ភ្នំពេញៈ ការវិល​មកជួប​គ្នារ​វាង​ក្រុម​បឹងកេត និង​វិសាខា នៅ​សប្តាហ៍​ទី ១០ ចុង​សប្តាហ៍ នេះ បាន​ក្លាយ​ជា​ការ​ប្រកួត​ដ៏​សំខាន់ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត ខណៈ​ក្រុម​ទាំង ២ សុទ្ធ​តែ​មាន​កម្រិត​លេង​ខ្ពស់ និង​ត្រូវការ​ឈ្នះ ដើម្បី​ឈរ​នៅ​កំពូល​តារាង​នោះ ចំណែក​ណាហ្គាវើល ក៏​ចាំ​អ៊ុត​មើល​លទ្ធផល​របស់​ក្រុម​ខ្លាំង​ទាំង ២ នេះ​ផង​ដែរ។

បឹងកេត និង​វិសាខា មិន​ធ្លាប់មាន​ប្រវត្តិ​ជួបគ្នា​កន្លងមកនេះ ព្រោះ​វិសាខា ទើបតែ​បាន​ឡើង​មក​ចូល​លេង​លីក​កំពូល​កម្ពុជា នៅ​ឆ្នាំ ២០១៨ នេះ​ទេ ប៉ុន្តែ​កម្រិត​លេង និង​គុណភាព​កីឡាករ​ដ៏​សម្បូរ​បែប​របស់ វិសាខា បាន​ធ្វើ​ឲ្យ​ក្រុម​បឹងកេត មាន​ការ​បារម្ភ​ដូចគ្នា បើ​ទោះបី​ជា ៩ ប្រកួត​កន្លង​មក​នេះ បឹងកេត មិន​ទាន់​ស្គាល់​ការ​ចាញ់​ក៏ដោយ។

លោក ហៅ សុជាតិ គ្រូបង្វឹក​ក្រុម​បឹងកេត បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា៖ «ការ​ប្រកួត​នេះ នឹង​មាន​ភាព​តាន​តឹង​ខ្លាំង។ បើ​ទោះបី​ជា វិសាខា ជា​ក្រុម​ចំណូល​ថ្មី ប៉ុន្តែ​ធនធាន​កីឡាករ​ខ្មែរ​របស់​ក្រុម​នេះ សុទ្ធ​តែ​មាន​បទពិសោធ​លេង​ច្រើន ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត គឺ​វិសាខា មាន​កីឡាករ​បរទេស​កូរ៉េខាងជើង ដែល​មាន​គុណភាព​លេង​ល្អ»។

ជាមួយគ្នានេះ​ខ្សែការពារ ស៊ុន សុវណ្ណ​រិទ្ធី ដែល​ទើប​រងរបួស​កជើង ពេល​បឹងកេត យក​ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោន ៣-២ កាល​ពី​សប្តាហ៍​មុន​នេះ គឺ​មាន​សង្ឃឹម​ត្រឹម ៦០ ទៅ ៧០ ភាគរយ​ទេ សម្រាប់​ការ​ជួយ​បឹងកេត លើក​នេះ ប៉ុន្តែ សេត រ៉ូហ្ស៊ីប អាច​ចូល​លេង​បាន ១០០ ភាគរយ​វិញ​ហើយ។

ទោះយ៉ាងណា លោក ហៅ សុជាតិ មិនទាន់​ហ៊ាន​វាយតម្លៃ និង​កំណត់​គោល​ដៅ​ច្បាស់​លាស់ ក្នុង​ការ​លេង​ជាមួយ​ក្រុម​វិសាខា នៅ​ឡើយ​ទេ។

លោក ហៅ សុជាតិ បាន​បន្ថែមថា៖ «គិត​មកដល់​ពេល​នេះ យើង​បាន​រៀបចំ​ក្រុម​ល្អ​ជាង​ការ​ប្រកួត​កន្លង​មក ដោយ​សារ​កីឡាករ​មាន​របួស​មួយ​ចំនួន អាច​ចូល​លេង​វិញ​បាន​ហើយ ប៉ុន្តែ​ការ​ជួប​ក្រុម​វិសាខា វា​ទាម​ទារ​ឲ្យ​យើង​ត្រូវ​រៀបចំ​ក្រុម​ឲ្យ​បាន​ល្អ ជាង​ពេល​យើង​ជួប​ភ្នំពេញ​ក្រោ​ន ព្រោះ​ការ​ប្រកួត​នេះ ពិត​ជា​មាន​ភាព​តាន​តឹង​ខ្លាំង​មែន​ទែន អ៊ីចឹង​ហើយ​យើង​នឹង​រៀបចំ​ការ​លេង​ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង ហើយ​យើង​ក៏​មិន​ទាន់​អាច​វាយ​តម្លៃ​បាន​ថា យើង​នឹង​ទទួល​បាន​លទ្ធផល​បែប​ណា​នោះ​ដែរ?»។

ចំណែក​លោក ហុក សុ​ជីវ័ន ក៏បាន​បង្ហាញ​ពី​ការបារម្ភ​ទៅលើ​គុណភាព​លេង​របស់​បឹងកេត ផង​ដែរ។ លោក​បាន​ប្រាប់​ថា៖ «ខ្ញុំ​គិត​ថា ការ​ប្រកួត​នេះ នឹង​មាន​ភាព​តាន​តឹង​ខ្លាំង ដែល​យើង​ត្រូវ​តែ​ប្រយ័ត្ន ដោយសារ​ក្រុម​គេ ជា​ក្រុម​មួយ​ដែល​ខ្លាំង មិន​ទាន់​មាន​ក្រុម​ណា​បំបាក់​គាត់​បាន​ទេ អ៊ីចឹង​វា​ជាការ​ប្រកួត​មួយ ដែល​លំបាក​ខ្លាំង​សម្រាប់​ពួក​យើង»។

លោក​បាន​បន្ថែមថា៖ «រឿង​សំខាន់ គឺ​ការរៀបចំ និង​អារម្មណ៍​របស់​កីឡាករ​ទាំង​អស់ ហើយ​មក​ដល់​ពេល​នេះ យើង​បាន​ត្រៀម​រួច​រាល់​ហើយ ប៉ុន្តែ​ការ​អវត្តមាន​របស់​ខ្សែ​ការពារ ជិន វណ្ណៈ ដែល​ទទួល​បាន​កាត​ក្រហម ពេល​ជួប​ក្រុម​ស្វាយរៀង កាល​ពី​សប្តាហ៍​មុន អាច​ប៉ះពាល់​ដល់​ការ​ប្រកួត​នេះ​ខ្លះ​ដែរ ព្រោះ​យើង​កំពុង​ខ្វះ​កីឡាករ​នៅ​ត្រង់​តំបន់​នេះ»។

ក្នុងជំនួប​នេះដែរ ក៏​ជា​ពេលដែល រស់ សំអឿន របស់​ក្រុម​វិសាខា ត្រូវ​ប្រឈម​ជាមួយ​អតីត​មិត្ត​រួម​ក្រុម​របស់​គេ នៅ​ក្រុម​បឹងកេត ផ​ងដែរ។

ចំណែក​ក្រុម​ណាហ្គា​វើ​ល អាចនឹងទទួល​បាន​ផលចំណេញ សម្រាប់​ជំនួប​រវាង​ក្រុម​បឹងកេត និង​វិសាខា លើក​នេះ។ បើ​សិន​ជា​ក្រុម​ទាំង ២ នេះ​ស្មើ​គ្នា ឬក៏​វិសាខា អាច​ឈ្នះ​បឹងកេត គឺ​ណាហ្គាវើល មាន​ភាគរយ​ខ្ពស់​បំផុត ក្នុង​ការ​ប្រជែង​យក​លេខ ១ ពី​បឹងកេត មក​វិញ ព្រោះ​ពេល​នេះ ណាហ្គា ឈរ​នៅ​លេខ ២ មាន ២២ ពិន្ទុ តិច​ជាង​បឹងកេត ១ ពិន្ទុ និង​ច្រើន​ជាង​ក្រុម​វិសាខា ដែល​មាន ១៩ ពិន្ទុ ហើយ​ការ​ប្រកួត​លើក​នេះ ណាហ្គាវើល នឹង​អាច​យក​ឈ្នះ​ក្រុម​ឈរ​នៅ​បាត​តារាង វេស្ទើន ដោយ​គ្មាន​អ្វី​ត្រូវ​សង្ស័យ​នោះ​ទេ៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​សៅរ៍

-អាស៊ី​អឺរ៉ុប v ស្វាយរៀង នៅ​កីឡដ្ឋាន AEU ម៉ោង ៣:០០

-ក្រសួងការពារជាតិ v សូលទី​ឡូ​អង្គរ ស្តា​ត​ចាស់ ៣:០០

-ប៉ូលិស v អង្គ​រថា​យ​ហ្គឺ​រ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ៦:៣០

៣ ប្រកួត​នៅ​ថ្ងៃអាទិត្យ

-វិសាខា v បឹងកេត កីឡដ្ឋានវេ​ស្ទើ​ន ម៉ោង ៣:០០

-ភ្នំពេញ​ក្រោ​ន v អគ្គិសនី​កម្ពុជា កីឡដ្ឋាន អ.អេស.អិន ៦:៣០

-ណាហ្គា​វើ​ល v វេ​ស្ទើ​ន នៅ​ពហុ​កីឡដ្ឋាន​ជាតិ ៦:០០