ភ្នំពេញៈ ក្រុម​អត្តពលិក​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ព្រមទាំង​គ្រូបង្វឹក និង​គ្រូ​ជំនួយ​មកពី​សហព័ន្ធ​កីឡា​ជាតិ​ចំនួន​ ៣៤ នឹង​ត្រូវ​ចូល​ជំរំ​ហ្វឹកហាត់​ក្នុង​ការប្រមូល​ផ្តុំ​រយៈពេល​ ៧ ​ខែ​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ២៦ ខែ​មេសា​នេះ​នឹង​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​ ២៥ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ ហើយ​មន្ត្រី​ជំនាញ​កីឡា​បាន​អះអាង​តាម​ផែនការ​ថា កីឡាករ ឬ​កីឡាការិនី​ម្នាក់​អាច​លេង​បាន​តែ​ ១ ​ជំនាញ ឬ​ ១ ​ប្រភេទ​កីឡា​ប៉ុណ្ណោះ ដើម្បី​សម្រួច​សមត្ថភាព​បច្ចេកទេស​ទៅ​ដណ្តើម​មេដាយ​ស៊ីហ្គេម​ឲ្យ​ទទួល​បាន​លទ្ធផល​ខ្ពស់​។

លោក ប៉ុន សុខ នាយក​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា​៖ «​ការប្រមូលផ្តុំ​ក្រុម​កីឡា​ជម្រើសជាតិ​ប្រចាំ​ឆ្នាំ​ ២០១៩ នឹង​ចាប់ផ្តើម​ដោយ​មាន​កំណែទម្រង់​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស​ក្នុង​គោលបំណង​អប់រំ​បណ្តុះបណ្តាល​ឆ្ពោះ​ទៅ​រក​ជោគជ័យ​ក្នុង​ការប្រកួត​កីឡា​ស៊ីហ្គេម ហើយ​តាម​គោលការណ៍​ថ្នាក់ជាតិ អត្តពលិក​គ្រប់​ប្រភេទ​កីឡា​ទាំងអស់​គឺ​ក្នុង​ម្នាក់ៗ​អនុញ្ញាត​ឲ្យ​លេង​តែ​មួយ​ប្រភេទ​កីឡា​ប៉ុណ្ណោះ តែ​បើ​ប្រភេទ​កីឡា​តែ​មួយ​អាច​លេង​បាន​ ២ ឬ​ ៣ ​វិញ្ញាសា​ទៅ​តាម​លក្ខខណ្ឌ​បច្ចេកទេស​កំណត់​»​។

លោក​ថា​សហព័ន្ធ​កីឡា​ជាតិ​ត្រូវ​អនុវត្ត​ឲ្យ​បាន​នូវ​គោលការណ៍ «​កីឡាករ​ម្នាក់​ជំនាញ​ពិសេស​ ១» ក្នុង​នោះ​សហព័ន្ធ​កីឡា​ជាតិ គ្រូបង្វឹក អត្តពលិក​ត្រូវ​រៀបចំ​តម្រង់ទិស​ជំនាញ​ដោយ​អត្តពលិក​ម្នាក់​ត្រូវ​ជ្រើសរើស​ប្រភេទ​កីឡា​តែ​ ១ ​មុខ ហើយ​អត្តពលិក​ម្នាក់ៗ​ត្រូវ​កំណត់​ដុសខាត់​សម្រួច​ឯកទេស​ជំនាញ​នៃ​ទេពកោសល្យ​បច្ចេកទេស​ក្នុង​តួនាទី​ជំនាញ​ច្បាស់លាស់​។ ការសម្រួច​ឯកទេស​បែប​នេះ​គឺ​ដើម្បី​ធ្វើឲ្យ​មាន​ក្ដីសង្ឃឹម​នៃ​ការដណ្ដើម​មេដាយ​ក្នុង​ការប្រកួត​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ ទទួល​បាន​ជោគជ័យ​តាម​ផែនការ​កីឡា​របស់​ជាតិ​។

លោក ប៉ុន សុខ លម្អិត​ថា​៖ «​ឆ្នាំ​នេះ​ក្រុម​ជម្រើសជាតិ​មាន​ចំនួន​ ៥០៤ ​នាក់​មកពី​ ៣៤ ​សហព័ន្ធ​កីឡា​ជាតិ​ក្នុង​នោះ​មាន​គ្រូបង្វឹក​ ៩០ ​នាក់​កីឡាករ​ ២៨៤ ​នាក់ និង​កីឡាការិនី​ ៩៣ ​នាក់​គឺ​កើន​លើស​ឆ្នាំ​មុន​ចំនួន​ ៤៤ ​នាក់ ហើយ​ការហូបចុក​ ស្នាក់នៅ ត្រូវ​ធ្វើ​តាម​បទដ្ឋាន​កីឡា​អន្តរជាតិ​ក្នុង​នោះ​ការហ្វឹកហាត់​ត្រូវ​ត្រួតពិនិត្យ​វាយតម្លៃ​ពី​គ្រូបង្វឹក និង​អនុរក្ស​ព្រម​ទាំង​ធ្វើ​តេស្ត​រយៈពេល​ ៣ ​ខែ​ម្តង​»​។

ទាក់ទង​ការប្រមូលផ្តុំ​នេះ​ដែរ​លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ធ្លាប់​មាន​ប្រសាសន៍​ថា​៖ «​ដើម្បី​អភិវឌ្ឍ​កីឡាករ​កម្រិត​ខ្ពស់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​គឺ​ត្រូវ​ឈរ​លើ​ទ្រឹស្ដី​វិទ្យាសាស្ដ្រ​កីឡា​ដែល​ទាមទារ​ឲ្យ​មាន​សកម្មភាព​ជាប្រចាំ​ក្នុង​ការហាត់​ហ្វឹកហ្វឺន និង​ចូលរួម​ប្រកួត​ឲ្យ​បាន​ច្រើន ហើយ​ត្រូវ​មាន​មូលដ្ឋាន​ហ្វឹកហាត់​លើ​គុណភាព​កម្លាំងកាយ បច្ចេកទេស​ស្មារតី​ដោយ​មាន​សាល និង​ឧបករណ៍​សម្ភារ​បង្កើន​គុណភាព​កម្លាំងកាយ​គ្រប់គ្រាន់​»​។

លោក​បញ្ជាក់​ថា​៖ «​កន្លងមក​មាន​កីឡាករ កីឡាការិនី​ខ្លះ​បាន​ហ្វឹកហាត់ និង​ចូលរួម​ប្រកួត​ទៅលើ​ប្រភេទ​កីឡា​ ២ ឬ​ ៣ ​ផ្សេងៗ​គ្នា​ដែល​មិន​បាន​សម្រួច​ចំគោលដៅ​ល្អ​។ មួយ​វិញ​ទៀត​អត្តពលិក​ខ្លះ​ចាប់​យក​វិញ្ញាសា​ច្រើន​ច្របូក​ច្របល់​គ្នា ពេល​ខ្លះ​ត្រូវ​ផ្លាស់ប្ដូរ​វិញ្ញាសា​ហ្វឹកហាត់​ជាច្រើន​ដង ឬ​ប្ដូរ​មុខងារ ក្នុង​ក្រុម​ច្រើនដង​នាំឲ្យ​និរន្ដរភាព​ជំនាញ និង​ពន្លឿន​គុណ​ផល​កីឡា​ធ្លាក់ចុះ​»​។

គួរ​បញ្ជាក់​ថា​ប្រភេទ​កីឡា​ទាំង​ ៣៤ ដែល​បាន​ដាក់​ឲ្យ​ប្រមូលផ្តុំ​នៅ​ឆ្នាំ​នេះ​មាន កីឡា ចំបាប់ ប៉េតង់ តេក្វាន់ដូ WTF ប្រដាល់​គុន​ខ្មែរ សីដក់ ជិះសេះ វាយ​កូនបាល់ ប្រដាល់សកល ជឺជីតស៊ូ បាល់ទះ​ (​ក្នុង​សាល ឆ្នេរ​ខ្សាច់​) អត្តពលកម្ម បាល់បោះ ហែលទឹក វូស៊ូ កាយសម្ព័ន្ធ ប្រណាំង​ទោចក្រយាន គុនដាវ សូហ្វតិន្នីស វាយកូនឃ្លី​លើ​តុ វាយសី ទ្រីយ៉ាត្លុង ទូក​ប្រពៃណី និង​អន្តរជាតិ យូដូ ទូកក្តោង វាយកូនគោល បាញ់​កាំភ្លើង កីឡារាំ វ៉ូវីណាម គុនល្បក្កតោ តេក្វាន់ដូ ITF សូរីនហ្ស៊ិកាំប៉ូ អុកចត្រង្គ និង​កីឡា​ម៉ូតូ​ទឹក​។ ដោយឡែក​ក្រុម​កីឡា​ជនពិការ​ក៏​មាន​ការប្រមូលផ្តុំ​ជា​ក្រុម​ជម្រើសជាតិ​ផង​ដែរ​៕