ភ្នំពេញៈ កីឡាករជើងខ្លាំង ធឿន ធារ៉ា រួមទាំងម្ចាស់មេដាយមាស ប្រាក់ និងមេដាយសំរឹទ្ធ ទាំង ៤ នាក់ ពីការប្រកួតស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ ២០១៧ កន្លងមកនេះ សុទ្ធតែត្រូវបានជាប់នៅក្នុងក្រុមជម្រើសជាតិ ឆ្នាំ ២០១៨ នេះ ប៉ុន្តែ មឿន សុខហ៊ុច និង យ៉េន ឌីណា ដែលធ្លាប់ជាប់ជម្រើសជាតិ កាលពីឆ្នាំ ២០១៧ គ្មានវត្តមាន ក្នុងបញ្ជីឈ្មោះប្រមូលផ្តុំ នៅឆ្នាំនេះទេ។
យោងតាមបញ្ជីរាយនាម សមាសភាព គ្រូបង្វឹក និងកីឡាករ ដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ទទួលស្គាល់ និងអនុញ្ញាតឲ្យធ្វើការប្រមូលផ្តុំ ជាក្រុមជម្រើសជាតិផ្នែកកីឡាគុនខ្មែរ នៅឆ្នាំ ២០១៨ នេះ គឺមានកីឡាករ ៨ នាក់ ហើយលោក អេ ភូថង ដែលជាគ្រូជំនួយ កាលពីឆ្នាំ ២០១៧ ត្រូវបានដាក់ឲ្យធ្វើជាគ្រូបង្គោលជំនួសលោក ឈិត សារឹម វិញម្តង ឯលោក ឡុង សានវ័ន្ត បន្តធ្វើជាគ្រូជំនួសដដែល។
ចំពោះសមាសភាពកីឡាករទាំង ៨ នាក់ ដែលបានជាប់ជាក្រុមជម្រើសជាតិ នៅឆ្នាំ ២០១៨ នេះ រួមមានម្ចាស់មេដាយមាសស៊ីហ្គេម ឃុន ឌីម៉ា (ឃីម ឌីម៉ា) ម្ចាស់មេដាយប្រាក់ ម៉ឺន សុភា ម្ចាស់មេដាយសំរឹទ្ធទាំង ២ គឺ ឡៅ ចិត្ត្រា និង វ៉ាន់ វឿន កីឡាករ ឡៅ ចន្ទ្រា ជើងខ្លាំង ធឿន ធារ៉ា កីឡាករទើបមានឈ្មោះល្បី សែម ណាង (ឡុង សំណាង) និង ហ៊ីម សេរី។
យ៉ាងណាក៏ដោយ បើតាមប្រភពច្បាស់ការ បានឲ្យដឹងថា ការជ្រើសរើសកីឡាករទាំង ៨ នាក់ខាងលើនេះ ត្រូវបានលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជាអ្នកសម្រេច និងចុចឈ្មោះដាក់ឲ្យចូលជាក្រុមជម្រើសជាតិ តែម្តង គឺគ្មានការចូលរួមបោះឆ្នោតពីសំណាក់គ្រូបង្វឹកតាមក្លិបនីមួយៗ ដើម្បីរកកីឡាករទទួលបានការគាំទ្រច្រើន ដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ធ្លាប់បានធ្វើ កាលពីឆ្នាំ ២០១៧ នោះទេ។
គួរបញ្ជាក់ថា នៅឆ្នាំ ២០១៨ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិចំនួន ៣១ រួមទាំងក្រុមជនពិការ ធ្វើការប្រមូលផ្តុំជាក្រុមជម្រើសជាតិ ហើយការប្រមូលផ្តុំនេះ បានចាប់ផ្តើម កាលពីថ្ងៃទី ១៦ ខែកុម្ភៈ នឹងគ្រោងបញ្ចប់នៅថ្ងៃទី ១៥ ខែសីហា៕