ក្រុង​ទុយ​រីន: ក្លិប​ម្ចាស់​ជើង​ឯក​អ៊ី​តាលី Juventus បាន​ដាក់​សំណើ​ដេញ​ថ្លៃ​មួយ​ក្នុង​ទឹក​ប្រាក់​ ​១០០ ​លាន​អឺ​រ៉ូ (ស្មើ​នឹង​ ១១៦,៦ ​លាន​ដុល្លារ​អាមេរិក) សម្រាប់​តា​រាឆ្នើម Real Madrid របស់​ក្លិប Real Madrid​។ នេះ​បើយោង​ទៅ​តាម​បណ្តាញ​សារ​ព័ត៌​មាន​ កាល​ពី​ថ្ងៃ​ពុធ​។

ខ្សែ​ប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​រូបនេះ ដែលក្រុម​ជម្រើស​ជាតិ​ ព័រ​ទុយ​ហ្គាល់ ​របស់​គេ​បាន​ធ្លាក់​ចេញពី World Cup វគ្គ​១៦ក្រុម​ចុងក្រោយ ក្រោមស្នា​ដៃ​ក្រុម​អ៊ុយ​រូ​ហ្គាយ កាល​ពី​ថ្ងៃ​សៅរ៍​នោះ បាន​បង្ហើប ក្រោយ​ពី​ក្រុម​ខ្លួន​យកឈ្នះ​លើ​ក្រុម Liverpool ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ​ថា រូប​គេ​​កំពុង​តែ​ពិចារ​ណា​លើ​ការ​ចាក​ចេញពី​កីឡដ្ឋាន Santiago Bernabeu​​​។

ការ​សែត​កីឡា​ប្រចាំ​ថ្ងៃ Marca បាន​​ចេញ​ផ្សាយ​ព័ត៌​មានា Ronaldo កំពុង​តែ​ស្វែង​រក​ផ្ទះ​មួយ​កន្លែង​នៅ​ទីក្រុង Turin ក្រោយពី​បណ្តាញ​សារ​ព័ត៌​​មាន​អ៊ី​តាលី បាន​ចេញ​ផ្សាយ​មុន​​នោះ​បន្តិច​ថា សំណើ​ដេញ​ថ្លែ​មួយ​ត្រូវ​បាន​ដាក់​ដោយក្លិប Juventus​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​​ព័រ​ទុយ​ហ្គាល់ Cristiano Ronaldo (ឆ្វេង) ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ផ្ទេរ​ពី​ក្លិប Real Madrid ទៅ​កាន់ Juventus​។ AFP

Ronaldo ម្ចាស់​ពាន​បាល់​មាស Ballon d''Or ៥សម័យ​កាល គឺ​ជា​អ្នក​រក​បាន​​គ្រាប់​បាល់​ច្រើន​ជាង​គេ​​តាម​រយៈ​ការរក​បាន​៤៥០​គ្រាប់ និង​​ត្រូវ​បាន​កោត​សរសើរ​ដោយ​អ្នក​គាំទ្រ​របស់ Juventus កាល​ពី​រដូវកាល​មុន ក្រោយពី​​រក​បាន​គ្រាប់​បាល់​ពី​​ការ​ស៊ុត​បក​រំលង​ក្បាល ក្នុង​​ការ​ប្រកួត Champions League វគ្គ​៨​ក្រុម​ចុងក្រោយ នា​កីឡដ្ឋាន Juventus​។

កាល​ពី​ថ្ងៃ​ពុធ​​ដដែល​ ក្លិប Real Madrid បាន​សម្រេច​បង្ហោះ​សេចក្តី​ថ្លែង​ការណ៍​ជាផ្លូវ​ការ​មួយ នៅ​លើ​គេហ​ទំ​ព័រ​របស់​ពួក​គេ ដើម្បី​ បដិ​សេធ​ចំពោះ​ព័ត៌​មាន​ថា ពួក​គេ​បាន​ដាក់​សំណើ​ដេញ​ថ្លៃ​ជា​កំណត់​ត្រា​ពិភព​លោក សម្រាប់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Kylian Mbappe របស់​ក្លិប Paris Saint-Germain ក្រោយពី​​​តារាឆ្នើម​វ័យ​ ១៩​​ ឆ្នាំ​រូបនេះ បាន​បង្ហាញពី​ទម្រង់​លេង​យ៉ាងល្អ​ក្នុង​ពេល​ក្រុម​បារាំង យក​ឈ្នះ​លើ​ក្រុម​អា​ហ្សង់ទីន ក្នុង​ការប្រកួត​ World Cup​៕ IS