ភ្នំពេញ៖ ​ក្រុម​កីឡាការិនី​ប៉េតង់ បាន​ឈ្នះ​មេដាយ​មាស​ទី ​២ ឲ្យ​កម្ពុជា ក្នុង​​ការ​ប្រកួត​ស៊ីហ្គេម នៅ​ប្រទេស ​ហ្វីលីពីន ​កាល​ពី​ម្សិលមិញ ខណៈ​ក្រុម​អត្តពលិក​ប្រដាល់ គឺ​ទាំង​ប្រដាល់​សកល និង​ប្រដាល់​គុន​ខ្មែរ សុទ្ធ​តែ​ស្ថិត​ក្នុង​ជំហរ​ឈ្នះ​មេដាយ​សំរឹទ្ធ​រួច​ជា​ស្រេច​ដូច​គ្នា ចំណែក​​ក្រុម​បាល់ទាត់ ជម្រើស​ជាតិ​កម្ពុជា នឹង​ត្រូវ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជាមួយ​ក្រុម​​វៀតណាម នៅ​ថ្ងៃ​សៅរ៍។

ការ​ឈ្នះ​មេដាយ​មាស​ទី ​២ ​របស់​កម្ពុជា គឺ​​រក​បាន​ដោយ​​កីឡាការិនី ស្រ៊ាង សុរ៉ាឃីម, ឃួន យ៉ារី, អ៊ិន ស្រីយ៉ា និង ឌួង ឌីណា (បម្រុង​ម្នាក់) បន្ទាប់​ពី​ពួក​គេ​បាន​យក​ឈ្នះ​ក្រុម​ម៉ាឡេស៊ី ជាមួយ​ពិន្ទុ ១៣-៤ លើ​​វិញ្ញាសា ​៣ ​នាក់ ​ទល់ ​៣ ​នាក់ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ គឺ​ក្រោយ​ពេល​ដែល​ពួក​គេ​បាន​សម្រេច​ការ​សងសឹក​​លើ​ក្រុម​នារី​ឡាវ ដែល​ធ្លាប់​បាន​ទម្លាក់​ពួក​គេ​កាល​ពី​ប្រកួត​ជើង​ឯក​​ពិភព​លោក ជាមួយ​ការ​ឈ្នះ ១៣-៩ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ។

បន្ថែម​លើ​នេះ ការ​ប្រកួត​គូ​បុរស​របស់​ ​ម្ចាស់​មេដាយ​មាស​ពិភព​លោក សុខ ច័ន្ទមាន និង ញឹម បូរ៉ា ក៏​មាន​មេដាយ​សំរឹទ្ធ ក្នុង​ដៃ​រួចជា​ស្រេច​ផង​ដែរ បន្ទាប់​ពី​អ្នក​ទាំង ​២ បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាម​ពូល​ជាមួយ​ការ​ឈ្នះ ​២ និង​ចាញ់ ​១ ​ប្រកួត​នោះ ហើយ ច័ន្ទ​មាន និង បូរ៉ា នឹង​ត្រូវ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជាមួយ​ក្រុម​ឡាវ នៅ​ថ្ងៃ​សុក្រ​នេះ។

ប៉ុន្តែ​ក្រុម​ប៉េតង់​បុរស​កម្ពុជា ដែល​មាន​កីឡាករ ថោង ឈឿង, តិប ណូរ៉ា និង សៀង វណ្ណា បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល។ ចំណែក​​វីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដែល​ធ្លាប់​បាន​ឈ្នះ​មេដាយ​មាស កាល​ស៊ីហ្គេម ឆ្នាំ ​២០១៧ ​នោះ គឺ​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​លើ​វិញ្ញាសា​វាយគូ​នារី ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល​ដែរ ខណៈ​អ្នក​ទាំង ​២ បាន​​ឈ្នះ​ហ្វីលីពីន តែ​បាន​ចាញ់​​ក្រុម​ម៉ាឡេស៊ី និង​វៀតណាម​នោះ។

ក្រុម​ប្រដាល់ មាន​មេដាយ​សំរឹទ្ធ​ក្នុង​ដៃ​ចំនួន ​៥ ខណៈ​បាល់​ទាត់ ចង់​ឈាន​ទៅ​ឈ្នះ​មេដាយ​មាស

ដោយ​ឡែក​ ក្រុម​ប្រដាល់​គុន​ខ្មែរ ដែល​ចូលរួម​ប្រកួត​កីឡា Muay បាន​ស្ថិត​ក្នុង​ជំហរ​ឈ្នះ​មេដាយ​សំរឹទ្ធ​ចំនួន​​ ​២ ​នាក់ គឺ​ជើង​ខ្លាំង ឡៅ ចិត្ត្រា ដែល​បាន​យក​ឈ្នះ​កីឡាករ​ឡាវ Soubinh Banxadeth ដោយ​ពិន្ទុ ៣០-២៧ ឬ​ការ​ឈ្នះ​ជា​ឯកច្ឆន្ទ ៣-០ កាល​ពី​ម្សិលមិញ ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ហើយ ​១ ​ទៀត ​គឺ​កីឡាករ​ ហ៊ីម គឹមរៀង ដែល​បាន​ចាប់​​ឆ្នោត​​​ឡើង​ទៅ​វគ្គ ​១/២ ​ផ្តាច់​ព្រ័ត្រ ដោយ​ស្វ័យ​ប្រវត្តិ។ ប៉ុន្តែ​កីឡាការិនី សំ ថារ័ត្ន បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ហើយ បន្ទាប់​ពី​ចាញ់​វៀតណាម Trung Cao Minh ជា​មួយ​ពិន្ទុ ៣០-២៧ នោះ។

ចំណែក​ការ​ប្រកួត​ប្រដាល់​សកល​វិញ កីឡាករ ស៊ីវ សុងម៉េង បាន​ឈ្នះ​កីឡាករ​ឡាវ Khotsombath Cuong ៤-១ ក្នុង​ទម្ងន់ ​៧៥ ​គីឡូក្រាម ហើយ​កីឡាករ​ទម្ងន់ ​៦៤ ​គីឡូក្រាម យ៉ុង ដារ័ត្ន បាន​យក​ឈ្នះ​កីឡាករ​ទីម័រ​ខាង​កើត ក្នុង​លទ្ធផល​មិន​ឯកច្ឆន្ទ ៤-១ ដែរ ដើម្បី​មាន​មេដាយ​សំរឹទ្ធ​ក្នុង​ដៃ​ ដូច​​កីឡាការិនី នូ ស្រីពៅ ដែល​បាន​ចាប់​ឆ្នោត​ឡើង​វគ្គ ​១/២ ​ផ្តាច់​ព្រ័ត្រ ដោយ​ស្វ័យ​ប្រវត្តិ​ដែរ។ ប៉ុន្តែ​ម្ចាស់​មេដាយ​សំរឹទ្ធ ណាត សៀកនិន (ពេជ្រ ម្ទេសខ្មាំង) បាន​ចាញ់​កីឡាករ​មីយ៉ាន់ម៉ា ខណៈ បាង នន់ ក៏​បាន​ចាញ់​កីឡាករ​ទីម័រ នៅ​ក្នុង​វគ្គ ​៨ នាក់​ចុង​ក្រោយ​ដូច​គ្នា។

យ៉ាង​ណា​មិញ ​ក្រុម​បាល់​ទាត់​កម្ពុជា ត្រូវ​ជួប​ក្រុម​វៀតណាម ក្នុង​វគ្គ ​១/២ ​ផ្តាច់​ព្រ័ត្រ នា​យប់​ម៉ោង ​៧ នៅ​ថ្ងៃសៅរ៍​ គឺ​បន្ទាប់​ពី​ការ​ប្រកួត​គ្នា​រវាង​ក្រុម​មីយ៉ាន់ម៉ា និង​ឥណ្ឌូនេស៊ី ខណៈ​ការ​ប្រកួត​នេះ​ លោក Felix Dalmas ជា​គ្រូ​បង្វឹក​បាន​ជំរុញ​ឲ្យ​កូន​ក្រុម​ត្រូវ​យក​ឈ្នះ​ឲ្យ​បាន ដើម្បី​ឡើង​ទៅ​ប្រកួត​ដណ្តើម​យក​មេដាយ​មាស នៅ​វគ្គ​ផ្តាច់ព្រ័ត្រ៕