ក្រុង​ស៊ីដនី៖ ប្រធាន​​បាល់ឱប​ប្រទេស​ ​អូស្ត្រាលី​ លោក​​ Cameron Clyne កាល​ពី​ថ្ងៃ​ចន្ទ​បាន​ប្រកាស​ថា គាត់​នឹង​មិន​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​ម្ដង​ទៀត​​នៅ​ឆ្នាំ ​២០២០ ​នោះ​ទេ ​ក្រោយ​ពី​គាត់​បាន​ឆ្លង​កាត់​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​​​អាណត្តិ​ដឹកនាំ​របស់​គាត់​​​រួច​មក​។​​

លោក Clyne ដែល​ជាអតីត​ប្រធាន​ធនាគារ​ជាតិ​អូស្ត្រាលី​ ហៅ​កាត់​ថា NAB នោះ​ បាន​និយាយ​​ថា អាណត្តិ​របស់​គាត់​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី ​៣០ ខែ ​មីនា​ ឆ្នាំ ​២០២០​ ជា​ពេល​ដែល​​គណៈ​គ្រប់គ្រង​កីឡា​នេះ​​នឹង​ធ្វើ​កិច្ច​ប្រជុំ​ទូទៅ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​​ផងដែរ​។​

នៅ​ក្នុង​អំឡុង​ពេល​គ្រប់គ្រង​នោះ លោក Clyne បាន​ពិនិត្យ​ឃើញ​មាន​កាត់​បន្ថយ​បុគ្គលិក​ដ៏​ចម្រូង​ចម្រាស​​​នៃ​កម្មវិធី​ Western Force ​ពី​ការ​ប្រកួត​លីក​បាល់ឱប​កំពូល​ Super Rugby និង​មាន​បញ្ហា​ជា​ច្រើន​សម្រាប់​ជម្រើសជាតិ​បាល់ឱប​អូស្ត្រាលី​។​​

នៅ​ក្នុង​អាណត្តិ​នោះ​ដែរ​ លោក Clyne ​​បាន​ជួយ​ឲ្យ​​ក្រុម​ជម្រើស​ជាតិ​បាល់ឱប​អូស្ត្រាលី​​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ World ​Cup ​​នៅ​ប្រទេស ​​ជប៉ុន ​និង​ការ​លាលែង​ពី​តំណែង​របស់​គ្រូ​បង្វឹក​លោក​ Michael ​Cheika​។

លោក Clyne ក៏​បាន​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​ការ​បណ្ដេញ​ចេញ​ជា​ឯកច្ឆន្ទ​នៅ​ឆ្នាំ​នេះ​ចំពោះ​កីឡាករ Israel Folau ដែល​​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​ក្នុង​លីក​កំពូល​នេះ ​ដោយសារ​រូប​គេ​​បាន​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ផង​ដែរ​។​​

យ៉ាង​ណា​ក៏​ដោយ​​ លោក Clyne ក៏​បាន​បង្ហាញ​ពី​ស្នាដៃ​វិជ្ជមាន​មួយ​ចំនួន​ក្រោម​ការ​ដឹកនាំ​របស់​គាត់​​ជា​ពិសេស​ គឺ​ការ​ជួយ​លើក​ទឹក​ចិត្ត​​ឲ្យ​មាន​ការ​ចូលរួម​របស់​នារី​នៅ​ក្នុង​វិស័យ​កីឡា​នេះ​ផង​ដែរ​។​​

លោក Clyne បាន​និយាយ​ដោយ​សំដៅ​ទៅ​រក​ការ​រិះគន់​ពី​ក្រុម​​សារព័ត៌មាន​ក្នុង​ស្រុក​ចំពោះ​​ការ​ដឹកនាំ​​របស់​គាត់​​ និង​ប្រធាន​ប្រតិបត្តិ​លោក Raelene Castle ថា៖ «​ជា​អកុសល​ ថ្មីៗ​នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​បាន​ផ្សព្វផ្សាយ​មិន​ល្អ​ចំពោះ​ខ្ញុំ​»។​​

លោក Clyne បាន​និយាយ​ថា ​ទង្វើ​នេះ​បាន​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​​កិច្ចការ​​ដ៏​អស្ចារ្យ​ជា​ច្រើន ​ដែល​សម្រេច​​បាន​​កន្លង​មក​ និង​​បន្ត​​សម្រេច​បាន​នៅ​ថ្នាក់​សហគមន៍​រហូត​ដល់​ថ្នាក់​ជាតិ​តាមរយៈ​​អ្នក​ស្ម័គ្រ​ចិត្ត​ អ្នក​រដ្ឋបាល កីឡាករ​ គ្រូបង្វឹក និង​មន្ត្រី​រៀបចំ​ការ​ប្រកួត​របស់​យើង​នៅ​ទូទាំង​ប្រទេស​»​។

ប្រធាន​បាល់ឱប​ជាតិ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​ខ្ញុំ​នៅ​តែ​សង្ឃឹម​ថា ការ​លា​ឈប់​របស់​ខ្ញុំ​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​លើ​ទីលាន​ប្រកួត​ និង​នៅ​កន្លែង​ផ្សេង​ទៀត​​ផង​ដែរ​​»៕ AFP/SN