ភ្នំពេញ៖ ​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​​កម្ពុជា ​បាន​យក​ការ​ជួបជុំ​​គ្នា​ក្នុង​សន្និបាត​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ​ដើម្បី​ពិនិត្យ​សម្រេច​លើ​ការ​បង្កើត​នូវ​គណៈកម្មការ​មួយ​​ឈ្មោះ​ថា ​«គណៈកម្មការ​ប្រដាល់​សកល​អាជីព​កម្ពុជា» ​សម្រាប់​​ស្វែង​រក​ទីផ្សារ​ប្រកួត​ជូន​អត្តពលិក​របស់​ខ្លួន​តាម​លទ្ធភាព​ ដែល​គ្រោង​ឈាន​ទៅ​មាន​សកម្មភាព​ប្រកួត​លំដាប់​ពិភព​លោក​។

ចំពោះ​សមាសភាព​ទាំង ​១០ ​នាក់ នៅ​ក្នុង​គណៈកម្មការ​នេះ ​គឺ​មាន​ជនជាតិ​ខ្មែរ​តែ ​២ ​នាក់​ទេ ​ ក្នុង​នោះ លោក​ ប៊ុយ​ សុភ័ណ្ឌ ​ជា​ប្រធាន ចំណែក ​៩ ​នាក់​ទៀត ​ជា​អ្នក​ជំនាញ​បច្ចេកទេស​ និង​ទីផ្សា​មក​ពី​បរទេស​ ដោយ​មាន​ការ​គាំទ្រ​ពី​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ស្ថានទូត​ជប៉ុន​ផង​ដែរ​។​

លោក ​ប៊ុយ ​សុភ័ណ្ឌ​ ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​ផង​នោះ បាន​​និយាយ​ថា​ ការ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ប្រដាល់​សកល​អាជីព​កម្ពុជា ​ឬ ​​Cambodia Professinal Boxin Commission​ ​នេះ​ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​របស់​អត្តពលិក​របស់​យើង​ និង​ការ​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​កីឡា​អាជីព​ នៅ​លើ​សកល​លោក​មួយ​ចំនួន»​។

លោក​បាន​បន្ថែម​ថា​៖ «​ការ​បង្កើត​គណៈកម្មការ​​នេះ ​ដើម្បី​ស្វែងរក​ការ​គាំទ្រ​ឲ្យ​មាន​ភាព​រីក​ចម្រើន​ ក្នុង​ការ​មាន​ដៃ​គូ​នៅ​​លើ​ឆាក​អន្តរជាតិ ​ទាំង​ការ​ហ្វឹកហាត់​ និង​ការ​ប្រកួត ​ខណៈ​ដែល​ពួក​គាត់​ដែល​ជា​សមាជិក​ គឺ​ជា​អ្នក​ជួយ​ទ្រទ្រង់​ឲ្យ​មាន​សកម្មភាព​ ​គឺ​វា​​ស្រប​ទៅ​នឹង​ការ​អភិវឌ្ឍ​ដោយ​ផ្អែក​លើ​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា ​ដោយ​គាំទ្រ ​និង​ទទួល​ស្គាល់​ពី​ NOCC តាំង​ពី​ថ្ងៃ ​១៧​ ខែ ​កុម្ភៈ​ ឆ្នាំ​​២០១៧​ និង​ទទួល​ស្គាល់​ពី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ ចុះ​ថ្ងៃ​ទី ​៣០ ​ខែ ​មេសា​ ឆ្នាំ ​២០១៧»​។​

លោក​ ប៊ុយ​ សុភ័ណ្ឌ​ បាន​លម្អិត​ថា​៖​ «យោង​តម្រូវ​ការ​ចាំបាច់​ក្នុង​ការ​អភិវឌ្ឍ​កីឡា​ប្រដាល់​​​សកល​អាជីព ​ឆ្ពោះ​ទៅ​កីឡា​ស៊ីហ្គេម​លើក​ទី ​៣២ ​ឆ្នាំ ​២០២៣​ ដែល​​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​នោះ​ យើង​នឹង​ប្រឹងប្រែង​បង្កើត​គណៈកម្មការ​​ប្រដាល់​សកល​អាជីព​កម្ពុជា​នេះ​ឲ្យ​បាន ​ដើម្បី​ជា​ដៃ​គូ​ជាមួយ​វិស័យ​ឯកជន»​។​

សម្រាប់​ការ​ធ្វើ​សេចក្តី​សម្រេច​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ គឺ​​សមាសភាព​​ទាំង​ ​១០ ​នាក់ នៅ​ក្នុង​គណៈកម្មការ​នេះ រួម​មាន​ ​លោក ​ប៊ុយ ​សុភ័ណ្ឌ​ ជា​ប្រធាន​ លោក​ Motohashi Yukiharu ​លោក​ Slobe Masahiro និង​លោក​ ហ៊ុន​ ដាវីរតនា​ ជា​អនុប្រធាន​ចំណែក​​គណៈកម្មការ​ប្រតិបត្តិ​ចំនួន ​៧ ​រូប​ទៀត​ មាន​លោកស្រី​ Motohashi Yuko លោក​ Motohashi​​ ​Ryotaro លោក ​Motohashi Taiga ​លោក​ Kametani Nagakazu លោក ​Fukuda Akira និង​លោក ​Takamori Jou​។​

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ ឆឹង ​យ៉ៅយ៉េន​ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​ និង​ជា​អ្នក​ជំនាញ​តាក់តែង​បទ​បញ្ជា​ប្រកួត​បាន​ថ្លែង​ថា​៖ «​ភារកិច្ច​របស់​គណៈកម្មការ​ប្រដាល់​សកល​អាជីព​កម្ពុជា​ ​មាន​តួនាទី​ដូច​ជា​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ប្រដាល់​សកល​អាជីព​នៅ​កម្ពុជា​ និង​ដឹកនាំ​កីឡាករ​កីឡាការិនី​ប្រដាល់​សកល​អាជីព​កម្ពុជា ​ទៅ​ចូលរួម​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នានា​ ដែល​សេចក្តី​សម្រេច​នោះ​ ត្រូវ​មាន​សុពលភាព​ចាប់​ពី​ថ្ងៃទី ​២៥ ​ខែ​កុម្ភៈ ​នេះ​តទៅ​»។​

លោក​ ប៊ុយ ​សុភ័ណ្ឌ​ ដែល​ជា​អ្នក​ជំនាញ​ច្បាប់​កីឡា​ផង​នោះ បាន​ឲ្យ​ដឹង​ថា​៖ «យើង​បង្កើត​គណៈកម្មការ​​ប្រដាល់​សកល​អាជីព​នេះ ​គឺ​មាន​គោល​ដៅ​ភ្ជាប់​ទំនាក់ទំនង​ទៅ​កាន់​ស្ថាប័ន​ប្រដាល់​ពិភព​លោក​ធំៗ ​ជាមួយ​វិស័យ​ឯកជន​ស្ម័គ្រ​ចិត្ត​ មាន​ដូច​ជា​ស្ថាប័ន​ WBO ,WBA, WBC និង​ស្ថាប័ន​ IBC ​ជា​ដើម»​៕​