ក្រុងស៊ីដនី៖ របាយការណ៍មួយបាននិយាយពីថ្ងៃពុធថា ប្រធានកីឡាបាល់ឱបអូស្ត្រាលីអ្នកស្រី Raelence Castle បានធ្វើការសុំអភ័យទោសដល់មន្ត្រីរៀបចំបាល់ឱបពិភពលោកចំពោះអាកប្បកិរិយារបស់សមាជិកក្រុមបាល់ឱបអូស្ត្រាលីដែលដឹកនាំដោយគ្រូបង្វឹក Michael Cheika នៅក្នុងការប្រកួត World Cup នៅប្រទេស ជប៉ុន។
កាសែត Sydney Morning Herald បាននិយាយថា អ្នកស្រី Castle បានសរសេរលិខិតមួយដោយនិយាយសុំទោសក្រោយពីមានក្ដីកង្វល់ពីគណៈកម្មាធិការរៀបចំការប្រកួតនៅប្រទេស ជប៉ុន ព្រមទាំងមន្ត្រីរៀបចំបាល់ឱបជាន់ខ្ពស់មួយចំនួនទៀត។
ក្ដីកង្វល់ទាំងនោះត្រូវបានគេជឿថា មានការពាក់ព័ន្ធនឹង ការរិះគន់របស់លោក Cheika ចំពោះមន្ត្រីរៀបចំកីឡាបាល់ឱបពិភពលោក និងអាជ្ញាកណ្ដាលព្រមទាំងបញ្ហាមួយចំនួនជាមួយថ្នាក់គ្រប់គ្រងបាល់ឱបអូស្ត្រាលីនៅក្នុងពេលក្រុមបាល់ឱបប្រទេសនេះប្រកួតនៅប្រទេស ជប៉ុន។
មន្ត្រីនាំពាក្យម្នាក់បានបន្ថែមថា មន្ត្រីគ្រប់គ្រងបាល់ឱបអូស្ត្រាលីបានបញ្ជាក់ប្រាប់ទីភ្នាក់ងារ AFP ថា «មានលិខិតមួយច្បាប់» ប៉ុន្តែមិនបានបញ្ជាក់លម្អិតទៀតទេ ហើយថា «បញ្ហា គឺស្ថិតនៅពីក្រោយយើង»។
លោក Cheika ដែលបានលាឈប់ពីតំណែងនៅចុងបញ្ចប់ព្រឹត្តិការណ៍ World Cup នោះបានស្រែកយ៉ាងខ្លាំងក្រោយពីប្រទេស ហ្វ៊ីជី (Fiji) បានរៀបរាប់ថា កីឡាករបាល់ឱបអូស្ត្រាលី Reece Hodge បានប្រព្រឹត្តកំហុសធ្វើឲ្យកីឡាករហ្វ៊ីជី Peceli Yato សន្លប់ក្នុងពេលប្រកួតជាមួយគ្នានោះ។
កីឡាករអូស្ត្រាលីរូបនេះត្រូវបានផ្អាកមិនឲ្យចូលរួមប្រកួតរយៈពេល ៣ សប្ដាហ៍ ចំពោះការបង្កកំហុសនោះ។
លោក Cheika បាននិយាយនៅពេលផ្អាកកីឡាករ Hodge ថា៖ «ប្រសិនបើមានកីឡាករបាល់ឱបពិភពលោកណាមួយមិនស្ដាប់បង្គាប់ នោះ គឺជារូបខ្ញុំទោះជាខ្ញុំប្រើភាសាអ្វីទៅកាន់ពួកគេក៏ដោយ»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «មានគ្នាយើងខ្លះប្រកួតនឹងអ្នកផ្សេងទៀត។ អ្នកដឹងហើយ យើងដឹងពីបញ្ហានោះដែរ ដូច្នេះយើងនឹងមិនបណ្ដោយឲ្យវាបង្អាក់ផ្លូវយើងឡើយ»។
កាសែត The Herald បាននិយាយថា អាកប្បកិរិយា និងទង្វើដ៏ឆ្គាំឆ្គងរបស់គ្រូបង្វឹកនេះបានធ្វើឲ្យប៉ះពាល់ដល់សមាជិកក្រុមបាល់ឱបអូស្ត្រាលី ហើយអ្នកស្រី Castle បានប្រឹងប្រែងស្រាយបរិយាកាសនេះឲ្យល្អឡើងវិញ តាមរយៈលិខិតរបស់អ្នកស្រី។
លោក Cheika បាននិយាយនៅមុនពេលចាកចេញថា គាត់កម្រមានទំនាក់ទំនងល្អជាមួយអ្នកគ្រប់គ្រងបាល់ឱបអូស្ត្រាលីដែលដឹកនាំដោយ អ្នកស្រី Castle ដែលទំនងជាដោយសារគាត់អាក់អន់ចិត្តចំពោះការតែងតាំងលោក Scott Johnson ឲ្យធ្វើជានាយកកីឡានេះ។
លោក Cheika ដែលកុងត្រារបស់គាត់នឹងត្រូវផុតនៅចុងឆ្នាំនេះមិនបានបង្ហាញទម្រង់លេងល្អក្រោយពីក្រុមជម្រើសជាតិបាល់ឱបអូស្ត្រាលីប្រកួតចាញ់ជម្រើសជាតិអង់គ្លេសនៅក្នុងវគ្គ ១៦ ក្រុម ចុងក្រោយនៃព្រឹត្តិការណ៍ពិភពលោកនេះ។
គ្រូបង្វឹកសញ្ជាតិនូវែលហ្សេឡង់ លោក Dave Rennie ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មី ដើម្បីដឹកនាំជម្រើសជាតិបាល់ឱបអូស្ត្រាលីជំនួសតំណែងលោក Cheika កាលពីសប្ដាហ៍មុន៕ AFP/SN