ភ្នំពេញ: កីឡាករប្រដាល់សូត្រ ប៊ុនធី មកពីក្លិបបក្សីស្លាបដែកនៃសមាគមប្រដាល់ក្រសួងមហាផ្ទៃ និងជាម្ចាស់ខ្សែក្រវាត់ចំនួន ២ ស្ថាប័ន នឹងត្រូវដាក់ឲ្យប្រកួតជាមួយកីឡាករថៃ Ling Loum ក្នុងទម្ងន់ ៦០ គីឡូក្រាមនៅសង្វៀនអាស៊ីអាគ្នេយ៍នាយប់ថ្ងៃសៅរ៍ ខាងមុខ។
កាល២សប្តាហ៍មុន សូត្រ ប៊ុនធី បានឈ្នះខ្សែក្រវាត់ខារ៉ាបាវ ដែលអមដោយទឹកប្រាក់ចំនួន ៥ ពាន់ដុល្លារអាមេរិក ខណៈដែលការប្រកួតនោះ រូបគេបានទម្លាយអាថ៌កំបាំងក្រោយប្រកួតថា «មានសុខភាពមិនសូវល្អ ហើយលទ្ធផលប្រកួតឈ្នះទាំងលំបាកបំផុត»។
តាមគណៈកម្មការផ្គូផ្គងប្រចាំសង្វៀនអាស៊ីអាគ្នេយ៍ សូត្រ ប៊ុនធី នឹងត្រូវដាក់ឲ្យប្រកួតជាមួយកីឡាករថៃ Ling Loum ក្នុងទម្ងន់ ៦០ គីឡូក្រាម ជាលក្ខណៈមិត្តភាពអន្តរជាតិ។
កីឡាករថៃរូបនេះត្រូវបានលោកញាន សុធី នាយកគ្រប់គ្រងកម្មវិធីប្រចាំសង្វៀនប្រកួតអះអាងថា ជាជើងខ្លាំងល្បីមួយរូបនៅប្រទេសថៃ ប៉ុន្តែមិនធ្លាប់មកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍ឡើយ។ តាមរយៈគណៈកម្មការផ្គូផ្គង ប្រវត្តិប្រកួតរបស់កីឡាករថៃ Ling Loum ក្នុងទម្ងន់ ៦០ គីឡូក្រាម មានចំនួនតិចជាងសូត្រ ប៊ុនធី រហូតដល់ ៥០ ដង ប៉ុន្តែពួកគេមានកម្ពស់ ១,៧០ ម៉ែត្រដូចគ្នា។
សូត្រ ប៊ុនធី មានប្រវត្តិប្រកួតបានចំនួន ១១៥ លើក ឈ្នះ ៩០ លើក ចាញ់ចំនួន ២០ លើក និងធ្លាប់ឈ្នះខ្សែក្រវាត់ចំនួន ២ ស្ថាប័នក្នុងអាជីពជាអ្នកប្រដាល់ឆ្នើមរយៈពេល ៥ ឆ្នាំ។
កីឡាករថៃ Ling Loum មានប្រវត្តិប្រកួតតែ ៦៥ លើក ឈ្នះ ៥៣ លើក និងចាញ់ចំនួន ១២ លើក ប៉ុន្តែត្រូវបានគេអះអាងថា ជាកីឡាករលំដាប់ខ្លាំង ១ រូប នៅប្រទេសថៃ និងមិនធ្លាប់មកប្រកួតនៅលើសង្វៀនអាស៊ីអាគ្នេយ៍នោះទេ។
លោកថៃ អ៊ូ ប្រតិភូនាំកីឡាករថៃមកប្រកួត បានឲ្យដឹងថា៖ «Ling Loum ក្នុងស្រុកថៃ មានលំដាប់ត្រឹមស៊េរី C ប៉ុណ្ណោះ ប៉ុន្តែតាមការឲ្យដឹងពីគ្រូបង្វឹកសមត្ថភាពរបស់គេមិនអាចចាញ់សូត្រ ប៊ុនធី ដោយងាយៗ ឬចាញ់ដោយផុយស្រួយនោះឡើយ ពោលគឺចាញ់ ឬឈ្នះ ខ្ញុំមិនហ៊ាននិយាយមុនទេ ប៉ុន្តែ ត្រូវឆ្លងកាត់ការប្រកួតក្នុងលក្ខណៈតឹងតែង និងស្វិតស្វាញ»។
លោកសួន ប៊ុនសូត្រ គ្រូបង្វឹក និងជាឪពុកសូត្រ ប៊ុនធី បាននិយាយថា៖ «ក្រោយឈ្នះខ្សែក្រវាត់ថ្មីៗកន្លងមក ប៊ុនធី មិនសូវបានហ្វឹកហាត់ខ្លាំងនោះទេ ព្រោះចង់សម្រាក ដើម្បីសម្រួល និងថែទាំសុខភាពឲ្យបានល្អ។ សម្រាប់ការប្រកួតជាមួយកីឡាករថៃលើកនេះ ខ្ញុំជាគ្រូបង្វឹកគិតថា មិនអាចចាញ់កីឡាករថៃបានទេ ពីព្រោះអាវុធ ឬស្នៀតល្អរបស់វាដែលល្អនោះគឺកែង និងជង្គង់ដែលមានប្រៀបជាង»។
លោកសួន ប៊ុនសូត្រ បានប្រាប់បន្ថែមទៀតថា៖ «តាមខ្ញុំមើលរូបថត និងឃ្លីបវីដេអូឃើញថា កីឡាករថៃដែលត្រូវប្រកួតជាមួយប៊ុនធី ថ្ងៃសៅរ៍ សប្តាហ៍នេះ ខ្ញុំធ្លាប់ឃើញមកប្រកួតនៅសង្វៀនស៊ីធីអិនម្តង ប្រហែល ១ ឆ្នាំមុនជាមួយប៊ុនធី ហើយត្រូវប៊ុនធី វាយឲ្យសន្លប់ប្រហែលនៅក្នុងទឹកទី ៣ ពីព្រោះខ្ញុំដូចជាចាំមិនច្បាស់»៕