ភ្នំពេញៈ ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា និង​ជា​ប្រធាន NOCC លោក ថោង ខុន បាន​លើក​ទឹក​ចិត្ត និង​ជំរុញ​ឲ្យ​ក្មេងៗ​ជា​អត្តពលិក​កាយ​សម្ព័ន្ធ ខំ​ប្រឹង​ហ្វឹក​ហាត់ ដើម្បី​ក្លាយជា​អត្តពលិក​មាន​សមត្ថភាព​ខ្លាំង ត្រៀម​ប្រកួត​តំណាង​ឲ្យ​ជាតិ នៅ​លើ​ឆាក​អន្តរជាតិ ពិសេស​ស៊ីហ្គេម ឆ្នាំ ២០២៣ ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

លោក ថោង ខុន បាន​មានប្រសាសន៍ថា៖ «សម្រាប់​កីឡា​កាយសម្ព័ន្ធ​របស់​យើង គឺមាន​ផ្លូវ ២ ទី ១ ត្រូវ​បញ្ជូន​អត្តពលិក​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស និង​ទី ២ អញ្ជើញ​គ្រូបង្វឹក​ពី​គេ​មក​បង្វឹក​នៅ​កម្ពុជា អ៊ីចឹង​យើង​ត្រូវ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា បណ្តុះ​បណ្តាល មិន​គ្រាន់​តែ​សម្រាប់​ត្រៀម​ស៊ីហ្គេម មួយ​នោះ​ទេ ប៉ុន្តែ​យើង​បណ្តុះ​បណ្តាល​សម្រាប់​អនាគត​នៃ​វិស័យ​កីឡា​កាយ​សម្ព័ន្ធ សម្រាប់​ត្រៀម​ទៅ​ឆ្ងាយ​ជាង​ស៊ីហ្គេម ឆ្នាំ ២០២៣ ទៅ​ទៀត ព្រោះ​យើង​មិន​មែន​ឈប់​ត្រឹម​ឆ្នាំ ២០២៣ ទេ»។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​បន្ថែមថា៖ «ខ្ញុំ​សូម​ឲ្យ​គ្រូ គណៈ​កម្មការ​បច្ចេកទេស និង​ចៅក្រម​ទាំង​អស់ ខិតខំ​ដើម្បី​ត្រៀម​ខ្លូន​ហ្វឹក​ហាត់​ឲ្យ​បាន​ល្អ ព្រោះ​កីឡា​កាយ​សម្ព័ន្ធ បើ​យើង​ហ្វឹក​ហាត់​ល្អ យើង​ងាយ​នឹង​រក​បាន​មេដាយ​មាស ជូន​ដល់​ប្រទេស​ជាតិ​ដែរ ហើយ​ទម្រាំ​ដល់​ស៊ីហ្គេម ឆ្នាំ ២០២៣ យើង​នៅ​សល់​ពេល​ចូល ៤ ឆ្នាំ​ទៀត អ៊ីចឹង​ពេល​វេលា​នេះ​វា​គ្រប់​គ្រាន់​សម្រាប់់​ការ​ហ្វឹក​ហាត់​របស់​យើង»។

ការលើកឡើង​របស់លោក ថោង ខុន ត្រូវបាន​ធ្វើឡើង​នៅក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​កាយ​សម្ព័ន​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ និង​ពាន​រង្វាន់​ឯកឧត្តម​បណ្ឌិត ថោង ខុន លើក​ទី ២ ឆ្នាំ ២០១៨ នៅ​សាល​ដំបូល​ទូក នៃ​ពហុ​កីឡដ្ឋាន​ជាតិ កាល​​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ហើយ​វា​ក៏​ជា​ពេល​ដែល​លោក​បាន​ឃើញ​ពី​ការ​បង្ហាញ​សមត្ថភាព​របស់​ក្រុម​អត្តពលិក ដែល​ទទួល​បាន​ជ័យ​ជម្នះ នៅ​ក្នុង​ការ​ប្រកួត​លើក​នេះ​ផង​ដែរ។

ជាមួយគ្នានេះ លោក ណ​យ ផាន់​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា និង​ជា​ប្រធាន​គ្រប់គ្រង​គណៈ​កម្មការ ចៅក្រម ក្នុង​ការ​ប្រកួត​នេះ​បាន​ធ្វើការ​វាយ​តម្លៃ​ខ្ពស់ ទៅ​លើ​លទ្ធផល​ដែល​ទទួល​បាន​ពី​ការ​ប្រកួត​ថ្នាក់​ជាតិ​លើក​នេះ គឺ​មាន​ការ​រីក​ចម្រើន​ទាំង​សមត្ថភាព ចៅក្រម និង​អត្តពលិក។

លោក ផាន់​ណា បាន​ថ្លែងថា៖ «ការប្រកួត​នៅ​ឆ្នាំនេះ មាន​លក្ខណៈ​ប្រសើរ​ច្រើន​ណាស់ ព្រោះ​អត្តពលិក មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​មែន​ទែន ហើយ​ការ​ប្រជែង​គ្នា​ខ្លាំង​នេះ គឺ​ដោយសារ​ការ​កើន​ឡើង​បច្ចេកទេស​របស់​គាត់ ហើយ​មួយ​ទៀត ពាក់​ព័ន្ធ​នឹង​កញ្ចប់​ថវិកា​លើក​ទឹក​ចិត្ត ដែល​ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​បង្កើន​ការ​ផ្តល់​ប្រាក់​រង្វាន់​ច្រើន។ រីឯ​ចៅក្រម ក៏មាន​ការ​កើន​ឡើង និង​មាន​ភាព​វៃឆ្លាត​ក្នុង​ការ​ដាក់​ពិន្ទុ និង​ចាប់​នូវ​រាល់​សកម្មភាព​ប្រកួត​របស់​អត្តពលិក គឺ​ពួក​គាត់​ស្ទើរ​តែ​គ្មាន​កំហុស»។

គួរ​បញ្ជាក់ថា ការប្រកួត​ថ្នាក់ជាតិ​ឆ្នាំនេះ មាន​អត្ត​ព​លិ​ក ៧៤ នាក់ (ស្រី ៣៦ នាក់) បាន​ចូលរួម ដោយ​ពួកគេ​បាន​ប្រកួត​ប្រជែង​លើ​វិញ្ញាសា​ចំនួន ១៣ តំណាង​ឲ្យ​ខេត្ត និង​សមាគម​ចំនួន ៤ ហើយ​ជា​លទ្ធផល​នៃ​ការ​ប្រកួត ៤ ថ្ងៃ​នេះ អត្តពលិក​របស់​សមាគម​ក្រសួង​មហាផ្ទៃ បាន​ឈ្នះ​មេដាយ​មាស ៤ ប្រាក់ ៦ សំរឹទ្ធ ៣ ដើម្បី​ឈរ​នៅ​លេខ ១។

ចំណែក​ខេត្តកំពង់ឆ្នាំង ឈរ​នៅ​លេខ ២ ដោយបាន​មាស ៤ ប្រាក់ ៣ សំរឹទ្ធ ៣ ខេត្ត​ក្រចេះ បាន​មាស ៣ ប្រាក់ ៤ សំរឹទ្ធ ៦ ហើយ​ខេត្ត​តាកែវ បាន​មាស ២ និង​សំរឹទ្ធ ២ ឯ​ប្រាក់​រង្វាន់​ដែល​ទទួល​បាន គឺ​អ្នក​លេខ ១ បាន ៥០ ម៉ឺន​រៀល លេខ ២ បាន ៤០ ម៉ឺន​រៀល និង​លេខ ៣ បាន ៣០ ម៉ឺន​រៀល ខណៈ​ការ​ប្រកួត​ជា​ក្រុម មាន​គ្នា ៦ នាក់ លេខ ១ បាន ៣ លាន​រៀល៕