ភ្នំពេញៈ ក្រុមបឹងកេត និងណាហ្គាវើលបាននិងកំពុងផ្តោតខ្លាំងទៅលើការប្រកួតលីកកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី ១៥ នាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ ព្រោះក្រុមទាំង ២ ចង់ប្រើការប្រកួតលើកនេះសងសឹកក្រុមអគ្គិសនីកម្ពុជា និងក្រសួងការពារជាតិ ដើម្បីស្តារបានមកវិញនូវជ័យជម្នះ និង លុបចោលការបរាជ័យក្នុងជំនួបកាលពីជើងទី ១។
គ្រូបង្វឹកក្រុមបឹងកេតលោក ហៅ សុជាតិ បានចាត់ទុកការចាញ់ក្រុមអគ្គិសនីកម្ពុជា ១-០ កាលពីជើងទី ១ ថាជាការបរាជ័យដែលកើតឡើងដោយសារការធ្វេសប្រហែសរបស់កីឡាករមួយចំនួនដែលមិនសូវយកចិត្តទុកដាក់លេង ហើយក៏មកពីបឹងកេតគ្មានសំណាងដែរ ព្រោះបឹងកេតបានវាយលុកទៅលើក្រុមអគ្គិសនីកម្ពុជារហូតតែបែរជាភ្លាត់ចាញ់នៅចុងម៉ោងទៅវិញ។
លោក សុជាតិ បានប្រាប់ថា៖ «យើងបានភ្លាត់កាលជើងទី ១ ម្តងហើយអ៊ីចឹងការជួបគ្នានៅជើងទី ២ នេះយើងត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែន។ កីឡាករភាគច្រើនរបស់យើងឲ្យតែប៉ះក្រុមមានកម្រិតលេងល្មមៗ គាត់មិនសូវយកចិត្តទុកដាក់លេងប៉ុន្មានឡើយ ហើយនេះជាមូលហេតុចម្បងដែលនាំឲ្យយើងចាញ់ក្រុមអគ្គិសនីកម្ពុជា ១-០ ក្នុងជើងទី ១ ប៉ុន្តែលើកនេះយើងត្រូវរៀបចំឲ្យបានល្អ និងលេងឲ្យបាន ១០០ ភាគរយដើម្បីស្វែងរកជ័យជម្នះមកវិញ»។
ចំណែកគ្រូបង្វឹកក្រុមណាហ្គាវើលលោក មាស ចាន់ណា ក៏ហាក់មានរំពឹងក្នុងកែប្រែលទ្ធផលឲ្យបានល្អប្រសើរវិញសម្រាប់ការវិលមកជួបក្រុមក្រសួងការពារជាតិ (ទ័ព) ដែលពួកគេធ្លាប់បានចាញ់ ៤-២ ផងដែរព្រោះការចាញ់កាលពីជើងទី ១ លោកថាដោយសារតែកីឡាករមួយចំនួនមិនមានវិន័យក្នុងខ្លួនដែលបង្ខំឲ្យលោកដាក់អ្នកទាំងនោះត្រឹមជាអ្នកមើលការប្រកួតនៅក្រៅទីលាន ប៉ុន្តែពេលនេះអ្វីៗបានវិលមករកភាពល្អប្រសើរវិញហើយ។
លោក មាស ចាន់ណា បានប្រាប់កាលពីម្សិលមិញថា៖ «ការចាញ់ ៤-២ លើកមុនដោយសារកីឡាកររបស់ខ្ញុំមួយចំនួនអត់មានវិន័យក្នុងខ្លួន ហើយជាការព្រមានខ្ញុំត្រូវឲ្យពួកគាត់អង្គុយនៅខាងក្រៅទីលាន ប៉ុន្តែការជួបគ្នាលើកនេះគឺយ៉ាងហោចណាស់ក៏យើងបានលទ្ធផលល្អជាងមុនដែរ ព្រោះពេលនេះកីឡាករម្នាក់ៗប្រមូលអារម្មណ៍បានល្អមានការប្រឹងប្រែង និងមានឆន្ទៈហ្វឹកហាត់ខ្លាំងដែលធ្វើឲ្យអ្វីៗមានភាពល្អប្រសើរជាងមុន អ៊ីចឹងទោះលទ្ធផលបែបណាគឺខ្ញុំមានការជឿជាក់ថាយើងនឹងលេងបានល្អ»។
ដោយឡែកក្រុមព្រះខ័នរាជ ស្វាយរៀង ដែលកំពុងឈរនៅលើកំពូលតារាង មាន ៣៦ ពិន្ទុច្រើនជាងក្រុមលេខ ២ ណាហ្គាវើលមាន ៣១ ពិន្ទុនោះនឹងត្រូវប្រើកីឡដ្ឋានខេត្តស្វាយរៀងដើម្បីស្វាគមន៍ក្រុមសូលទីឡូអង្គរវិញម្តង ខណៈជើងទី ១ ស្វាយរៀងបានឈ្នះ ១-០ ហើយអង្គរថាយហ្គឺរដែលឈរនៅលេខ ៣ មាន ៣០ ពិន្ទុត្រូវទទួលភ្ញៀវខេត្តកំពង់ចាមដែលពួកគេធ្លាប់លត់ ១១-០ វិញម្តង។
ចំណែកក្រុមវិសាខានឹងត្រូវទៅជួបក្រុមគិរីវង់សុខសែនជ័យដែលពួកគេធ្លាប់ឈ្នះ ២-០ ក្នុងជើងទី ១។ ក្រុមមាន ២៨ ពិន្ទុ វិសាខាត្រូវការឈ្នះបន្ថែមទៀត ដើម្បីរក្សាទីតាំងលេខ ៤ ព្រោះបើពួកគេចាញ់ទីតាំងនេះអាចនឹងធ្លាក់ទៅលើកណ្តាប់ដៃក្រុមបឹងកេតវិញដែលទើបធ្លាក់ទៅឈរនៅលេខ ៥ មាន ២៧ ពិន្ទុលើក្រុមភ្នំពេញក្រោនដែលមាន ២៥ ពិន្ទុក្រុមទ័ពមាន ២៣ ពិន្ទុ និងសូលទីឡូអង្គរមាន ២១ ពិន្ទុ៕
កម្មវិធីប្រកួតនៅថ្ងៃសៅរ៍
-អាស៊ីអឺរ៉ុប v ប៉ូលិស កីឡដ្ឋានអាស៊ីអឺរ៉ុបស្ពតផាក ១៥:៣០
-ទ័ព v ណាហ្គាវើល កីឡដ្ឋានស្តាតចាស់ ១៨:០០
-គិរីវង់ v វិសាខា កីឡដ្ឋានគិរីវង់ សុខសែនជ័យ ១៥:៣០
៤ ប្រកួតនៅថ្ងៃអាទិត្យ
-អង្គរថាយហ្គឺរ v ខេត្តកំពង់ចាម កីឡ.ខេត្តសៀមរាប ១៥:៣០
-ស្វាយរៀង v សូលទីឡូអង្គរ កីឡដ្ឋានស្វាយរៀង ១៨:០០
-បឹងកេត v អគ្គិសនីកម្ពុជា កីឡ.ខេមបូឌាអ៊ែវ៉េ ១៥:៣០
-ភ្នំពេញក្រោន v សាលាបាល់ទាត់ជាតិ កីឡ.RSN ១៨:០០