ភ្នំពេញៈ នៅ​ទីបំផុត បឹងកេត គឺជា​អ្នក​ទាញ​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង​ឲ្យ​ធ្លាក់​ចេញពី​តំបន់​កំពូល​តារាង​នៃ​លីក​កំពូល​កម្ពុជា ឆ្នាំ​ ២០១៩ ដើម្បី​បើក​ផ្លូវ​ឲ្យ​ក្រុម​ណាហ្គាវើល​ឡើង​ទៅ​ឈរ​នៅ​លេខរៀង​ ១ ​វិញ​ម្តង ប៉ុន្តែ​ក្រុម​ក្រសួង​ការពារជាតិ (​ទ័ព​) ដែល​គេ​មើល​ឃើញ​ថា គួរតែ​ទទួល​បាន​ ៣ ​ពិន្ទុ​ដែរ​នោះ បែរ​ជា​ជួប​ការខកចិត្ត​ខ្លាំង​ក្រោម​ស្នាដៃ​ក្រុម​គិរីវង់​សុខសែនជ័យ​ទៅវិញ​។

បើ​ទោះបី​ជា​ក្រុម​ម្ចាស់​ជើងឯក ណាហ្គាវើល បាន​ធ្លាក់​ចេញ​ពី​ការប្រកួត​ជម្រុះ​ពាន AFC Cup 2019 ក្នុង​នាម​ជា​ក្រុម​ឈរ​នៅ​បាត​តារាង​នៃ​ពូល​ F ដោយ​មាន​ត្រឹម​ ៣ ​ពិន្ទុ​ជាមួយ​ក្រុម​ឈ្នះ​ ១ និង​ចាញ់​ ៥ ​ប្រកួត ប៉ុន្តែ​ការយក​ឈ្នះ​ក្រុម​អង្គរថាយហ្គឺរ ៤-០ កាលពី​ថ្ងៃ​សៅរ៍​អាច​បញ្ជាក់​បាន​ថា ណាហ្គាវើល នៅ​តែ​ជា​ក្រុម​ខ្លាំង​ក្នុង​លីក​កំពូល​កម្ពុជា ព្រោះ​ក្រុម​មាន​កម្រិត​លេង​ល្អ​ដូចជា ព្រះខ័ន​រាជ​ស្វាយរៀង ទ័ព និង​បឹងកេត សុទ្ធតែ​បាន​ត្រឹម​ស្មើ អង្គរថាយហ្គឺរ ១-១ ហើយ​ក្រុម​វិសាខា​បាន​ចាញ់ ២-១​។

ជាមួយ​ជ័យជម្នះ​ដែល​រកបាន​ដោយ សុះ ស៊ូហាណា ២ ​គ្រាប់​ និង​ការរក​បាន​ម្នាក់​ ១ ​គ្រាប់​របស់​ Kipson និង Esho Omogba នេះ​បាន​ជួយ​ឲ្យ​ក្រុម​ណាហ្គាវើល ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​ដោយ​មាន​ ២១ ​ពិន្ទុ​។ ប៉ុន្តែ​ការឡើង​ទៅ​ឈរ​នៅ​លេខ​ ១ ​នេះ​ក៏​មាន​ការជួយ​ពី​ក្រុម​បឹងកេត​ផង​ដែរ ខណៈ​ខ្សែប្រយុទ្ធ​ជើងចាស់ ឃួន ឡាបូរ៉ាវី បាន​តែ​តបាល់​បញ្ចូល​ទី ដើម្បី​ជួយ​ឲ្យ​បឹងកេត​តាម​ស្មើ​ក្រុម​ស្វាយរៀង ២-២ នៅ​នាទី​ទី​ ៨៧ ​នោះ​។

ការចែក​គ្នា​ម្នាក់​ ១ ​ពិន្ទុ​នេះ​បាន​ធ្វើឲ្យ​ក្រុម​ស្វាយរៀង​ធ្លាក់​មក​ឈរ​នៅ​លេខ​ ២ មាន​ ២០ ​ពិន្ទុ ខណៈ​បឹងកេត​បន្ត​ឈរ​លេខ​ ៦ ​ដដែល​មាន​ ១៤ ​ពិន្ទុ​។ រីឯ​ក្រុម​វិសាខា​បាន​ឈ្នះ​ក្រុម​សាលា​កីឡា​បាល់ទាត់​ជាតិ​បាទី ៥-១ ដើម្បី​បន្ត​ឈរ​លេខ​ ៣ ដោយ​មាន​ ១៩ ​ពិន្ទុ និង​តាម​ពី​ក្រោយ​ដោយ​ក្រុម​អង្គរថាយហ្គឺរ ដែល​មាន ​១៥ ​ពិន្ទុ​ដដែល​។

ផ្ទុយ​ពី​នេះ​ក្រុម​ឈរ​នៅ​លេខ​ ៥ មាន​ ១៤ ​ពិន្ទុ ទ័ព​បែរ​ជា​ទៅ​ចាញ់​ក្រុម​គិរីវង់​សុខសែនជ័យ ៤-១ ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត ខណៈ​ខ្សែប្រយុទ្ធ Bisan Goerge ដែល​ជា​អ្នក​រក​បាន​ ១ ​គ្រាប់​នៅ​នាទី​ទី​ ៥៧ តាម​ពីក្រោយ​ការរក​បាន​គ្រាប់​បាល់​នាំ​មុខ​របស់ Santo នៅ​នាទី​ទី​ ៣២ និង Reiya Konishita នៅ​នាទី​ទី​ ៥២ បាន​ទទួល​កាត​ក្រហម​នោះ ហើយ​បន្ទាប់​មក​កីឡាករ ដាវ នីម និង Reiya Konishita ក៏​រក​បាន​ម្នាក់​ ១ ​គ្រាប់​ទៀត​ឲ្យ​ក្រុម​គិរីវង់​។

លោក ភា សុភ័ក្ត្រា ជា​គ្រូបង្វឹក​មាន​ការ​ខកចិត្ត​ខ្លាំង​លើ​លទ្ធផល​នេះ​។ លោក​បាន​ប្រាប់​កាលពី​ថ្ងៃ​ចន្ទ​ថា​៖ «​នៅ​ដើមតង់​ទី​ ១ យើង​មាន​ឱកាស​ល្អៗ​អាច​ថា​ ៨០ ​ភាគរយ​ក្នុង​ការសម្រេច​ទី​បាន តែ​យើង​ធ្វើ​អត់​បាន​។ បើសិន​ជា​យើង​សម្រេច​ឱកាស​ទាំងនោះ​យើង​ប្រហែល​ជា​មាន​លទ្ធផល​ល្អ​ជាង ហើយ​ការព្យាយាម​លេង​ស្រប​ពេល​អាហារ​សម្រន់​របស់​យើង​សម្រាប់​កីឡាករ មិន​គ្រប់គ្រាន់​ស្រប​ទៅ​តាម​ការផ្លាស់ប្តូរ​ពេលវេលា​ប្រកួត​នោះ ធ្វើឲ្យ​យើង​មាន​ការថមថយ​កម្លាំង​»​។

លោក​បាន​បន្ត​ថា​៖ «​ក្រោយមក​ខាង​គេ​បាន​ទទួល​ឱកាស​បាល់​ជ្រុង​តែ​ម្តងគត់ តែ​គេ​ក៏​តែត​បាន​សម្រេច​មុន​យើង អ៊ីចឹង​ធ្វើឲ្យ​យើង​ប្រើ​កម្លាំង គិត​ទៅ​ដល់​ការរក​ឲ្យ​បាន​គ្រាប់​បាល់​វិញ ហើយ​ការប្រើប្រាស់​កម្លាំង​ខុស​ពី​ប្រក្រតី​ច្រើន ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការចុះ​មក​ការពារ និង​ការ​ប្រជែង ខណៈ​គិរីវង់​ភាគច្រើន​ទាត់​បាល់​បំផ្លោង​ឡើង​ទៅ​លើ​រួច​ប្រើប្រាស់​កាយសម្បទា​កីឡាករ​ប៉ះទង្គិច​ខ្លាំង យក​ប្រៀប​លើ​យើង​»​។

គ្រូបង្វឹក​វ័យក្មេង​រូប​នេះ​បាន​បន្ថែម​ថា​៖ «​ទោះ​យ៉ាង​ណា​បើ​យើង​មិន​ភ្លាត់ កាត​ក្រហម Bisan Goerge ទេ​គឺ​យើង​នៅ​តែ​អាច​រក្សា​លំនឹង​បាន​ក្នុង​ការគាបសង្កត់ និង​បង្កើត​ឱកាស​ប្រយុទ្ធ ប៉ុន្តែ​ក្រោយ​មាន​បញ្ហា​កាត​គឺ​យើង​បាន​ប្រថុយ​ដោយ​បន្ថយ​ការពារ និង​បង្កើន​ប្រយុទ្ធ ដើម្បី​ព្យាយាម​រក​គ្រាប់​បាល់​ត្រឡប់​មក​វិញ ប៉ុន្តែ​ការប្តូរ​របស់​យើង​គឺ​យើង​បាន​ភ្លាត់​ ២ ​គ្រាប់​បន្ថែម​ទៀត​»​។

គួរ​បញ្ជាក់​ថា​ជំនួប​រវាង​ក្រុម​គិរីវង់ និង​ក្រុម​ទ័ព​ដែល​ត្រូវ​ធ្វើ​នៅ​រសៀល​ម៉ោង ៣:៣០ នៅ​ថ្ងៃ​អាទិត្យ​នោះ​ត្រូវ​បាន​លើក​យក​មក​ធ្វើ​នៅ​មជ្ឈមណ្ឌល និង​សាលា​កីឡា​បាល់ទាត់​ជាតិ​បាទី​នា​ពេល​ល្ងាច​វិញ ព្រោះ​ទីលាន​របស់​ក្រុម​គិរីវង់​បាន​ជន់​លិច​ដោយ​ដំណក់​ទឹកភ្លៀង​។ ជាមួយ​គ្នា​នោះ​ក្រុម​អាស៊ី​អឺរ៉ុប​បាន​ឈ្នះ​ក្រុម​ខេត្ត​កំពង់ចាម ៥-០ ស្រប​ពេល​ក្រុម​ប៉ូលិស​ឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ១-០ ប៉ុន្តែ​ក្រុម​ភ្នំពេញ​ក្រោន​បាន​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​សូល​ទីឡូ​អង្គរ ១-០៕