ភ្នំពេញ៖ ថ្នាក់ដឹកនាំសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ព្រមទាំងគ្រូបង្វឹក ហាក់នៅបារម្ភចំពោះការប្រជែងយកមេដាយមាសក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្រ្តីលើកទី ១៧ ដែលនឹងត្រូវធ្វើឡើងនៅកម្ពុជាជាលើកដំបូង ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ។
ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា លោក ស សុខា បានចាត់ទុកការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនេះថា ជាមោទនភាពរបស់កម្ពុជា។ លោកបានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ កាលពីអាទិត្យមុនថា៖ «មកដល់ម៉ោងនេះ ខ្ញុំគិតថា គ្រប់ផែនការ និងសកម្មភាព ក៏ដូចជាគណៈកម្មការនីមួយៗ គឺយើងមិនមានអ្វីជាការព្រួយបារម្ភនោះទេ ដោយសារតែគ្រប់គណៈកម្មការមានការទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំ ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះលើកនេះ»។
លោក ស សុខា បានបន្តថា៖ «ការព្រួយបារម្ភរបស់យើងមានតែ ១ ទេ គឺការកើនឡើងនូវចំនួនប្រទេសចុះឈ្មោះចូលរួម ព្រោះយើងគិតថា ត្រឹម ៤០ ប្រទេសអីទេ តែពេលនេះមានរហូតដល់ ៤៦ ប្រទេស អ៊ីចឹងយើងត្រូវរៀបចំផែនការមួយដោយឡែក ដើម្បីបន្ថែមនៅ ៦ ប្រទេសនោះ ហើយនេះជាមោទនភាពធំណាស់របស់ប្រទេស កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ និងមានអ្នកចូលរួមដល់ ៤៦ ប្រទេស»។
យ៉ាងណាក៏ដោយ លោក ស សុខា បានចាត់ទុកការប្រជែងរកមេដាយមាសពីការប្រកួតជើងឯកពិភពលោក ដែលមាន ៤៦ ប្រទេសចូលរួមនេះថា មានការពិបាក។ លោកនិយាយថា៖ «សម្រាប់ក្រុមអត្តពលិករបស់យើងផ្ទាល់ គាត់មានការជឿជាក់ច្រើន ប៉ុន្តែកីឡាករប៉េតង់នេះ វាមូលដូចបាល់ដែរ ហើយអ្វីដែលមូល គឺវានឹងមិនដូចអ្វី ដែលយើងចង់បាននោះទេ។ ដូចយើងដឹងហើយថា បាល់ទាត់ ពេលទាត់ វាអាចទៅមុខត្រង់បាន ប៉ុន្តែប៉េតង់នេះត្រូវប្រកួតនៅលើដីគន្លិកគន្លាក់ និងមានក្រួស អ៊ីចឹងវាមិនមែនមានន័យថា យើងធ្វើជាម្ចាស់ផ្ទះ គឺយើងអាចដណ្តើមបានមេដាយមាសនោះទេ»។
«ទោះបីជាយ៉ាងណា ខ្ញុំយល់ថា អត្តពលិករបស់យើង ធ្លាប់លេងនៅលើទីលានមានក្រួសនេះស្រាប់ អ៊ីចឹងមានន័យថា យើងអាចមានភាពងាយស្រួលជាងក្រុមដទៃ ក្នុងការប្រកួតប្រជែង ព្រោះនៅតាមប្រទេសនីមួយៗតារាង ឬទីលានប្រកួតនេះ តម្រូវទៅក្រុមជម្រើសជាតិខ្លួនឯង ឯយើងប្រើក្រួស ហេតុនេះយើងអាចមានសំណាងពី ១០ ទៅ ២០ ភាគរយ ក្នុងការឈ្នះមេដាយលំដាប់ពិភពលោក អាចចន្លោះពីលេខ ១ ទៅលេខ ៣ បាន»។ លោក ស សុខា បានបញ្ជាក់។
គួររំឭកថា ក្រុមប៉េតង់កម្ពុជាត្រូវបានគេចាត់ទុកថា ជាក្រុមខ្លាំងទាំង ៨ នៅលើពិភពលោក និងជាក្រុមខ្លាំងប្រចាំនៅអាស៊ី ជាមួយថៃ ហើយការទទួលបានងារជាក្រុមខ្លាំងនេះ ក៏ព្រោះតែក្រុមប៉េតង់កម្ពុជា ធ្លាប់បានឈ្នះមេដាយមាស ប្រាក់ សំរឹទ្ធ និងពានកិត្តិយសនៅលើឆាកអន្តរជាតិសឹងតែរាប់ភ្លេចទៅហើយ ជាពិសេសសម្រាប់ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក កន្លងមក ក្រុមប៉េតង់កម្ពុជាធ្លាប់ឈ្នះបានមេដាយមាស ៥ ប្រាក់ ១ និងមេដាយសំរឹទ្ធ ៣។
ជាមួយការឈ្នះមេដាយមាសពិភពលោកចំនួន ៥ នេះ វិរកីឡាការិនី កែ ឡេង បានឈ្នះ៣លើកជាប់ៗគ្នា លើវិញ្ញាសាវាយយកពិន្ទុ កាលពីឆ្នាំ ២០១៣ ឆ្នាំ ២០១៥ និងឆ្នាំ ២០១៧ ហើយមេដាយមាស ២ ទៀត រកបានដោយវិរកីឡាការិនី អ៊ុក ស្រីមុំ លើវិញ្ញាសា ១ នាក់ ទល់ ១ នាក់ នៅប្រទេស បែលហ្ស៊ិក ឆ្នាំ ២០១៧ និងការប្រកួតវាយយកពិន្ទុរបស់វីរកីឡាករ សុខ ច័ន្ទមាន នៅប្រទេស ម៉ាដាហ្គាស្កា កាលពីឆ្នាំ ២០១៦។ ចំណែកការប្រកួត ជើងឯកពិភពលោកលើកនេះ កីឡាការិនីជើងចាស់ កែ ឡេង និង អ៊ុក ស្រីមុំ ក៏នឹងត្រូវចូលរួមប្រកួតការពារមេដាយមាសរបស់ខ្លួនផងដែរ។
បន្ថែមលើនេះ កីឡាការិនីចំនួន ៥ នាក់ និងកីឡាករជាយុវជនចំនួន ៨ នាក់របស់កម្ពុជា ក៏ត្រូវចូលរួមការប្រកួតជើងឯកពិភពលោកលើកនេះផងដែរ ដោយក្នុងនោះក្រុមយុវជន ៨ នាក់ និងក្រុមកីឡាការិនី ៨ នាក់ របស់កម្ពុជា ត្រូវប្រកួតលើវិញ្ញាសាវាយយកពិន្ទុ និងប្រកួតជាក្រុមដូចគ្នា ហើយដោយសារតែកម្ពុជាជាម្ចាស់ផ្ទះ អ៊ីចឹងការប្រកួតទាំង ៤ វិញ្ញាសា លើផ្នែកយុវជន និងផ្នែកស្ត្រីនេះ គឺកម្ពុជា មានសិទ្ធិដាក់អត្តពលិករបស់ខ្លួនឲ្យចូលរួមប្រកួតបាន ២ នាក់ ឬ ២ ក្រុម ក្នុង ១ វិញ្ញាសាដូចគ្នា ខណៈប្រទេសជាភ្ញៀវ អាចដាក់បានតែ ១ នាក់ ឬ ១ ក្រុមទេ។
លោក អ៊ុក យ៉ារី គ្រូបង្វឹកក្រុមថ្នាលជម្រើសជាតិប៉េតង់កម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា៖ «ទាំងក្រុមយុវជន និងក្រុមនារី គឺយើងបានប្រឹងប្រែងហ្វឹកហាត់ខ្លាំងណាស់ សម្រាប់ត្រៀមការប្រកួតពិភពលោកលើកនេះ ដែលធ្វើឲ្យគុណភាព និងកម្រិតលេងរបស់ពួកគេ មានការកើនឡើងមួយកម្រិតទៀត ប៉ុន្តែយើងមិនអាចធានាបានថា យើងប្រាកដ ជាឈ្នះបានមេដាយ ១០០ ភាគរយនោះទេ ព្រោះនេះជាការប្រកួតកម្រិតពិភពលោក ដែលមានប្រទេសខ្លាំងៗជាច្រើនចូលរួម ខណៈលើកនេះមានប្រទេសចូលរួមរហូតដល់ ៤៦ គឺច្រើនជាងការប្រកួតជើងឯកពិភពលោក ដែលយើងធ្លាប់បានចេញទៅប្រកួតកន្លងមក ដែលមានត្រឹម ៤២ ឬ ៤៣ ប្រទេស»។
គ្រូបង្វឹករូបនេះ បានបន្ថែមថា៖ «សម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ី យើងមានការបារម្ភតែលើប្រទេស ថៃ មួយទេ ខណៈប្រទេសផ្សេងទៀត មិនស្ថិតក្នុងក្តីបារម្ភរបស់យើងឡើយ ប៉ុន្តែប្រទេសមកពីប៉ែកអឺរ៉ុប ៤ ទៅ ៥ ប្រទេស មានដូចជាប្រទេស បារាំង អេស្ប៉ាញ ម៉ាដាហ្គាស្កា និងប្រទេស ទុយនេស៊ី ជាដើម គឺសុទ្ធតែមានសមត្ថភាពខ្លាំង ដែលយើងមិនអាចមើលរំលងបាននោះទេ»៕