ភ្នំពេញ៖ ក្រុមប្រដាល់សកលបានបញ្ចប់បេសកកម្មរបស់ខ្លួន នៅក្នុងការប្រកួតស៊ីហ្គេមលើកទី ៣០ ឆ្នាំ ២០១៩ នៅប្រទេស ហ្វីលីពីន ជាមួយការឈ្នះបានត្រឹមមេដាយសំរឹទ្ធ ប៉ុន្តែថ្នាក់ដឹកនាំរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានចាត់ទុកការឈ្នះបានមេដាយសំរឹទ្ធចំនួន ៥ នេះថា ជាជោគជ័យដែលទទួលបានលើសការរំពឹងទុក។
លោក ប៊ុយ សុភ័ណ្ឌ ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាសកលកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃចន្ទថា៖ «សម្រាប់គោលដៅ ដែលយើងបានដាក់ចេញ គឺធ្វើយ៉ាងណាដណ្តើមឲ្យបានមេដាយចំនួន ២ គ្រឿង ប៉ុន្តែជាលទ្ធផល យើងដណ្តើមបានរហូតដល់ ៥ គ្រឿង អ៊ីចឹងលទ្ធផលនេះ វាជាជោគជ័យ ដែលលើសពីអ្វី ដែលយើងបានរំពឹងទុក»។
សម្រាប់ការប្រកួតប្រដាល់សកល ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យនោះ គឺមានតែអតីតម្ចាស់មេដាយសំរឹទ្ធ ណាត សៀកនិន (ពេជ្រ ម្ទេសខ្មាំង), បាង នន់ និងកីឡាករ ស៊ឹម វិសិដ្ឋ ទេ ដែលមិនអាចដណ្តើមបានមេដាយជូនប្រទេសជាតិ ខណៈអ្នកទាំង ៣ បានចាញ់កីឡាករមីយ៉ាន់ម៉ា ទីម័រខាងកើត និងកីឡាកររបស់ថៃ នៅវគ្គជម្រុះ ៨ នាក់ដំបូងនោះ។
ផ្ទុយពីនេះ កីឡាករ សៅ រង្សី ដែលបានប្រកួតក្នុងទម្ងន់ ៤៩ គីឡូក្រាម កីឡាករមានទម្ងន់ ៦៤ គីឡូក្រាម យ៉ុង ដារ័ត្ន និងកីឡាករទម្ងន់ ៧៥ គីឡូក្រាម ស៊ីវ សុងម៉េង ព្រមទាំងកីឡាការិនី នូ ស្រីពៅ ដែលប្រកួតក្នុងទម្ងន់ ៥១ គីឡូក្រាម និងកីឡាការិនីទម្ងន់ ៦០ គីឡូក្រាម វី ស្រីខួច សុទ្ធតែដណ្តើមបានមេដាយសំរឹទ្ធដូចគ្នា។
យ៉ាងណាក៏ដោយ លោក ប៊ុយ សុភ័ណ្ឌ បានមើលឃើញថា ការសម្រេចឲ្យ ណាត សៀកនិន ចាញ់កីឡាករមីយ៉ាន់ម៉ា Latt Naing និងការចាញ់របស់ ស៊ីវ សុងម៉េង ជារឿងមិនសមហេតុផល។ លោកបាននិយាយថា៖ «ខ្ញុំបានមើលឃើញថា ណាត សៀកនិន វាយចំគោលដៅច្រើនជាង ដែលសមនឹងឈ្នះការប្រកួត ប៉ុន្តែលទ្ធផលបែរជាចាញ់គេ ៣-២ ចំណែក ស៊ីវ សុងម៉េង ការប្រកួតប្រហាក់ប្រហែលគ្នា ឬក៏យើងអាចលើសគេ ដើម្បីបានទៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែ បែរជាចៅក្រមផ្តល់ពិន្ទុឲ្យកីឡាករយើងចាញ់រហូតដល់ ៥-០ ដែលយើងពិបាកនឹងទទួលយកដែរ»។
នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នានោះ កីឡាករ កីឡាករ ស៊ីវ សុងម៉េង ត្រូវបានចៅក្រមសម្រេចឲ្យចាញ់កីឡាករវៀតណាម Ngugen Manh Cuong ជាឯកច្ឆន្ទ ៥-០ ចំណែកកីឡាករ សៅ រង្សី បានចាញ់ឥណ្ឌូនេស៊ី Langu Kornelis ៥-០ ដែរ។ រីឯ យ៉ុង ដារ័ត្ន បានចាញ់កីឡាកររបស់វៀតណាម Nguyen Van Hai ដោយអាជ្ញាកណ្តាលបញ្ឈប់។
ជាមួយគ្នានេះកីឡាការិនី នូ ស្រីពៅ ក៏ត្រូវបានអាជ្ញាកណ្តាលបញ្ឈប់ នៅពាក់កណ្តាលទីផងដែរ សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយកីឡាការិនីវៀតណាម Nguyen Thi Tam ហើយកីឡាការិនី វី ស្រីខួច បានចាញ់កីឡាការិនីថៃ Seesondee Sudaporn ដោយពិន្ទុជាឯកចន្ទ ៥-០។
យ៉ាងណាក៏ដោយចំពោះការចាញ់របស់ នូ ស្រីពៅ និង វី ស្រីខួច នេះ ត្រូវបានលោក ប៊ុយ សុភ័ណ្ឌ និយាយថា៖ «យើងអាចទទួលយកបានចំពោះការចាញ់របស់ នូ ស្រីពៅ និង វី ស្រីខួច ដោយសារគូប្រកួតរបស់គេ សុទ្ធតែជាអតីតម្ចាស់មេដាយមាស ហេតុនេះបើសិនជាអ្នកទាំង ២ មិនជួបកីឡាការិនីថៃ និងវៀតណាម នៅវគ្គនេះ គឺពួកគេអាចនឹងបានឡើងទៅវគ្គផ្តាច់ព្រ័ត្រក៏ថាបាន»៕