ក្រុង​ប៉ារីស៖ ជម្រើស​ជាតិ​ប៉ូឡូញ​ និង​រុស្ស៊ី​បាន​កក់​កៅអី​របស់​​​ខ្លួន​នៃ​​​ព្រឹត្តិការណ៍​ Euro ​២០២០ ក្រោយ​ពី​​ក្រុម​ប៉ូឡូញ​បាន​ឈ្នះ​​ជម្រើស​ជាតិ​ម៉ាសេដ្វាន​ខាង​ជើង​ ហើយ​ក្រុម​រុស្ស៊ី​បាន​ឈ្នះ​ជម្រើស​ជាតិ​​ស៊ីប​ ​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ និង​ហូឡង់​ បាន​បង្កើន​ក្តី​សង្ឃឹម​របស់​ខ្លួន ​​ដើម្បី​មាន​ឱកាស​ទៅ​ចូលរួម​ព្រឹត្តិ​ការណ៍​នេះ​​។

ក្រុម​រុស្ស៊ី​បាន​ឈ្នះ​ក្រុម​ស៊ីប​ដែល​នៅ​សល់​គ្នា​តែ ​១០ ​នាក់ ​ក្នុង​លទ្ធផល​ ៥-០ ហើយ​ក្រុម​ប៉ូឡូញ​បាន​ជូន​ដំណើរ​ក្រុម​ម៉ាសេដ្វាន​ខាង​ជើង​ក្នុង​លទ្ធផល​ ២-០ ខណៈ​នៅ​សប្ដាហ៍​នេះ ​មាន ៤ ​​ប្រទេស​ហើយ ​ដែល​បាន​កក់​កៅអី​នៅ​ Euro ឆ្នាំ ​២០២០​ គឺ​ក្រុម​រុស្ស៊ី​ ប៉ូឡូញ បែលហ្ស៊ិក​ និង​អ៊ីតាលី​។​​

ក្រុម​រុស្ស៊ី​ដឹកនាំ​ដោយ​លោក Stanislav Cherchesov ដែល​បាន​ឡើង​ដល់​វគ្គ ៨ ​ក្រុម​ចុង​ក្រោយ​នៃ​ World Cup ឆ្នាំ​មុន​ក្នុង​ទឹក​ដី​ខ្លួន​ឯង​នោះ​ បាន​គេច​ផុត​ពី​បរាជ័យ​ក្នុង​ទីក្រុង​ Nicosia ប្រទេស ស៊ីប ​​ដើម្បី​តាម​ពី​ក្រោយ​ក្រុម​បែលហ្ស៊ិក​នៅ​ក្នុង​ពូល​ I។

ខ្សែ​ការពារ​ Denis Cherystev រក​បាន ​១ ​គ្រាប់​ក្នុង​នាទីទី ​៩ ​ដើម្បី​​បើក​ឆាក​ឲ្យ​ក្រុម​ភ្ញៀវ​រុស្ស៊ី​នៅ​មុន​ពេល​កីឡាករ​ Magomed Ozdoev បាន​បន្ថែម ​១ ​គ្រាប់​ទៀត ​ក្នុង​នាទីទី ​២៣​ លុះ​ដល់​នាទី​ទី ​៧៩​ កីឡាករ​ Artem Dzyuba រក​បាន ​១ ​គ្រាប់​ទៀត ​មុន​ពេល​កីឡាករ​ Aleksandr Golovin បាន​ដាក់ ​១ ​គ្រាប់​ទៀត ​ក្នុង​នាទី​ទី ​៨៩​ ហើយ ​១ ​នាទី​ក្រោយ​មក​ កីឡាករ​ Cheryshev បាន​បន្ថែម ​១ ​គ្រាប់​ចុង​ក្រោយ ​ធ្វើ​ឲ្យ​ពួក​គេ​បាន​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​ស៊ីប​​ ៥-០​។​​

ក្រុម​រុស្ស៊ី​នឹង​ប៉ុនប៉ង​ដណ្ដើម​កន្លែង​កំពូល​ពី​​ក្រុម​បែលហ្ស៊ិក​ដែល​បាន​ឈ្នះ​ជម្រើស​ជាតិ​កាហ្សាក់ស្តង់​ ២-០ កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ពេល​ក្រុម​រុស្ស៊ី​នឹង​​ទទួល​​ក្រុម​ជាប់​ចំណាត់​ថ្នាក់​​លេខ ​១ ​ក្នុង​ពិភព​លោក​​នេះ​នៅថ្ងៃ​ទី ​១៦​ ខែ​វិច្ឆិកា​។​​

ការ​ប្រកួត​​ពាន​រង្វាន់​អឺរ៉ុប​នេះ​នឹង​ចាប់​ផ្ដើម​ធ្វើ​នៅ​ថ្ងៃទី ​១២ ខែ ​ថិមុនា​ ឆ្នាំ ​២០២០​ នៅ​កន្លែង​ចំនួន ​១២ ​ផ្សេងៗ​​គ្នា​នៅ​ទូទាំង​តំបន់​អឺរ៉ុប​ក្នុង​នោះ​ក៏​មាន​ការ​រៀបចំ​នៅ​ទីក្រុង​ Saint Petersburg ប្រទេស ​រុស្ស៊ី ​ផង​ដែរ​។​

ស្រប​ពេល​នេះ​ដែរ​ ក្រុម​ប៉ូឡូញ​បាន​ប្រកួត​ឈ្នះ​ក្រុម​ម៉ាសេដ្វាន​ខាង​ជើង​ក្នុង​លទ្ធផល ២-០ ​ដើម្បី​កក់​សំបុត្រ​របស់​ខ្លួន​សម្រាប់​ការ​ចូលរួម​ព្រឹត្តិការណ៍​ Euro នេះ​ផង​ដែរ​។​

ក្រុម​ប៉ូឡូញ​សឹង​តែ​មិន​បាន​​គ្រាប់​បាល់​ទៅ​ហើយ​ក្នុង​ការ​ប្រកួត​នេះ​រហូត​ដល់​នាទី​ទី ៧៤ ​​​ទើប​កីឡាករ​ Przemyslaw Frankowski រក​បាន ​១ ​គ្រាប់ ​មុន​ពេល​កីឡាករ​ Akardiusz Milik បាន​បន្ថែម ​១ ​គ្រាប់​ទៀត ​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ​ប៉ូឡូញ​​ដោយ​មិន​ធ្វើ​ឲ្យ​​របូត ​១ ​គ្រាប់​​ឡើយ និង​​​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​ពិន្ទុ​ទៀត​ដោយ​សុវត្ថិភាព​​។​

ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ប៉ូឡូញ​បន្ត​ឈរ​លើ​កំពូល​តារាង​នៃ​ពូល​ G និង​​នាំ​មុខ ៣ ​ពិន្ទុ​ទៅ​លើ​​ក្រុម​ជម្រើស​ជាតិ​អូស្ត្រាលី ​ដែល​បាន​ឈ្នះ​ជម្រើស​ជាតិ​ស្លូវ៉េនី​ ខណៈ​ក្រុម​ម៉ាសេដ្វាន​ និង​ស្លូវ៉េនី​តាម​ពី​ក្រោយ ​៥ ​ពិន្ទុ​។​​​

ទន្ទឹម​នេះ​ដែរ​ ក្រុម​ហូឡង់​របស់​លោក Ronald Koeman នៅ​តែ​បន្ត​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​ពូល​ C ដោយ​នាំ​មុខ​ក្រុម​អាល្លឺម៉ង់ ​ក្រោយ​ពី​បាន​ឈ្នះ​ក្រុម​បេឡារុស​ ២-១​ នៅ​ទីក្រុង​ Minsk ប្រទេស​ ​បេឡារុស ខណៈ​ក្រុម​អាល្លឺម៉ង់​បាន​ឈ្នះ​ជម្រើស​ជាតិ​អេស្តូនី​ ៣-០ ​​កាល​ពី​ថ្ងៃ​អាទិត្យ​។​

ប្រធាន​ក្រុម​ហូឡង់​ Virgil van Dijk បាន​ប្រាប់​ទូរទស្សន៍​ NOS ថា៖ «​យើង​ត្រូវ​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​អ្វី ​ដែល​យើង​បាន​ធ្វើ​នៅ​តង់​ទី ​២​ ទោះ​ជា​ទី​បំផុត​យើង​បាន​គ្រប់គ្រង​អ្វីៗ​ក៏​ដោយ​។​ ឥឡូវ​នេះ​យើង​ជិត​មាន​ឱកាស​ហើយ​»។​

ចំណែក​លោក Joachim Loew គ្រូ​បង្វឹក​ជម្រើស​ជាតិ​អាល្លឺម៉ង់​បាន​និយាយ​ថា៖ «​យើង​ត្រូវ​រៀបចំ​​ក្រុម​ឡើង​វិញ ​បន្ទាប់​ពី​មាន​ឱកាស​ហើយ​នោះ​ បន្ទាប់​មក​​យើង​ធ្វើ​បាន​ល្អ​ក្នុង​តង់​ទី ​២ ​រហូត​យើង​រក​បាន ​៣ ​គ្រាប់ ​ដោយ​មិន​ធ្វើ​ឲ្យ​របូត​គ្រាប់​បាល់​​នោះ​ឡើយ​»៕ AFP/SN