ភ្នំពេញ: សហព័ន្ធខ្មែរកីឡាហែលទឹក បានបើកសិក្សាវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាហែលទឹកកម្រិតមធ្យមរយៈពេល ៥ ថ្ងៃ ដែលបានប្រព្រឹត្តទៅនាថ្ងៃចន្ទ ទី ១៩ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៨ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ខណៈដែលគ្រូឧទ្ទេសនាមជាអ្នកជំនាញមកពីសហរដ្ឋអាមេរិក។
វគ្គបំប៉ននេះបើកឡើងក្រោមជំនួយថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានគ្រូឧទ្ទេសនាមជាជនជាតិអាមេរិកលោក Rick Powers ដែលសហព័ន្ធកីឡាហែលទឹកអន្តរជាតិបញ្ជូនមកតាមការស្នើសុំរបស់សហព័ន្ធខ្មែរកីឡាហែលទឹក។
លោក Rick Powers បានថ្លែងនៅក្នុងពេលបើកវគ្គថា៖ «កន្លងមកច្រើនឆ្នាំហើយដែលខ្ញុំមានបទពិសោធក្នុងការដើរបណ្ដុះបណ្ដាលតាមប្រទេសនានានៅលើពិភពលោក ដោយឆ្លងកាត់តាមរយៈអ្នកបកប្រែ ហើយសកម្មភាពនេះធ្វើឲ្យសិក្ខាកាមយល់បានត្រឹមកម្រិតណា គឺជារឿងធម្មតាដែលជាការយកចិត្តទុកដាក់របស់សិក្ខាកាម»។
លោកបានអះអាងថា៖ «វគ្គនេះនឹងធ្វើឲ្យសិក្ខាកាមមានការរីករាយ ដោយសារតែខ្ញុំបានសំណូមពរឲ្យសិក្ខាកាមត្រូវតែហ៊ានសួរនូវអ្វីដែលខ្លួនមិនទាន់យល់ច្បាស់។ ការហ៊ានសួរមិនមែនបង្ហាញពីភាពល្ងង់ខ្លៅនោះទេ តែជាភាពវាងវៃស្វែងរកជំនាញបច្ចេកទេសអ្នកដែលមិនយល់ ហើយអ្នកដែលមិនហ៊ានសួរនោះទើបបញ្ជាក់ពីភាពល្ងង់ខ្លៅរបស់ខ្លួន»។
លោក Rick Powers បានបន្តថា៖ «យើងនឹងមានអនុស្សាវរីយ៍ច្រើនជាមួយប្រជាជនក្នុងតំបនអាស៊ីអាគ្នេយ៍ ព្រោះខ្ញុំធ្លាប់បង្ហាត់ហែលទឹកនៅហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី ហើយកម្ពុជាគឺជាលើកទី ២ ដែលខ្ញុំធ្លាប់មកបង្រៀន»។
លោកហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងថា៖ «នេះជាវគ្គបំប៉នមួយដែលធ្លាប់មានម្ដងហើយកាលពីឆ្នាំ ២០១៤ ហើយឆ្នាំ ២០១៨ នេះ សហព័ន្ធទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបើកវគ្គបណ្ដុះបណ្ដាលជាថ្មីបន្ថែមទៀត»។
លោកបន្តថា សិក្ខាកាមដែលចូលរួមក្នុងវគ្គនេះ សុទ្ធតែឆ្លងកាត់ការបណ្ដុះបណ្ដាលវគ្គកម្រិត ២ រួចហើយ ហើយដែលនេះជាវគ្គដែលមានកម្រិតបច្ចេកទេសកាន់តែខ្ពស់។
លោកហែម ចាន់លី អនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ដែលចូលរួមក្នុងពិធីបើកវគ្គនេះ បានបញ្ជាក់ថា៖ «សហព័ន្ធហែលទឹកពេលនេះកាន់តែមានសកម្មភាពប្រកួតច្រើន ហើយខ្ញុំ និងថ្នាក់ដឹកនាំ ធ្វើឲ្យមានសកម្មភាពហែលទឹកមាននៅទូទាំងប្រទេសដោយចាប់ផ្ដើមពីតំបន់មានប្រភពទឹក ដើម្បីបណ្តុះបណ្តាលថ្នាក់ថ្នាលសម្រាប់អនាគត»។
លោកបានបន្តថា៖ «ខ្ញុំនឹងបង្កើតឲ្យមានការប្រកួតរបៀប Open Water ឲ្យបានច្រើន និងនៅតាមតំបន់ដែលមិនសូវមានប្រភពទឹក។ គ្រូបង្វឹកទាំងអស់ត្រូវរៀនបង្កើតកម្មវិធីប្រកួត និងរៀនសូត្រឲ្យបានច្រើន ជាពិសេសភាសាអង់គ្លេស ព្រោះកម្មវិធីហែលទឹកត្រូវមានទំនាក់ទំនងជាមួយមន្ត្រីបច្ចេកទេសសហព័ន្ធហែលទឹកអន្តរជាតិ»៕