ភ្នំពេញៈ បញ្ហាការព្យាបាលរបួសរបស់ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ ២០១៧ ឃុន ឌីម៉ា ហៅ ឃីម ឌីម៉ា គិតមកដល់ពេលនេះមិនទាន់បានសម្រេចច្បាស់លាស់នៅឡើយថា តើ ឌីម៉ា នឹងត្រូវព្យាបាលវះកាត់នៅមន្ទីរពេទ្យក្នុង ឬក្រៅប្រទេសនោះទេ ហើយការសម្របសម្រួលកាលពីយប់មិញក៏នៅតែមិនទាន់សម្រេចចិត្តឲ្យប្រាកដនៅឡើយ ប៉ុន្តែប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានអះអាងថាសហព័ន្ធនៅតែរ៉ាប់រងជួយឧបត្ថម្ភដល់ ឌីម៉ា សម្រាប់តម្លៃព្យាបាល ទោះជាសេវាព្យាបាលនៅមន្ទីរពេទ្យក្រៅប្រទេសខ្ពស់ក៏ដោយ។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរមានថ្លែងប្រាប់ថា៖ «ក្រោយពី ឌីម៉ា វិលពីប្រទេសថៃ ខ្ញុំបានសុំឲ្យ ឌីម៉ា មកពិគ្រោះគ្នានៅភ្នំពេញម្តងទៀតជាមួយគ្រូពេទ្យជំនាញហើយកាលពីសប្តាហ៍មុន ខ្ញុំបានជូន ឌីម៉ា ដោយឡានរបស់ខ្ញុំផ្ទាល់ទៅពិនិត្យពិគ្រោះជាមួយអ្នកជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត»។
លោកបន្ថែមថា៖ «បន្ទាប់មកយើងបានទៅពិនិត្យពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហើយគ្រោងនឹងព្យាបាលដោយគ្រូពេទ្យជំនាញ ប៉ុន្តែ ឃុន ឌីម៉ា សុំពន្យារពេលសិនដោយបំណងរបស់គាត់នៅតែចង់ទៅក្រៅប្រទេស»។ លោក តែម ម៉ឺន បញ្ជាក់ថា៖ «ប្រសិនបើ ឌីម៉ា ចង់ទៅព្យាបាលក្រៅប្រទេសនោះ ទោះបីសហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រឈមទៅនឹងថវិកា ប៉ុន្តែយើងនៅតែខិតខំជួយថ្លៃព្យាបាលដោយមិនឲ្យគ្រួសារព្រួយបារម្ភ ឬលំបាកនោះទេ»។
ចំណែកលោក ជឹម ផល្លា គ្រូពេទ្យប្រចាំការក្រុមជម្រើសជាតិបាននិយាយថា៖ «ប្រសិន ឌីម៉ា ព្រមព្យាបាលនៅពេទ្យក្នុងស្រុកយើងគឺល្អព្រោះអ្នកជំនាញពេទ្យទាំងនោះសុទ្ធតែមកពីក្រៅប្រទេស ហើយឧបករណ៍ក៏ទំនើប បន្ទប់វីអាយភី ដោយគ្មានចាយលុយបន្តិចឡើយ។ កន្លងមកកីឡាករស្រុកខ្មែរ មិនដែលទទួលបានការជួយបែបនេះឡើយ តែពេលនេះយើងទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រសួងអប់រំ ក្រសួងសុខាភិបាល ដែលផ្តល់តួនាទីឲ្យមន្ទីរពេទ្យរដ្ឋធំៗចំនួន ៤ នៅរាជធានីភ្នំពេញ ពិនិត្យព្យាបាលចំពោះអត្តពលិក និងគ្រូបង្វឹកនៃក្រុមជម្រើសជាតិមិនគិតប្រាក់»។
លោក ជឹម ផល្លា បានបន្ថែមថា ប៉ុន្តែបើ ឌីម៉ា នៅតែចង់ទៅព្យាបាលក្រៅប្រទេសនោះសហព័ន្ធ ឬគ្រូពេទ្យ យើងមិនជំទាស់ទេ ព្រោះវាជាសិទ្ធិ និងជម្រើសរបស់មនុស្សម្នាក់ៗផ្សេងៗពីគ្នា។ ចំណែកលោក ហេង ប៊ុនឃីម ជាឪពុកបង្កើតរបស់ ឃីម ឌីម៉ា បានប្រាប់ពីស្ថានភាពរបួសរបស់កូនប្រុសក្រោយពិនិត្យថាត្រូវការព្យាបាលឲ្យបានត្រឹមត្រូវ ពិសេសពេទ្យជំនាញ ចំណែកថវិកាចំណាយ ទោះជាក្រីក្រត្រូវតែប្រឹងដើម្បីកូន។
លោក ប៊ុនឃីម បានប្រាប់ថា៖ «ខ្ញុំអរគុណដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងថ្នាក់លើដែលជួយខិតខំដោះស្រាយ ប៉ុន្តែជម្រើសចុងក្រោយ គឺ ឌីម៉ា សាមីខ្លួននេះហើយជាអ្នកសម្រេច ហើយតាមខ្ញុំគិតគឺ ឌីម៉ា វាចង់តែទៅព្យាបាលនៅក្រៅប្រទេស ព្រោះវាមានទំនុកចិត្តខ្ពស់ បច្ចេកវិទ្យាពេទ្យនៅស្រុកគេ»។
លោកបន្ថែមថា៖ «សម្រាប់ការព្យាបាលនៅប្រទេសថៃ គ្រូពេទ្យទារថ្លៃព្យាបាលចំនួន ១៥០០០ ដុល្លារលើសេវាវះកាត់ និងព្យាបាល ហើយបញ្ហានេះធ្វើឲ្យគ្រួសារខ្ញុំមានផលលំបាកខ្លាំង ប៉ុន្តែបើខាងមេៗសហព័ន្ធ និងក្រសួងអប់រំ ជួយវិញ ខ្ញុំគិតថាល្អ និងមានទំនុកចិត្តបំផុត ព្រោះយ៉ាងម៉េចក៏ស្រុកគេ វាទំនើបជាងយើងដែរ»៕