បារាំងៈ ក្រុមនារីជម្រើសជាតិន័រវែសបានឡើងដល់វគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup នារីជាមួយប្រទេសចិន និងអេស្ប៉ាញកាលពីថ្ងៃចន្ទក្រោយពីបានឈ្នះកូរ៉េខាងត្បូង ២-១ ខណៈប្រទេសបារាំង និងអាល្លឺម៉ង់មានពិន្ទុច្រើនជាងប្រទេសទាំង ៣ នេះក្រោយពីបានឈ្នះនីហ្សេរីយ៉ា និងអាហ្វ្រិកខាងត្បូង។
ក្រុមជម្រើសជាតិន័រវែសរកបាន ២ គ្រាប់នាំមុខគូប្រកួតខ្លួនដោយការស៊ុតបាល់ពិន័យ ១១ ម៉ែត្រទាំង ២ ដងដែលគ្រាប់ទី ១ ស៊ុតដោយកីឡាការិនី C. G. Hansen នៅនាទីទី ៥ ហើយគ្រាប់ទី ២ ស៊ុតដោយកីឡាការិនី I. Herlovsen នៅនាទីទី ៥១ ហើយលុះដល់នាទីទី ៧៨ ក្រុមនារីជម្រើសជាតិកូរ៉េខាងត្បូងរកបាន ១ គ្រាប់វិញ ប៉ុន្តែនៅតែមិនអាចតាមស្នើបានដែលធ្វើឲ្យការប្រកួតកាលពីថ្ងៃចន្ទបញ្ចប់ទៅនៅក្នុងលទ្ធផល ២-១។
ការប្រកួតនេះបានធ្វើឲ្យខ្សែប្រយុទ្ធ Hansen លេងនៅក្លិប Barcelona នោះបានរងរបួស ហើយត្រូវព្យាបាលនៅក្រៅទីលានប្រកួតក្រោយពីរកបានគ្រាប់បើកឆាកមុនគេ។
នៅពេលក្រុមអ្នកកាសែតបានសួរនាងថា តើនាងអាចនឹងចូលរួមការប្រកួតនៅជុំបន្តបន្ទាប់ទៀតបានដែរឬយ៉ាងណានោះ នាងបានឆ្លើយថា៖ «ខ្ញុំមិនទាន់ដឹងនៅឡើយទេ គឺវាអាស្រ័យលើការសម្រេចចិត្តរបស់ក្រុមគ្រូពេទ្យ»។
ខ្សែប្រយុទ្ធរូបនេះបានបន្ថែមថា៖ «ក្រុមជម្រើសជាតិកូរ៉េខាងត្បូងគឺលេងបានល្អជាងការដែលយើងនឹកគិតទៅទៀត ប៉ុន្តែយើងលេងមិនល្អទេថ្ងៃនេះ តែទោះជាយ៉ាងណា យើងសប្បាយចិត្តដែលយើងអាចឆ្លងផុតវគ្គនេះ»។
នៅក្នុងការប្រកួតជាបន្តទៀតនេះក្រុមរបស់កីឡាការិនី Martin Sjogren នៃជម្រើសជាតិន័រវែសនឹងត្រូវប៉ះជាមួយប្រទេសអ៊ីតាលី ឬប្រេស៊ីល ឬក៏អូស្ត្រាលី ខណៈប្រទេសទាំង ៣ នេះកំពុងប្រជែងគ្នានៅក្នុងពូល C ដើម្បីឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយស្របពេលអ៊ីតាលី ខ្វះតែ ១ ពិន្ទុទៀតប៉ុណ្ណោះដើម្បីឈរនៅលើកំពូលតារាងនៅក្នុងពូល C ។
កីឡាការិនី Sjogren បាននិយាយថា៖ «យើងត្រូវរង់ចាំមើលសិនថា ក្រុមណានឹងត្រូវជួបយើង ប៉ុន្តែខ្ញុំគិតថា ក្រុមអ៊ីតាលីពិតជាធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍ខ្លាំងជាងគេ»។
ទន្ទឹមនេះដែរក្រុមជម្រើសជាតិបារាំងនឹងប៉ះជាមួយក្រុមណាមួយនៅក្នុងចំណោម ៤ ប្រទេសដែលជាប់ចំណាត់ថ្នាក់លេខ ៣ ក្រោយពីបានឈ្នះ ១-០ ទៅលើប្រទេសនីហ្សេរីយ៉ាដោយការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ ប៉ុន្តែបារាំងអាចនឹងប៉ះជាមួយម្ចាស់ជើងឯកសហរដ្ឋអាមេរិកនៅវគ្គ ៨ ក្រុមចុងក្រោយ ខណៈសហរដ្ឋអាមេរិកត្រូវគេរំពឹងថា នឹងឈរនៅលើកំពូលតារាងនៅក្នុងពូល F និងអាចបន្តឈ្នះនៅវគ្គ ១៦ ក្រុមចុងក្រោយទៀតផង។
កីឡាការិនីបារាំង Renard បាននិយាយថា៖ «ខ្ញុំបានគិតចំពោះខ្លួនឯងថា នេះមិនមែនជាថ្ងៃរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំបានទទួលខុសត្រូវ ហើយខ្ញុំបានសម្រេចចិត្តទទួលយកវាម្ដងទៀត។ នៅក្នុងវិស័យកីឡាកម្រិតខ្ពស់បែបនេះ ប្រសិនបើអ្នកមិនបានត្រៀមផ្លូវចិត្តទេ គឺគ្មានពិន្ទុណាមួយដែលអ្នកនឹងទទួលបានវានោះឡើយ»។
ទន្ទឹមនេះដែរវាច្បាស់ណាស់ថា ប្រទេសអាល្លឺម៉ង់នឹងមិនបានជួបជាមួយសហរដ្ឋអាមេរិកទេនៅជុំក្រោយនេះបន្ទាប់ពីពួកគេបានឈរនៅលើកំពូលតារាងនៅក្នុងពូល B មាន ៩ ពិន្ទុដាច់តែម្ដងក្រោយពីបានឈ្នះទៅលើប្រទេសអាហ្វ្រិកខាងត្បូង ៤-០ កាលពីថ្ងៃចន្ទ។
ផ្ទុយទៅវិញអាល្លឺម៉ង់អាចនឹងប៉ះប្រទេសអេស្ប៉ាញដែលនឹងប្រកួតដណ្ដើមយកចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីអាល្លឺម៉ងនៅក្នុងការប្រកួតលើកក្រោយបន្ទាប់ពីអេស្ប៉ាញបានប្រកួតស្មើគ្នានឹងប្រទេសចិន៕ SN