ភ្នំពេញ៖ ​លោក Helio Sousa ​បាន​អះអាង​ថា បេសកកម្ម​របស់​ក្រុម​ជម្រើស​ជាតិ​បារ៉ែន គឺ​​ត្រូវ​ដណ្តើម​ឲ្យ​បាន ​៣ ពិន្ទុ ពី​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា នៅ​ពេល​​ក្រុម​ទាំង ​២ ត្រូវ​​ប្រកួត​គ្នា ក្នុង​វគ្គ​ជម្រុះ​​ជុំទី​២ ប្រចាំ​ពូល ​C នៃ​ពាន​រង្វាន់ FIFA World Cup Qatar 2022 នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ល្ងាច​ម៉ោង ៦:៣០ ថ្ងៃ​អង្គារ​នេះ ប៉ុន្តែ​គ្រូ​បង្វឹក​រូប​នេះ បាន​ចាត់​ទុក​ការ​ជួប​កម្ពុជា ថា​ជា​ជំនួប​ដ៏​តានតឹង គឺ​មិនមែន​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ជ័យ​ជម្នះ​នោះ​ឡើយ។

បើ​ទោះបី​ជា ក្រុម​បារ៉ែន មាន​កម្រិត​លេង​ខ្ពស់​ជាង​ និង​មាន​ចំណាត់​ថ្នាក់ ​១០៩ នៅ​​លើ​ពិភព​លោក​ គឺ​ល្អ​ដាច់​ជាង​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ឈរ​នៅ​លេខ ​១៧០ ប៉ុន្តែ​លោក Helio Sousa បាន​មើល​ឃើញ​ថា កម្ពុជា ជា​ក្រុម​មួយ​ដែល​មាន​ការ​រៀបចំ​​បាន​ល្អ និង​កំពុង​តែ​ធ្វើ​បាន​ល្អ​ប្រសើរ។

លោក Helio Sousa ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ចន្ទ​​ថា៖ ​«ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក ជា​ការ​ប្រកួត​ដ៏​លំបាក ព្រោះ​ខ្ញុំ​មើល​ឃើញ​ថា កម្ពុជា ជា​ក្រុម​​កំពុង​ធ្វើ​បាន​ល្អ និង​រៀបចំ​បាន​ល្អ អ៊ីចឹង​យើង​កំពុង​រង់ចាំ​ការ​ប្រកួត​ដ៏​តានតឹង​មួយ ប៉ុន្តែ​សំខាន់​យើង​ផ្តោត​ទៅ​លើ​ការ​រក ​៣ ពិន្ទុ»។

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ ​« យើង​នឹង​ព្យាយាម​បង្កើត​អ្វី​ដែល​ប្លែក ហើយ​យើង​នឹង​ដាក់​កីឡាករ ដែល​មាន​សក្តានុពល​ឲ្យ​ចូល​លេង ព្រោះ​​យើង​មក​នេះ ដើម្បី​ចង់​​​បាន ​៣ ពិន្ទុ។ ប៉ុន្តែ​យើង​​ក៏​បាន​​ដឹង​ដែរ​ថា កម្ពុជា​មិន​មែន​ជា​ក្រុម​ខ្សោយ គឺ​​ពួក​គេ​ធ្វើ​បាន​ល្អ ហេតុ​នេះ​​យើង​នឹង​ធ្វើ​ការ​ថ្លឹងថ្លែង និង​ស្វែងរក​ចំណុច​ខ្សោយ និង​ខ្លាំង​របស់​កម្ពុជា ដើម្បី​យើង​​​រៀបចំ​ប្រព័ន្ធ​លេង​​ឲ្យ​បាន​ល្អ»។

ជាមួយ​គ្នា​នេះ លោក Helio Sousa ក៏​បាន​បារម្ភ​ទៅ​លើ​ការ​លេង​នៅ​លើ​ទីលាន​ស្មៅ​សិប្បនិម្មិត​ផង​ដែរ។ លោក​បញ្ជាក់​ថា៖ ​«​ការ​​លេង​នៅ​លើ​ស្មៅ​សិប្បនិម្មិត ​នឹង​ផ្តល់​ផល​ចំណេញ​ខ្ពស់​ដល់​​ក្រុម​ម្ចាស់​ផ្ទះ ព្រោះ​ក្រុម​របស់​យើង​ភាគ​ច្រើន លេង​នៅ​លើ​ស្មៅ​ធម្មជាតិ។ ក្រុម​កម្ពុជា លេង​បាន​ល្អនៅ​លើ​ស្មៅ​សិប្បនិម្មិត ​ទាំង​លេង​​ជាមួយ​ក្រុម​ចម្រើស​ជាតិ​ហុងកុង និង​អាហ្វហ្គានីស្ថាន ហេតុ​នេះ​យើង​ដឹង​ថា យើង​នឹង​​​ប្រឈម​ជាមួយ​ក្រុម​ដែល​រៀបចំ​បាន​ល្អ តែ​ទោះ​បីជា​យ៉ាង​ណា​ក្រុម​របស់​យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​រួចរាល់ ដើម្បី​​ឆ្ពោះ​ទៅ​រក​​ការ​​​ដណ្តើម​យក ​៣ ពិន្ទុ​លើក​នេះ»។

ចំណែក​លោក Felix Dalmas គ្រូ​បង្វឹក​ក្រុម​កម្ពុជា​បាន​និយាយ​ថា៖ ​«យើង​មាន​ការ​រីករាយ ដែល​បាន​លេង​ជាមួយ​ក្រុម​ខ្លាំង​ដូច​បារ៉ែន ហើយ​យើង​នឹង​ខំ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព។ បើ​ទោះ​បីជា​លទ្ធផល​យ៉ាង​ម៉េច​ក៏​ដោយ តែ​យើង​ចង់​ឲ្យ​កូន​ក្រុម​របស់​យើង​មាន​ភាព​ក្លាហាន និង​គោរព​ទៅ​តាម​ទស្សនៈ​របស់​យើង គឺ​យើង​ត្រូវ​ព្យាយាម​ធ្វើ​​ម៉េច​​ឲ្យ​ក្រុម​យើង ធ្វើ​បាន​លឿន​ជាង​គេ និង​បាន​មុខ​គេ»។

គ្រូ​បង្វឹក​ជនជាតិ​អាហ្សង់ទីន​រូប​នេះ បាន​បន្ថែម​ថា៖ ​«គោល​បំណង​​របស់​យើង គឺ​យើង​ចង់​ឲ្យ​កូន​ក្រុម​បង្ហាញ​ទម្រង់​លេង​កាន់​តែ​​ល្អ​ជាង​មុន ដោយ​យើង​នៅ​ធ្វើ​តាម​គោលការណ៍​របស់​យើង ហើយ​ខ្ញុំ​ក៏​មិន​ប្រាកដ​ថា ក្រុម​យើង​នឹង​ទទួល​បាន​ផល​ចំណេញ​សម្រាប់​ការ​លេង​នៅ​លើ​ទីលាន​ស្មៅ​សិប្បនិម្មិត​នោះ​ដែរ អ៊ីចឹង​យើង​ត្រូវ​ព្យាយាម​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ទៅ​តាម​អ្វី​ដែល​យើង​មាន»។

គួរ​បញ្ជាក់​ថា សម្រាប់​ការ​ប្រកួត​បើក​ឆាក​ប្រចាំ​ពូល ​C នេះ កាល​ពី​ថ្ងៃទី ​៥ ខែ ​កញ្ញា ក្រុម​ម្ចាស់​ផ្ទះ​បារ៉ែន បាន​ស្មើ ១-១ ជាមួយ​ក្រុមអ៊ីរ៉ាក់ គឺ​ដូច​គ្នា​នឹង​​ក្រុម​កម្ពុជា​ដែរ ដែល​បាន​ស្មើ​ក្រុម​ហុងកុង ១-១ ហើយ​ការ​មាន ​១ ពិន្ទុ​ដូច​គ្នា​នេះ វា​នឹង​ធ្វើ​ឲ្យ​ការ​ប្រកួត​លើក​នេះ កាន់​តែ​មាន​​ភាព​ស្វិតស្វាញ​ខ្លាំង៕