ភ្នំពេញ៖ យុវជនកម្ពុជា ជាសិស្សវិទ្យាល័យចំនួន ១២ នាក់ (ស្រី ៦ នាក់) និងអ្នកដឹកនាំ ៣ នាក់ទៀត ត្រូវបានក្រសួងការបរទេសជប៉ុន អញ្ជើញឲ្យធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេស ជប៉ុន ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៩ ក្រោមកម្មវិធីផ្លាស់ប្តូរយុវជន «JENESYS 2019»។
កម្មវិធីក្រោមប្រធានបទ «កីឡាបាល់ឱប» នេះត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរដល់ការប្រកួតពានរង្វាន់កីឡាបាល់ឱបពិភពលោក ឆ្នាំ ២០១៩ ដែលរៀបចំដោយជប៉ុន ចាប់ពីថ្ងៃទី ២០ ខែ កញ្ញា ដល់ថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១៩។
ជាមួយគ្នានេះ អ្នកចូលរួមនឹងទទួលបាននូវបទពិសោធទាក់ទងនឹងកីឡាបាល់ឱបជាមួយសិស្សវិទ្យាល័យជប៉ុន និងអ្នកចូលរួមផ្សេងៗទៀត ដែលមកពីបណ្តាប្រទេសអាស៊ាន និងប្រទេស ទីម័រខាងកើត នៅក្នុងខេត្តស៊ីហ្សឹអុកា ហើយនៅថ្ងៃទី ២០ ខែ កញ្ញា ក្រុមយុវជនទាំងនេះ នឹងបានទៅទស្សនាការប្រកួតពានរង្វាន់កីឡាបាល់ឱបពិភពលោក ឆ្នាំ ២០១៩ នៅទីក្រុងតូក្យូ ប្រទេស ជប៉ុន។
ជុំវិញគោលបំណងសំខាន់ក្នុងកម្មវិធី JENESYS ក្រសួងការបរទេសជប៉ុនបានលើកឡើងថា៖ «យើងមានគោលបំណងជំរុញការយល់ដឹង និងការកសាងទំនុកចិត្តទៅវិញទៅមក ក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម ដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត»។
តាមរយៈកម្មវិធីនេះ ក្រសួងការបរទេសជប៉ុន បានអញ្ជើញយុវជនកម្ពុជាជាង ២ ០០០ នាក់ ហើយ តាំងពីឆ្នាំ ២០០៧ មក។
ក្រសួងការបរទេសជប៉ុនបានបន្ថែមថា៖ «យើងខ្ញុំសង្ឃឹមថា អ្នកចូលរួម នឹងអាចយល់ដឹងអំពីប្រទេស ជប៉ុន កាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងចែករំលែកនូវបទពិសោធរបស់ខ្លួនឲ្យបានទូលំទូលាយ ទៅកាន់ប្រជាជនកម្ពុជាបន្ទាប់ពីពួកគេវិលត្រឡប់មកវិញ»៕