ភ្នំពេញ: ករណី​ការចង់​ចាកចេញ​ពី​ក្រុម​ជម្រើស​ជាតិ និង​ក្រុម​ថ្នាល​សកល​ពី​សំណាក់​កូនបង្កើត​ទាំង​ ៣ ​នាក់​របស់​អតីត​កីឡាករ​ជើង​ខ្លាំង អេ ភូថង រួម​មាន​កីឡាការិនី អេ ព្រីយ៉ានុត កីឡាករ អេ អាំម៉ារីនភូថង និង អេ វីរៈខាំឈីតភូថង (ម៉ឺន មេឃា) បាន​និង​កំពុង​បង្ក​ឲ្យ​មាន​ភាពចលាចល​នៅក្នុង​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា ហើយ​ភាគី​ត្រកូល «​អេ​» ក៏​បាន​ឡាយ​ហ្វេសប៊ុក​វាយប្រហារ​លោក ឆឹង យ៉ៅយ៉េន ដែល​ជា​ប្រធាន​សហព័ន្ធ​ជុំវិញ​ករណី​នេះ​ផងដែរ​។

ទាក់ទង​ទៅ​នឹង​ភាពច្របូល​ច្របល់​ជាមួយ​ការចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅមក​នេះ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​ដោយ​ប្រើ​ធម៌​អហិង្សា ដើម្បី​សម្របសម្រួល​ឲ្យ​កីឡាករ កីឡាការិនី​ត្រកូល «​អេ​» នៅ​បន្ត​ជា​ក្រុម​ជម្រើស​ជាតិ ព្រោះ​កីឡាករ​ថ្នាល​ក្រសួង​អប់រំ យុវជន និង​កីឡា ជួយ​ឧបត្ថម្ភ​ថវិកា​ប្រចាំ​​ខែ​ក្នុង​ការប្រមូល​ផ្តុំ​ប្រចាំ​ឆ្នាំ​ដើម្បី​សម្រួច​សមត្ថភាព​ពួកគេ​ឲ្យ​បាន​ល្អ ត្រៀម​ការប្រកួត​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​។

មុន​ពេល​សម្របសម្រួល​នេះ​លោក ឆឹង យ៉ៅយ៉េន ជា​ប្រធាន​សហព័ន្ធ​ចង់​ឲ្យ​មាន​ការគោរព​ច្បាប់ ព្រោះ​កូន​របស់ អេ ភូថង ទាំង​ ៣ ​នាក់​នេះ​បាន​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើស​ជាតិ និង​ក្រុម​ថ្នាល​ដោយ​ទទួល​បាន​របប​ឧបត្ថម្ភ​ពី​ក្រសួង​អប់រំ​រយៈពេល​ ២ ​ឆ្នាំ​មក​ហើយ ហេតុនេះ​ពួកគេ​មិន​អាច​ចាកចេញ​ទៅ​សហព័ន្ធ​ផ្សេង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​នោះ​ឡើយ ប៉ុន្តែ​ប្រសិន​បើ​ចាកចេញ​មែន ពួកគេ​គួរ​សងលុយ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា​វិញ​។

យ៉ាងណា​ក៏ដោយ​នៅក្នុង​​បទសម្ភាស​តាម​ទូរស័ព្ទ​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​លោក ឆឹង យ៉ៅយ៉េន បាន​ប្រាប់​បែប​នេះ​ថា​៖ «​រឿង​អ្វីៗ​ដែល​មាន​ការខ្វែង​គំនិត​ត្រូវ​បាន​ហៅ​មក​សម្របសម្រួល​ឡើង​វិញ​ហើយ​»​។ ប៉ុន្តែ​ចំពោះ​ព័ត៌មាន​ពិស្តារ លោក​មិន​បាន​និយាយ​ឡើយ ខណៈ​ដែល​ទូរស័ព្ទ​របស់​លោក​ត្រូវ​បាន​ផ្តាច់ និង​ហៅ​លែង​ចូល​។

កីឡាការិនី​ អេ ព្រីយ៉ានុត កូនស្រី​បង្កើត​របស់​អតីត​កីឡាករ​ប្រដាល់​ដ៏ឆ្នើម​របស់​កម្ពុជា អេ ភូថង​។ ស្រេង ម៉េងស្រ៊ុន

ចំណែក​លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​កាលពី​ម្សិលមិញ​ខ្ញុំ​បាន​ជួប​លោក អេ ភូថង ជា​ឪពុក​ហើយ​បាន​ជម្រាប​គាត់​ឲ្យ​ដឹកនាំ​កូនៗ​វិល​មក​ហ្វឹកហាត់​ជម្រើស​ជាតិ​ថ្នាល​វិញ ព្រោះ​ពួកគេ​បាន​ឆ្លងកាត់​វគ្គ​ប្រមូលផ្តុំ​ចំនួន​ ២ ​ឆ្នាំ​មក​ហើយ​ដែល​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ចំណាយ​ថវិកា​ជាតិ​ជាច្រើន​មក​ហើយ ហើយ​ការចាកចេញ​ណា​មួយ​ទៅ​ហ្វឹកហាត់​ជាមួយ​ក្លិប​ ឬ​សហព័ន្ធ​ដទៃ​ដោយ​គ្មាន​ការអនុញ្ញាត​គឺ​មិន​ស្រប​តាម​គោលការណ៍​ច្បាប់​នោះ​ឡើយ​»​។

លោក ប៊ុយ សោភ័ណ្ឌ បាន​បន្ត​ថា​៖ «​ថ្មីៗ​នេះ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា ខិតខំ​ប្រឹងប្រែង​រក​ដៃគូ​សហការ​បាន​ល្អ​ដូចជា​យើង​ត្រូវ​ត្រៀម​បញ្ជូន​អត្តពលិក​ជម្រើស​ជាតិ​ទៅ​ហ្វឹកហាត់​ជាមួយ​ដៃគូ​សហការ​ដែល​មាន​ប្រទេស​ថៃ និង​ប្រទេស​ជប៉ុន ប៉ុន្តែ​យើង​នៅ​មាន​បញ្ហា​លំបាក​ធនធាន​អត្តពលិក​នេះ​តែម្តង ហើយ​កីឡាករ​មួយ​ចំនួន​ចង់​ទៅ​ប្រដាល់​គុន​ខ្មែរ ព្រោះ​មាន​ការប្រកួត​បាន​លុយ​ភ្លាមៗ​តាម​សង្វៀន​ឯកជន​»​។

ប្រភព​ច្បាស់​ការ​មួយ​ចំនួន​ឲ្យ​ដឹងថា កូនៗ​របស់​លោក អេ ភូថង ឬ​ក្រុម​គ្រួសារ​ទាំងមូល​រកប្រាក់​បាន​តាមរយៈ​វិស័យ​កីឡា ខណៈ​ដែល អេ ភូថង និង​កូន​ទទួល​បាន​ក្របខ័ណ្ឌ​ជា​ទាហាន​ផង​មាន​ប្រាក់​មកពី​ការប្រកួត​ផង និង​ទទួល​បាន​ពី​ក្រុម​ជម្រើសជាតិ​ដែល​ប្រមូលផ្តុំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ផង​ដែរ ហើយ​អ្វីៗ​ដែល​ត្រកូល​ «​អេ​» ចង់​ចាកចេញ​ពី​កីឡា​ប្រដាល់​សកល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ដោយសារ​ពួកគេ​សម្លឹង​ឃើញ​ទៅ​ហ្វឹកហាត់​កីឡា​វ៉ូវីណាម​ដែល​ចេញ​ប្រកួត​ក្រៅ​ប្រទេស​ងាយ​ទទួល​បាន​មេដាយ និង​មាន​ប្រាក់​រង្វាន់​ច្រើន​សន្ធឹក​សន្ធាប់ ដូចជា សែន រ៉ាឌី​, សែន រ៉ាដេត និង ម៉ាត់ ឆ្វេង ជាដើម​ដែល​សុទ្ធតែ​ជា​អតីត​អ្នក​ប្រដាល់​ជា​កូនសិស្ស អេ ភូថង​។

អ្នកស្រី សុម៉ាលី ជា​ប្រពន្ធ​លោក​ អេ ភូថង បាន​និយាយ​ថា​កូនស្រី​របស់​អ្នកស្រី​ឈ្មោះ អេ ព្រីយ៉ានុត ឆ្នាំ​នេះ​ចង់​ទៅ​ចូលរួម​ជា​កីឡាការិនី​វ៉ូវីណាម​វិញ​។ ចំណែក​កីឡាករ អេ អាំម៉ារីនភូថង និង អេ វីរៈខាំឈីតភូថង កំពុង​តែ​គិត​។ អ្នកស្រី​បញ្ជាក់​ថា​៖ «​ទោះ​យ៉ាង​ណា​ខ្ញុំ​មិន​ទាន់​ដឹង​ច្បាស់​ទេ ចាំ​សួរ​ប្តី​សិន​» ប៉ុន្តែ​លោក អេ ភូថង មិន​អាច​សុំ​ការបំភ្លឺ​បាន​ទេ​ដោយ​ទូរស័ព្ទ​របស់​លោក ប្រពន្ធ​កាន់​ទាំងអស់​។

យ៉ាងណា​ក៏ដោយ​កាលពី​សប្តាហ៍​មុន​មាន​ការ​ឡាយ​វីដេអូ​របស់​លោក អេ ភូថង ដោយ​មាន​ការធ្វើ​អត្ថាធិប្បាយ​រិះគន់​ទៅ​លើ​លោក ឆឹង យ៉ៅយ៉េន ដែល​ជា​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ជំនាញ​បង្រៀន​ពេទ្យ ប៉ុន្តែ​មក​កាន់​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គឺ​មិន​អាច​ដឹកនាំ​កីឡា​ប្រដាល់​ឲ្យ​ទទួល​បាន​ជោគជ័យ​នោះ​ឡើយ​។

ចំណែក​ករណី​ការ​កាត់លុយ​កីឡាករ កីឡាការិនី​ថ្នាល​ជម្រើស​ជាតិ​ចំនួន​ ១០ ​ម៉ឺន​រៀល​ក្នុង​ ១ ​ខែ​ក៏​ត្រូវ​បាន​លើក​មក​លាតត្រដាង​ពេល​ឡាយ​នោះ​ដែរ​។

ចំពោះ​បញ្ហា​នេះ​លោក ឆឹង យ៉ៅយ៉េន មិន​បាន​បកស្រាយ​ទេ ប៉ុន្តែ​លោក ប៊ុយ សោភ័ណ្ឌ បាន​បកស្រាយ​ថា​លុយ​ ១០ ​ម៉ឺន​ដែល​កាត់​នោះ​គឺ​បាន​ប្រាប់ និង​ជូនដំណឹង​គ្រប់​គ្នា​ដើម្បី​យក​ទៅ​ឧបត្ថម្ភ​កីឡាករ​ថ្នាល​បម្រុង​ដែល​គ្មាន​របប​សោះ ដើម្បី​ជួយ​គ្នា​។

គ្រប់​អត្តពលិក​ថ្នាល​ទាំងអស់​ដែល​មក​ប្រមូលផ្ដុំ​ហ្វឹកហាត់​សុទ្ធតែ​មាន​ការព្រមព្រៀង​គ្នា​មាន​ការចុះ​កិច្ចសន្យា​ត្រឹមត្រូវ​រវាង​អាណាព្យាបាល​ជាមួយ​សហព័ន្ធ ដើម្បី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ថ្ងៃ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុង​ ១ ​ថ្ងៃ​ជាង​ ៤ ​ម៉ឺន​រៀល ដើម្បី​ត្រៀម​ចូលរួម​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ ហើយ​កីឡាករ អេ វីរៈខាំឈីតភូថង និង អេ អាំម៉ារីនភូថង មាន​ឈ្មោះ​នៅក្នុង​បញ្ជី​ប្រមូលផ្ដុំ ក្រុម​ថ្នាល ២ ​ឆ្នាំ​មក​ហើយ​។

ចំណែក​កីឡាការិនី អេ ព្រីយ៉ានុត ដែល​ស្ថិត​នៅ​ក្រុម​ជម្រើសជាតិ​ទទួល​បាន​របប​ច្រើន​ជាង​ក្រុម​ថ្នាល​៕