ភ្នំពេញៈ ក្រុមបឹងកេត បានឆ្លងផុតនៅដំណាក់កាលដ៏គួរឲ្យបារម្ភ ដើម្បីឡើងទៅកាន់ការប្រកួតវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន លើកទី ៣ ឆ្នាំ ២០១៩ ដោយសប្បាយរីករាយ ប៉ុន្តែខ្សែប្រយុទ្ធនាំជ័យជម្នះជូនក្រុមមួយនេះ គឺ ចាន់ វឌ្ឍនាកា នៅតែគ្មានឱកាសជាប់ក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា ដែលត្រូវប្រមូលផ្តុំត្រៀមការប្រកួតជម្រុះជុំទី២ ពានរង្វាន់ FIFA World Cup 2022 ដដែល។
នៅក្នុងការប្រកួតកាត់សេចក្តីជើងទី ២ វគ្គ ៨ ក្រុម ពានសម្តេច ហ៊ុន សែន នៅកីឡដ្ឋានខេត្តសៀមរាប កាលពីថ្ងៃពុធ ម្សិលមិញនោះ ក្រុមបឹងកេត បានចាញ់ក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរ ១-០ ព្រោះការបង្កើតកំហុសរបស់បឹងកេត នាំឲ្យអាជ្ញាកណ្តាលផ្តល់បាល់ពិន័យ ១១ ម៉ែត្រ ឲ្យសូលទីឡូអង្គរ ហើយ កែវ សុផល ជាអ្នកស៊ុតបានសម្រេចនៅនាទីទី៥៣។
យ៉ាងណាក៏ដោយ ការរកបាន ២ គ្រាប់តែម្នាក់ឯងរបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដើម្បីយកឈ្នះក្រុមសូលទីឡូអង្គរ ២-០ កាលពីជើងទី១ វានៅតែជួយឲ្យក្រុមបឹងកេត បានឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយវាក៏ជាឱកាសដែលក្រុមមួយនេះ អាចបន្តក្តីសង្ឃឹម ក្នុងការឈានទៅរកការសម្រេចក្តីបំណងដ៏ធំរបស់ខ្លួន គឺការប្រជែងយកពានសម្តេច ហ៊ុន សែន ឲ្យបានជាលើកដំបូងផងដែរ។
តែទោះបីជាយ៉ាងណា រឿងមិនសប្បាយចិត្ត ក៏បានកើតមានឡើងចំពោះអ្នកគាំទ្ររបស់ក្លិបមួយនេះផងដែរ ខណៈបញ្ជីឈ្មោះកីឡាករប្រមូលផ្តុំហ្វឹកហាត់ជាបឋម ត្រៀមចូលរួមការប្រកួតវគ្គជម្រុះជុំទី២ នៃពានរង្វាន់ FIFA World Cup Qatar & Asian Cup 2023 គ្មានឈ្មោះ ចាន់ វឌ្ឍនាកា នោះ។
នៅក្នុងបញ្ជីឈ្មោះប្រមូលផ្តុំហ្វឹកហាត់ជាបឋមរបស់ក្រុមជម្រើសជាតិកម្ពុជា ទាំង ៣៥ នាក់ ដែលត្រូវបានបញ្ចេញ ជាផ្លូវការដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីល្ងាចថ្ងៃពុធនោះ ក៏គ្មានវត្តមានរបស់ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុមព្រះខ័នរាជស្វាយរៀង ប្រាក់ មុន្នីឧត្តម ផងដែរ ប៉ុន្តែខ្សែប្រយុទ្ធជើងចាស់ គួច សុកុម្ភៈ នៅតែទទួលបានការទុកចិត្តពីគ្រូបង្គោលក្រុមជម្រើសជាតិ លោក Felix Dalmas ហើយអ្នកចាំទីជើងចាស់ ស៊ូ យ៉ាទី ក៏មានឈ្មោះជាថ្មី ក្នុងការប្រមូលផ្តុំនេះដែរ។
ចំណែកកីឡាករ ៣៣ នាក់ផ្សេងទៀត ដែលត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិ លើកនេះ រួមមាន សេត រ៉ស៊ីប, ទេស សម្បត្តិ, លី វ៉ាហេទ, ជា វេសលី របស់បឹងកេត រ៉ឹង ប៊ុនហៀង, ណារ៉ុង កក្កដា, កាន់ ពិសាល របស់ក្រសួងការពារជាតិ គួច ដានី, សុះ ស៊ូហាណា របស់ណាហ្គាវើល អ៊ន ចាន់ប៉ូលីន, សាវែង សំណាង, សឿត បារាំង, ម៉ៅ ពិសិដ្ឋ, យ៉ើ សាហ្វី, យ៉ើ មូស្លីម របស់ភ្នំពេញក្រោន។
កីឡាករ ឃៀង ម៉េងហ៊ួ, ហូយ ផល្លីន, សារ៉េត គ្រីយ៉ា, សឿយ វិសាល, សួន សុវណ្ណ របស់ព្រះខ័នរាជស្វាយរៀង ឆេង ម៉េង, កែន ច័ន្ទសុភ័ក្ត្រ, កែវ សុខផេង, កែវ សុខសិលា, អ៊ុក សុវណ្ណ, ស៊ិន សុផាណាត់, អ៊ិន សូដាវីដ, ទៀត គឹមហេង, សាន គឹមហេង, ស៊ិន កក្កដា របស់ក្រុមវិសាខា ឈង់ ប៊ុនណាត របស់អង្គរថាយហ្គឺរ សៀង ចន្ធា របស់សាលាកីឡាបាល់ទាត់ជាតិបាទី និង ដាវ នីម របស់ក្រុមគិរីវង់សុខសែនជ័យ។
សម្រាប់ការប្រកួតជើងទី២ វគ្គ ៨ ពានសម្តេច ហ៊ុន សែន កាលពីម្សិលមិញនោះដែរ ខ្សែប្រយុទ្ធ កែវ សុខផេង បានជួយឲ្យក្រុមវិសាខា បន្តឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់ ១-០ បន្ថែមទៅលើការឈ្នះ ៤-២ កាលពីជើងទី១ ដើម្បីឡើងទៅវគ្គបន្ត ចំណែកក្រុមព្រះខ័នរាជស្វាយរៀង បានបន្តយកឈ្នះក្រុមអង្គរថាយហ្គឺរ ៤-០ ដើម្បីឡើងទៅវគ្គបន្តដែរ ប៉ុន្តែក្រុមទ័ព បានចាញ់ក្រុមភ្នំពេញក្រោន ដោយការទាត់ប៉េណាល់ទីកាត់សេចក្តី ៥-៤ ក្រោយក្រុមទាំងស្មើគ្នា ២-២ ក្នុងការប្រកួតទាំង ២ ជើង៕