ភ្នំពេញៈ ប្រភេទ​កីឡា​​របស់​កម្ពុជា​ចំនួន​ ៦ ​មាន​តេក្វាន់ដូ ITF បាល់ទាត់ គុនល្បុក្កតោ ជឺជិតស៊ូ កីឡា​សូហ្វតិន្នីស និង Kickboxing សុទ្ធតែ​បាន​បង្កើត​ប្រវត្តិសាស្រ្ត​ថ្មី សម្រាប់​ការ​បង្ហាញ​ខ្លួន នៅ​លើ​ឆាក​អន្តរជាតិ ក្នុង​ឆ្នាំ​ ២០១៩ ចំណែក​ប្រភេទ​កីឡា​មាន​សក្តានុពល​ចំនួន​ ៣ ទៀត មាន​ប៉េតង់ តេក្វាន់ដូ (WTF) និង វ៉ូវីណាម ក៏​បាន​បន្ត​ភាព​ខ្លាំង តាម​រយៈ​ការ​ឈ្នះ​បាន​មេដាយ​មាស ជូន​ប្រទេស​ជាតិ នៅ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម និង​ការ​ប្រកួតជើង​ឯក​ពិភពលោក​ផងដែរ។

ចំពោះ​សមិទ្ធផល ដែល​ទទួល​បាន កាល​ពី​ឆ្នាំ​ ២០១៩ ត្រូវ​បានអ្នក​ជំនាញ​វាយ​តម្លៃ​ជារួម​ថា វិស័យ​​កីឡា​របស់​កម្ពុជា មានការ​រីក​ចម្រើន ដោយ​វិជ្ជមាន ហើយ​កំពុង​តែ​រុញ​ទៅ​មុខ និង​មាន​សង្ឃឹម​ក្នុង​ការ​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​ផ្ទះស៊ីហ្គេម លើក​ទី​ ៣២ ឆ្នាំ​ ២០២៣។

តាម​រយៈការ​ធ្វើ​សកម្ម​ភាព និង​ការ​ប្រកួត ​នៅ​លើ​ឆាក​អន្តរជាតិ ប៉េតង់ បាន​ក្លាយ​ជា​ប្រភេទ​កីឡា ដែល​មាន​ភាព​លេចធ្លោ​ខ្លាំង​ជាង​គេ ក្នុង​ការ​ប្រមាញ់​យក​មេដាយ​មាស​ជូន​ប្រទេស​ជាតិ ទាំង​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម ជើង​ឯក​ពិភព​លោក និង​ជើងឯក​អាស៊ី ដែល​ត្រូវ​បាន​ធ្វើ​ឡើង កាល​ពី​ឆ្នាំ​ ២០១៩ ព្រោះ​ការ-​ប្រកួត​ស៊ីហ្គេម លើក​ទី​ ៣០ នៅ​​ហ្វីលីពីន ឆ្នាំ​ ២០១៩ ក្រុម​ប៉េតង់ បាន​​បន្តឈ្នះ​បាន​មេដាយ​មាស​ ១ និង​ប្រាក់​ ១ ជូន​កម្ពុជា។

បន្ថែម​លើ​នេះ ក្រុម​ប៉េតង់ ក៏​បាន​បន្ត​ឈ្នះ​មេដាយ​មាស ១ និង សំរឹទ្ធ​ ១ នៅ​ក្នុង​ការ​ប្រកួត​ជើងឯក​ពិភព​លោក ដែល​ត្រូវ​បាន​ធ្វើ​ឡើង នៅ​ប្រទេស​កម្ពុជា ផងដែរ។

វីរ​កីឡាការិនី កែ ឡេង ជា​អ្នក​ឈ្នះ​បាន​មេដាយ​មាស​នេះ លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ ហើយ​ការ​ឈ្នះ​មេដាយ​មាស ជា​លើក​ទី​ ៤ ជាប់ៗ​គ្នា​នេះ ធ្វើ​ឲ្យ​អ្នកស្រី ទទួល​បាន​ការ​បំពាក់​ស័ក្តិ​ថ្នាក់​ឧត្តម​សេនីយ៍ទោ (ផ្កាយ ២) កាល​ពី​ថ្ងៃទី​ ៣០ ខែធ្នូ ផងដែរ។ លើស​ពីនេះ​ ក្រុម​ប៉េតង់​ បាន​បន្តឈ្នះ​មេដាយ​មាស​ ៤ ប្រាក់​ ១ និង​សំរឹទ្ធ​ ១ ពីការ​ប្រកួត​កីឡា​ប៉េតង់​ជើង​ឯក​អាស៊ី លើក​ទី​ ៣ ឆ្នាំ​ ២០១៩ នៅ​​វៀតណាម​ផងដែរ។

ដោយ​ឡែក វីរកីឡាការិនី​តេក្វាន់ដូ (WTF) ស៊ន សៀវម៉ី នៅ​តែ​បន្ត​ឈ្នះ​បាន​មេដាយ​មាស នៅ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម ហើយ​ជ័យ​ជម្នះ​បាន​ធ្វើ​ឲ្យ​កញ្ញា ក្លាយជា​អត្តពលិក​របស់​កម្ពុជាដ៏​លេច​ធ្លោម្នាក់ ដែល​រក្សា​ការ​ឈ្នះ​​មេដាយ​មាស បាន​ ៣ លើក​ជាប់ៗ​គ្នា នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នេះ។

ល្បុក្កតោ និង ជឺជិតស៊ូ បង្កើត​កំណត់ត្រា​ឈ្នះ​មេដាយ​មាស នៅ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម

យ៉ាង​ណា​មិញ ក្រុម​អត្តពលិក​ល្បុក្កតោ និង​កីឡា​ជឺជិតស៊ូ សុទ្ធ​តែ​បាន​បង្កើត​ប្រវត្តិសាស្រ្ត​ថ្មី ក្នុង​ការ​ដណ្តើម​បាន​មេដាយ​មាស​ឲ្យ​កម្ពុជា នៅ​​ស៊ីហ្គេម។ បើ​ទោះ​បីជា​ប្រភេទ​កីឡា​ទាំង​ ២ ​នេះ ទើប​តែ​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​រួម​ប្រកួត​ស៊ីហ្គេម ជា​លើក​ដំបូង ប៉ុន្តែ​កីឡាករ​ល្បុក្កតោ យ៉ង់ ម៉េងលី ​បាន​ឈ្នះ​មេដាយ​មាស​ឲ្យ​កម្ពុជា បាន​មុន​គេ ក្នុង​ការ​ប្រកួត​កីឡា Arnis របស់​ម្ចាស់​ផ្ទះ​ហ្វីលីពីន ហើយ​ក្រុម​ល្បុក្កតោ ក៏​បាន​ឈ្នះ​មេដាយ​ប្រាក់​ ២ និង​សំរឹទ្ធ​ចំនួន​ ១៧ ​ទៀត​ផងដែរ។

ចំណែក​វីរ​កីឡាការិនី ខាន់ ចេសា ​ដែល​ធ្លាប់​បាន​ឈ្នះ​មេដាយ​មាស ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នោះ ​បាន​ក្លាយ​ជា​បេក្ខភាព​​របស់​កីឡា ជឺជីតស៊ូ តែ​ម្នាក់​គត់ ដែល​ឈ្នះ​បាន​មេ​ដាយ​​មាស ស៊ីហ្គេម ឆ្នាំ​ ២០១៩​។

ជាមួយ​គ្នា​នេះ សូហ្វតិន្នីស និង Kickboxing បាន​ក្លាយជា​ប្រភេទ​កីឡា​ថ្មី ដែល​បាន​បង្កើត​ប្រវត្តិសាស្រ្ត​ថ្មី ក្នុងការ​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​ឲ្យ​កម្ពុជា សម្រាប់​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង ក្នុង​ព្រឹត្តិការណ៍​នេះ ដោយ​ក្នុង​នោះ ក្រុម​សូហ្វតិន្នីស​កម្ពុជា ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​ចំនួន​ ២ ហើយ Kickboxing ឈ្នះ​បាន​មេដាយ​សំរឹទ្ធ ៣។

ការ​​ប្រកួត​ជម្រុះ​តាម​ពូល​របស់​ក្រុម​U22កម្ពុជា ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ហ្វីលីពីន នៅក្នុង​ស៊ីហ្គេម កាលឆ្នាំ​២០១៩។ រូបថត AFP

ក្រុម​បាល់ទាត់ និង​តេក្វាន់ដូ ITF សុទ្ធ​តែ​​បាន​បំបែក​កំណត់ត្រា​ប្រវត្តិសាស្រ្ត ដើម្បី​លុប​បំបាត់​ការ​រង់ចាំ

ដោយ​ឡែក ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា ​បាន​​បំបែក​កំណត់​ត្រា​ប្រវត្តិសាស្រ្ត គឺ​ការ​ប្រជែង​បាន​ឡើង​ទៅ​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុងការ​ប្រកួត​ស៊ីហ្គេម ជា​លើក​ដំបូង បន្ទាប់​ពី​ពួកគេ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ ៥៨ ​ឆ្នាំ ប៉ុន្តែ​ពួកគេ​ដណ្តើម​មិន​បាន​មេដាយ​ទេ ខណៈ​ក្រុម​ U22 ​កម្ពុជា បាន​ចាញ់​ក្រុម​វៀតណាម ៤-០ និង​បន្ត​ចាញ់​ក្រុម​មីយ៉ាន់ម៉ា ដោយការ​ទាត់បាល់​ប៉េណាល់​ទី ៥-៤ ក្នុង​ការ​ប្រកួត​ដណ្តើម​យក​លេខ​ ៣ ឬ​មេដាយ​សំរឹទ្ធ​នោះ។

ចំណែក​ក្រុម​តេក្វាន់ដូ ITF កម្ពុជា បាន​ឈ្នះ​មេដាយមាស ពី​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក ជា​លើក​ដំបូង ​ក្រោយ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាង​ ២៥ ​ឆ្នាំ។

កីឡាករ ប៉ាល់ ជីវ័ន គឺ​ជា​អ្នក​ឈ្នះ​មេដាយមាស ជា​ប្រវត្តិសាស្រ្ត ពី​ការ​ប្រកួត World Taekwon-do ITF Championship នៅ​​ប្រទេស​ ប៊ុលហ្គារី កាល​ពី​ខែ​កញ្ញា​នោះ ហើយ​​ក្រុម​តេក្វាន់ដូ ITF ក៏​ដណ្តើម​បាន​មេដាយ​ប្រាក់ ២ និង​សំរឹទ្ធ ២ ទៀត​ផងដែរ។

ទន្ទឹង​ជាមួយ​គ្នា​នេះ ក្រុម​អត្តពលិក​វ៉ូវីណាម​កម្ពុជា បាន​ឈ្នះ​មេដាយ​មាស​រហូត​ដល់​ ៩ រួម​ជាមួយ​មេដាយ​ប្រាក់​ ១០ និង​សំរឹទ្ធ​ ១២ សម្រាប់​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​ វ៉ូវីណាម​ជើង​ឯក​ពិភព​លោក ជា​លើក​ដំបូង កាល​ពី​ខែ​ធ្នូ។ រីឯ​កីឡាករ​ម៉ូតូទឹក​កម្ពុជា សាលី អ៊ូមើត បាន​​បន្ត​ឈ្នះ​តំណែង​ជើង​ឯក នៅ​ក្នុងការ​ប្រកួត​កីឡា​ម៉ូតូ​ទឹកជើងឯក​​ពិភព​លោក នៅប្រទេស​ថៃ។

ចំណែក​កីឡាការិនីស្នូកឃ័រ ​ស្រួង ភាវី​ និង​​ក្រុម​អត្តពលិក​កីឡា​រាំ​កម្ពុជា ​ដណ្តើម​បាន​មេដាយ​មាស នៅ​ក្នុង​ការ​កម្រិត​អាស៊ី​ដូច​គ្នា ខណៈ​ប្រភេទ​កីឡា​មួយចំនួន​ទៀត ក៏​​បាន​ឈ្នះ​មេដាយ ពីការ​ប្រកួត​ស៊ីហ្គេម ជើងឯក​​អាស៊ី និង​អាស៊ាន​ផងដែរ ហើយ​លទ្ធផល​ទាំង​នេះ ត្រូវបាន​អ្នក​ជំនាញ​វាយ​តម្លៃ​ថា វិស័យ​កីឡា​កម្ពុជា ក្នុង​ឆ្នាំ​ ២០១៩ មាន​ផល​វិជ្ជមាន​ឆ្ពោះ​ទៅ​មុខ​គួរ​ឲ្យ​កត់សម្គាល់។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃពុធ​ថា៖ «តាម​ការ​វាយ​តម្លៃ គឺ​ក្នុង​ឆ្នាំ ២០១៩ យើង​ឃើញ​កម្រិត​បច្ចេក​ទេស​​មាន​ការ​រីក​ចម្រើន និង​លេចធ្លោ ទៅ​លើ​ប្រភេទ​កីឡា​មួយ​ចំនួន​ធំ ដោយ​សារ​យើង​មាន​ការ​ប្រកួត​នៅ​ក្រៅ​ប្រទេស និង​​មាន​លទ្ធផល​ជយលាភី​ច្រើន ហើយ​ការ​ប្រកួត​កម្រិត​ពិភព​លោក ទាំង​តេក្វាន់ដូ ITF ប៉េតង់ និង វ៉ូវីណាម ឃើញ​មាន​ការ​រីក​ចម្រើន»។

លោកវ៉ាត់ ចំរើន ដែល​ជា​អគ្គលេខា​របស់ CAMSOC ផង​នោះ​បន្ត​ថា៖ «ចំណែក​លទ្ធផល​ការ​ប្រកួត​ស៊ីហ្គេម គឺ​ចំនួន​មេដាយ យើង​ដណ្តើម​បាន​ គឺ​ច្រើន​ជាង​ការ​ប្រកួត​មុនៗ​ទាំង​អស់ គឺ​មាស​ ៤ ប្រាក់​ ៦ និង​សំរឹទ្ធ​ ៣៦ ដែល​នេះ​ជា​សញ្ញាណ​ល្អ។ ចំណែក​ហេដ្ឋា​រចនា​សម្ព័ន្ធ គឺ​ប្រមុខ​រាជ​រដ្ឋាភិបាល បាន​ទៅ​ពិនិត្យ និង​សម្រេច​ការ​សាងសង់​ជា​គ្រោង​ឆ្អឹង និង​ដាក់​ផ្គុំ​កៅ​អី​ចុង​ក្រោយ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតតេជោ ដែល​នេះ​​ជា​និមិត្ត​រូប​នៃ​ភាព​ជឿនលឿន ហើយ​ការ​រាប់​ថយ​ក្រោយ និងការ​កំណត់​ថ្ងៃ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ក៏​បាន​ធ្វើ​វេទិកាជាតិ និង​ផ្សព្វ​ផ្សាយ​រួច​មក​ហើយ អ៊ីចឹង​ឃើញ​ថា អ្វីៗ​មាន​ភាព​រលូន និង​ដើរ​ទៅ​មុខ​ល្អ»។

អ្នក​ជំនាញ​កីឡា​រូបនេះ បាន​បញ្ជាក់​ថា៖ «សម្រាប់​ការ​វាយ​តម្លៃ​ចុង​ក្រោយ គឺ​ទាំង​បច្ចេក​ទេស និង​​ការងារ​រដ្ឋបាល​កីឡា មាន​ការ​ជឿនលឿន ចំណែក​ការ​បំផុស​ចលនា​ឲ្យ​មាន​ការ​គាំ​ទ្រ​ពី​មហាជន ក៏មាន​ការ​ផុសផុល​ខ្លាំង ដោយ​ក្នុង​នោះ​កីឡា​បាល់​ទាត់ មាន​ការ​រីក​លូតលាស់​ខ្លាំង និង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន ព្រោះ​ទាំង​ក្រុម U18 ក៏បាន​ឈ្នះ​ថៃ ឯ​ក្រុម​ U22 ក៏​បានឡើង​ទៅដល់​វគ្គ ១/២ ​ផ្តាច់​ព្រ័ត្រ នៅ​ស៊ីហ្គេម ដែល​ជា​រឿង​ភ្ញាក់ផ្អើល និង​បាន​ទាញ​អារម្មណ៍​​ប្រភេទ​កីឡា​ផ្សេងៗ​ទៀត​ឲ្យ​មើល​ឃើញ​ថា វិស័យ​កីឡា​របស់​យើង មាន ការ​រីក​ចម្រើន ដោយ​កំពុង​តែ​រុញ​ទៅ​មុខ​និង​មាន​សង្ឃឹម​ក្នុង​ការ​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​ផ្ទះការ​ប្រកួត​ស៊ីហ្គេម លើក​ទី​ ៣២ ឆ្នាំ​ ២០២៣»៕