ភ្នំពេញ៖ ​​ក្រុម​អត្តពលិក​ប្រដាល់​គុន​ខ្មែរ ដែល​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន រំពឹង​ថា អាច​បន្ត​ដណ្តើម​បាន​មេដាយ​មាស នៅ​ស៊ីហ្គេម​នោះ ​នឹង​ចាប់​ប្រកួត​លើ​ប្រភេទ​កីឡា Muay ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី ​៣០ ឆ្នាំ ​២០១៩ ​នៅ​ប្រទេស ​ហ្វីលីពីន នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ុន្តែ​ ឃីម ឌីម៉ា ដែល​​មាន​បញ្ហា​របួស​ជាប់​ខ្លួន​នោះ មិន​បាន​ទៅ​ចូលរួម​ប្រកួត​ការពារ​មេដាយ​មាស​ ដែល​រូប​គេ​ដណ្តើម​បាន​កាល​ស៊ីហ្គេម ​ឆ្នាំ ​២០១៧ នោះ​ទេ។

តាមរយៈ​ការ​ចាប់​ឆ្នោត​ផ្គូរផ្គង​ទៅ​តាម​ប្រភេទ​ទម្ងន់​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ កីឡាករ​ជើង​ខ្លាំង និង​ជា​ម្ចាស់​មេដាយ​សំរឹទ្ធ ឡៅ ចិត្រ្តា និង​កីឡាការិនី សំ ថារ័ត្ន នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​មុន​គេ គឺ​នៅ​រសៀល​ម៉ោង ​២ ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ក្នុង​នោះ ចិត្ត្រា ត្រូវ​ប៉ះ​កីឡាករ​ឡាវ Soubinh Banxadeth ហើយ សំ ថារ័ត្ន ត្រូវ​ជួប​កីឡាការិនី វៀតណាម Bui Yen Ly ក្នុង​ទម្ងន់ ​៥៤ ​គីឡូក្រាម។

ការ​ចាប់​ឆ្នោត​ប៉ះ​កីឡាករ​របស់​ឡាវ Soubinh Banxadeth សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម ​ក្នុង​វគ្គ ​៨ ​នាក់​ លើ​ប្រភេទ​ទម្ងន់ ​៦៣,៥ ​គីឡូក្រាម​នេះ វា​​បាន​ក្លាយ​ជា​ក្តី​សង្ឃឹម​មួយ​ផង​ដែរ ចំពោះ ឡៅ ចិត្ត្រា ក្នុង​ការ​ដណ្តើម​បាន​ជ័យជម្នះ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ព្រោះ Soubinh Banxadeth ម្នាក់​នេះ​ធ្លាប់​បាន​សន្លប់​ក្រោម​ជង្គង់​របស់ ចិត្ត្រា ត្រឹម​ទឹក​ទី ​២ ​ម្តង​ហើយ សម្រាប់​ការ​ជួប​គ្នា​នៅ​លើ​សង្វៀន CNC កន្លង​មក​នេះ។

ជាមួយ​គ្នា​នេះ កីឡាករ​វ័យ​ក្មេង​របស់​កម្ពុជា ហ៊ីម គឹមរៀង ដែល​ប្រកួត​ក្នុង​ទម្ងន់ ​៤៨ ​គីឡូ​ក្រាម​នោះ ​​មាន​មេដាយ​សំរឹទ្ធ នៅ​ក្នុង​ដៃ ទាំង​មិន​ទាន់​ប្រកួត ខណៈ​រូប​គេ​ចាប់​ឆ្នោត​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ​​នោះ។ យ៉ាង​ណា​ក៏​ដោយ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដែល​នឹង​ត្រូវ​​ប្រកួត​នៅ​រសៀល​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ គឹមរៀង ត្រូវ​​ប្រឈម​ជាមួយ​​កីឡាករ​ថៃ ដែល​ចាប់​ឆ្នោត​បាន​​ឡើង ដោយ​ស្វ័យប្រវត្តិ​ដូច​គ្នា។

ចំណែក​កីឡាករ​ជា​ម្ចាស់​មេដាយ​សំរឹទ្ធ វ៉ាន់ វឿន ដែល​ប្រកួត​ក្នុង​ទម្ងន់ ​៥៤ ​គីឡូក្រាម និង​កីឡាករ តាញ់ មករា ដែល​ប្រកួត ក្នុង​ប្រភេទ​ទម្ងន់ ​៥៧ ​គីឡូក្រាម​នោះ មិន​មាន​វាសនា​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយ​មិន​ចាំបាច់​ប្រកួត​ដូច​ ហ៊ីម គឹមរៀង នោះ​ឡើយ គឺ​អ្នក​ទាំង ​២ សុទ្ធ​តែ​ចាប់​ឆ្នោត​ប៉ះ​គូ​ប្រកួត​ដែល​មាន​សមត្ថភាព​ខ្លាំង មិន​អាច​មើល​រំលង​បាន​ដូច​គ្នា។

តាមរយៈ​ការ​ចាប់​ឆ្នោត​នោះ តាញ់ មករា ត្រូវ​ជួប​កីឡាករ​ឡាវ Kay Ketnouvong ដែល​មាន​ភាព​ជោគជាំ​ខ្លាំង​ក្នុង​ការ​ប្រកួត​នៅ​លើ​សង្វៀន​របស់​ថៃ ហើយ​គេ​ម្នាក់​នេះ​​មាន​​ក្បាច់​ម៉ាត់​ និង​ទាត់​ចេញ​បាន​ល្អ ពិសេស​គេ​មាន​ជំនាញ​ប្រើ​ជង្គង់​ដូច​ តាញ់ មករា ដែរ ហេតុ​នេះ​ការ​ជួបគ្នា​រវាង​អ្នក​ទាំង ​២ ដែល​គ្រោង​ធ្វើ​នៅ​សុក្រ​ស្អែក​នេះ អាច​នឹង​មាន​ភាព​តានតឹង​ខ្លាំង។ ចំណែក វ៉ាន់ វឿន ត្រូវ​ជួប​អ្នក​ប្រដាល់​មាន​ភាព​រឹងមាំ​របស់​វៀតណាម Ngueyn Quang Huy ហើយ​អ្នក​ទាំង ​២ ​នេះ ត្រូវ​ប្រកួត​គ្នា​នៅ​រសៀល​ម៉ោង ​២ ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​ដែរ។

គួរ​រំឭក​ថា សម្រាប់​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង ក្នុង​​ស៊ីហ្គេម​នៅ​ម៉ាឡេស៊ី កាល​ពី​ឆ្នាំ ​២០១៧ ក្រុម​ប្រដាល់​គុន​ខ្មែរ​ដណ្តើម​បាន​មេដាយ​មាស ​១ ប្រាក់ ​១ និង​សំរឹទ្ធ ​២ ប៉ុន្តែ​ទាំង​អ្នក​ដណ្តើម​បាន​មេដាយ​មាស ឃីម ឌីម៉ា និង​អ្នក​ឈ្នះ​បាន​មេដាយ​ប្រាក់ ម៉ឺន សុភា សុទ្ធ​តែ​មិន​បាន​ចូលរួម​ប្រកួត​ក្នុង​ស៊ីហ្គេម​លើក​នេះ។

យ៉ាង​ណា​ក៏​ដោយ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​តែ​​ផ្តល់​ភាព​ជឿជាក់​ខ្លាំង ទៅ​លើ​ប្រដាល់​គុន​ខ្មែរ ក្នុង​ការ​ដណ្តើម​បាន​មេដាយ​មាស ជូន​ប្រទេស​ជាតិ។ លោក ហ៊ុន សែន បាន​ថ្លែង​ នៅ​ពេល​លោក​បាន​អនុញ្ញាត​ឲ្យ​​ក្រុម​ប្រតិភូ​កីឡា​ស៊ីហ្គេម ចូល​ជួប​សម្តែង​ការ​គួរសម​កាល​ពី​ថ្ងៃទី ​១៨ ខែ​វិច្ឆិកា ថា៖ ​«នៅ​ក្នុង​ចំណោម​ប្រភេទ​កីឡា ដែល​ត្រូវ​ឲ្យ​ទៅ​ចូលរួម​ប្រកួត​ស៊ីហ្គេម​លើក​នេះ ខ្ញុំ​សង្ឃឹម​ច្រើន​ទៅ​លើ​ពួក​​វ៉ៃ​បុក ក្នុង​ការ​​ទៅ​ដណ្តើម​បាន​មេដាយ ​មាស ប្រាក់ និង​សំរឹទ្ធ»៕