ភ្នំពេញៈ ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា លោក លី កុសល បានក្រើនរំឭកទៅដល់អត្តពលិក ដែលទើបដណ្តើមបានមេដាយ ពីការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ឯកឧត្តមប្រធានសហព័ន្ធ លើកទី៥ ឆ្នាំ ២០១៩ កុំឲ្យសប្បាយ ឬអបអរជ័យជម្នះរបស់ខ្លួន រហូតភ្លេចខ្លួនឯង ជាកីឡាករ កីឡាការិនី ដែលត្រូវពង្រឹងសមត្ថភាពបន្ថែមឲ្យបានខ្លាំងជាងនេះ ដើម្បីឆ្ពោះទៅដណ្តើមមេដាយ នៅលើឆាកអន្តរជាតិ ជូនជាតិ ពិសេសការប្រកួតស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ នៅកម្ពុជា។
លោកឧត្តមសេនីយ៍ឯក លី កុសល បានថ្លែងនៅក្នុងពិធីបិទ ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ឯកឧត្តមប្រធានសហព័ន្ធ លើកទី៥ នៅទីលានវាយសីពហុកីឡដ្ឋានជាតិ កាលពីល្ងាចថ្ងៃអាទិត្យថា៖ «គោលបំណងដែលសហព័ន្ធរៀបចំការប្រកួតនេះឡើង គឺដើម្បីជ្រើសរើសយកថ្នាលល្អៗ មកបង្កើនជំនាញ ត្រៀមលក្ខណៈ និងលើកកម្ពស់ ពង្រឹងសមត្ថភាពអត្តពលិកពី ១ ថ្ងៃ ទៅ ១ ថ្ងៃ ឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឈានទៅយកមេដាយមាសឲ្យបាន ពេលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣»។
លោកបានបន្ថែមថា៖ «សហព័ន្ធកីឡាវាយសីកម្ពុជា បានខិតខំជំរុញការហ្វឹកហាត់ និងការប្រកួតឲ្យបានច្រើន ក្នុង ១ ឆ្នាំៗ ដូច្នេះកីឡាករ កីឡាការិនីជយលាភីទាំងឡាយ កុំអបអរសាទរនឹងជ័យជម្នះភ្លេចខ្លួន គឺត្រូវខិតខំសម្រួចជំនាញជាបន្តទៀត ដើម្បីរក្សាសមិទ្ធផលដែលទទួលបាន និងឈានទៅយកមេដាយក្នុងព្រឹត្តិការណ៍ធំៗបន្ថែមទៀត ព្រោះទិសដៅរបស់យើង មិនមែនត្រឹមការដណ្តើមមេដាយ នៅក្នុងស្រុកនោះទេ គឺការដណ្តើមមេដាយនៅលើឆាកអន្តរជាតិជូនប្រទេសជាតិរបស់យើង»។
សម្រាប់ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ឯកឧត្តមប្រធានសហព័ន្ធ លើកទី៥ ឆ្នាំ ២០១៩ ដែលបានបើកការប្រកួតកាលពីថ្ងៃសៅរ៍ និងបានបញ្ចប់កាលពីថ្ងៃអាទិត្យកន្លងមកនេះ គឺមានកីឡាករចំនួន ១១៧ នាក់ កីឡាការិនី ២២ នាក់ និងប្រតិភូ ៣៥ នាក់ មកពីក្លិបសមាគមចំនួន ១៨ នៅទូទាំងប្រទេស កម្ពុជា បានចូលរួមប្រកួតប្រជែងគ្នា។
អត្តពលិកទាំង ១៣៩ នាក់នេះ បានប្រកួតប្រជែងគ្នា នៅលើវិញ្ញាសា ចំនួន ៦ មានវាយគូបុរសពិសេសអាយុ ៣៣ ឆ្នាំឡើង វាយគូបុរសអាយុ ៥០ ឆ្នាំឡើង វាយគូបុរសពីអាយុ ៤០ ដល់ ៤៩ ឆ្នាំ វាយគូបុរសអាយុ ១៩ ឆ្នាំឡើង វាយគូបុរសអាយុក្រោម ១៨ ឆ្នាំ និងការប្រកួតវាយគូនារីមិនគិតអាយុ ហើយតាមរយៈការប្រកួតយ៉ាងស្វិតស្វាញក្នុងរយៈពេល ២ ថ្ងៃនេះ អត្តពលិករបស់ក្លិបវាយសីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ បានឈ្នះមេដាយមាស ៣ ក្នុងចំណោមមេដាយមាសសរុបទាំង ៦ ដើម្បីឈរនៅចំណាត់ថ្នាក់លេខ ១។
ចំណែកអត្តពលិករបស់ក្លិបវាយសីព្រះខ័នរាជ បានឈ្នះមេដាយមាស ១ ប្រាក់ ២ និងសំរឹទ្ធ ១ ដើម្បីឈរនៅលេខ ២ លើក្លិបវាយសីខេត្តកំពង់ឆ្នាំង ដែលឈ្នះបានមេដាយមាស ១ ប្រាក់ ១ រីឯក្លិបវាយសីពហុកីឡដ្ឋានជាតិ ឈ្នះបានមាស ១ សំរឹទ្ធ ១ ក្លិបខេត្តមណ្ឌលគិរី ឈ្នះបានមាស ១ ក្លិបខេត្តប៉ៃលិន ឈ្នះបានប្រាក់ ១ សំរឹទ្ធ ២ ក្លិបខេត្តកំពង់ចាម បានប្រាក់ ១ សំរឹទ្ធ ១ ក្លិបខេត្តរតនគិរី បានប្រាក់ ១ និងក្លិបវាយសីរាជធានីភ្នំពេញ ឈ្នះបានមេដាយសំរឹទ្ធ ១។
ជាមួយការប្រកួតនេះ គណៈកម្មការបច្ចេកទេសរៀបចំការប្រកួតនេះ បានវាយតម្លៃជារួមថា៖ «សម្រាប់ការប្រកួត ២ ថ្ងៃនេះ យើងទទួលបានការសហការល្អពីប្រធានប្រតិភូ គ្រូបង្វឹក និងអត្តពលិកទាំងអស់ ដោយពួកគាត់បានបញ្ចេញអស់នូវកម្លាំងកាយចិត្ត ព្រមទាំងគោរពវិន័យ និងបទបញ្ជាបច្ចេកទេស ក្នុងការប្រកួតបានត្រឹមត្រូវ ហើយអាជ្ញាកណ្តាលចៅក្រម បានកាត់សេចក្តីដោយប្រកាន់ខ្ជាប់នូវយុត្តិធម៌ មិនលម្អៀង ដែលធ្វើឲ្យការប្រកួតនេះ ប្រព្រឹត្តទៅបានរលូន និងបានបញ្ចប់ដោយជោគជ័យ»៕