​ចាប់​មាន់ និង​រក​បន្លែ​បង្ការ​នៅ​ឯ​ស្រុក​មក​ដោះ​បាន​មួយ​ពេលៗ ហេតុ​នេះ​សូម​សម្តេច ឯកឧត្តម អស់​លោក លោកស្រី និង​បងប្អូន​ដែល​មាន​ចិត្តធម៌ មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​ខ្ញុំ នៅ​ក្នុង​គ្រា​អាសន្ន ដែល​ខ្ញុំ​ព្យាបាល​របួស​នេះ​ផង»។

ទោះបីជា​យ៉ាងណា លោក តែម ម៉ឺន បាន​ប្រាប់ថា៖ «ក្រៅពី​ការជួយ​បង់ថ្លៃ​ព្យាបាល​ដល់ នួន ភារម្យ គឺ​យើង​នឹង​នៅ​តែ​ផ្តល់​ប្រាក់​របប​សម្រាប់​ការ​បំពេញ​ការងារ​ជា​អាជ្ញា​កណ្តាល ចៅក្រម នៅ​សង្វៀន​បាយ័ន​ដល់​គាត់​ក្នុង​អំឡុង​ពេល​សម្រាក​ព្យាបាល​របួស​នេះ ព្រោះ​ខាង​ទូរទស្សន៍​បាយ័ន គេ​មាន​ចិត្ត​ធម៌​មេត្តា​ណាស់ ក្នុង​ការ​ជួយ​ដល់​គណៈ​កម្មការ​របស់​យើង អ៊ីចឹង​គេ​នឹង​ទុក​ប្រាក់​របប​ឲ្យ នួន ភារម្យ រហូត​ដល់​គាត់​អាច​ទៅ​បំពេញ​ការងារ​បាន​វិញ»៕